រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១ម៉ឺននាក់ កំពុងបន្តស្ថិតក្នុងជំរុំឃុំឃាំងដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយក្រុមឃឺដ (Kurds) ហើយថា ស្ថានភាពនេះ «មិនអាចរក្សាបន្តទៅទៀតបានឡើយ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងនៅឯពិធីបើកកិច្ចប្រជុំក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីដើម្បីបន្តកិច្ចប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មជនរដ្ឋអ៊ីស្លាម លោក Blinken បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្តជំរុញដល់ប្រទេសនានាដែលរួមមានប្រទេសជាសមាជិកចំនួន៧៨នៃក្រុមសម្ព័ន្ធភាពចម្រុះប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ឲ្យទទួលយកពលរដ្ឋរបស់ខ្លួនដែលបានចូលរួមប្រយុទ្ធជាមួយក្រុមនេះ។
លោក Blinken បានថ្លែងថា «ស្ថានភាពនេះ មិនអាចរក្សាបន្តទៅទៀតបានទេ។ វាមិនអាចកើតមានឡើងជារៀងរហូតនោះទេ។ សហរដ្ឋអាមេរិក បន្តជម្រុញដល់ប្រទេសនានាដែលរួមមានក្រុមសម្ព័ន្ធចម្រុះនៃដៃគូផងនោះ ឲ្យទទួលយកក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ស្តារនីតិសម្បទាពួកគេ ហើយក្នុងករណីដែលអាចអនុវត្តបាន ត្រូវកាត់ទោសពលរដ្ឋរបស់ខ្លួនដែលបានចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម»។
លោកបន្តថា ចំណុចសំខាន់មួយទៀត ក្នុងការយកឈ្នះក្រុមរដ្ឋអ៊ីស្លាមក្នុងរយៈពេលរហូតនោះ គឺតម្រូវឲ្យមានការដោះស្រាយការគំរាមកំហែងពីក្រុមនេះ នៅក្រៅប្រទេសអ៊ីរ៉ាក់និងស៊ីរី ជាពិសេស គឺនៅតំបន់ទ្វីបអាហ្វ្រិក។
ដោយមានឫសគល់ពីក្រុមអាល់កៃដា (al Qaeda) ក្រុមរដ្ឋអ៊ីស្លាម បានដណ្តើមកាន់កាប់ផ្នែកជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ចាប់តាំងពីឆ្នាំ២០១៤មក ដោយបានអនុវត្តនូវការគ្រប់គ្រងមួយពោរពេញទៅដោយភាពឃោរឃៅដោយមានការសម្លាប់កាត់ក្បាលជាសាធារណៈ និងធ្វើការវាយប្រហារនៅក្រៅប្រទេសដោយក្រុមគាំទ្ររបស់ខ្លួន។ គេបានប្រកាសថា ក្រុមរដ្ឋអ៊ីស្លាមនេះ ត្រូវបានបង្ក្រាបដោយកម្លាំងយោធាក្នុងឆ្នាំ២០១៧ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក បានចេញធ្វើសកម្មភាពឧទ្ទាមជាប្រចាំក្នុងផ្នែកភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងនៅតាមច្រករបៀងព្រំដែនជាមួយប្រទេសស៊ីរីជាដើម។
ប៉ុន្មានខែថ្មីៗនេះ ក្រុមនេះ បានធ្វើសកម្មភាពវាយប្រហារដ៏ប្រល័យជាង២៥លើកដែលមន្ត្រីអ៊ីរ៉ាក់ថា ជាស្នាដៃរបស់សកម្មជនរដ្ឋអ៊ីស្លាមនេះ។ កាលពីខែមករាកន្លងទៅ ក្រុមនេះ បានដាក់បំផ្ទុះគ្រាប់បែកក្នុងទីផ្សារដែលមានមនុស្សកកកុញមួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដោយធ្វើឲ្យមានអ្នកស្លាប់ប្រមាណជាង៣០នាក់នៅពេលនោះ៕