ក្រោយដំណើរទស្សនកិច្ចរបស់ប្រតិភូគណៈកម្មការអឺរ៉ុបជុំទីពីរក្រោមក្របខណ្ឌនៃប្រព័ន្ធឋានៈអនុគ្រោះពន្ធដល់ទំនិញកម្ពុជាបានបញ្ចប់ទៅ ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកបានអំពាវនាវឱ្យរដ្ឋាភិបាលត្រូវមានភាពហ្មត់ចត់ចំពោះចំណាត់ការរបស់ខ្លួន ក្នុងដំណើរការស្តារការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ ឬក៏រដ្ឋាភិបាលបានត្រឹមតែចេញសេចក្តីប្រកាសបង្ហាញការតាំងចិត្ត តែគ្មានសកម្មភាពនោះ។
កាលពីសប្តាហ៍មុន ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងកិច្ចការបរទេសបានបញ្ចប់បេសកកម្មស្វែងរកការណ៍ពិតនៅកម្ពុជា ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងការបន្តទទួលបានប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅថា Central បានឲ្យដឹងថា សហភាពអឺរ៉ុបមិនបានបង្ហាញចេតនាចង់ដកកម្ពុជាពីប្រព័ន្ធ EBA នោះទេ ហើយអ្វីដែលសហគមន៍នេះចង់បានពីកម្ពុជានោះ គឺការឈប់គាបសង្កត់សិទ្ធិនយោបាយលើពលរដ្ឋកម្ពុជា និងសិទ្ធិជាមូលដ្ឋានផ្សេងទៀតតែប៉ុណ្ណោះ។
«ខ្ញុំមើលចេតនារបស់សហគមន៍អឺរ៉ុប ដូចជាមិនចង់ដកដែរទេ មែនទែនទៅណ៎ា បើខ្ញុំមើលទៅ ខ្ញុំ ការវិភាគរបស់ខ្ញុំទៅ។ អ៊ីចឹងនៅក្នុងពាក់កណ្តាលខែ៨នេះ គេនឹងរៀបចំជារបាយការណ៍ ហើយគេថា កម្ពុជាហ្នឹងគឺមានពេលមួយខែ ក្នុងការតវ៉ាទៅលើអា finding របស់គេ»។
អ្នកការពារសិទ្ធិពលកររូបនេះ និយាយបន្ថែមថា រដ្ឋាភិបាលល្មមដល់ពេល រៀបចំផែនការសកម្មភាព ឆ្លើយតបទៅនឹងការទាមទាររបស់សហគមន៍អឺរ៉ុបដោយជំហានដំបូង គឺការផ្តល់សេរីភាពពេញលេញដល់អ្នកធ្វើនយោបាយ និងបើកលំហរដល់សារព័ត៌មានឯករាជ្យ។
«សកម្មភាពដែលត្រូវតែដោះភ្លាមៗ គឺដូចខ្ញុំនិយាយចឹង គឺថាដោះលែងអ្នកទោសនយោបាយ បើកសិទ្ធិឲ្យមានវិទ្យុ ឬក៏សារព័ត៌មានដែលអាច គេអាចបំពេញកិច្ចការរបស់ខ្លួនបាន នៅក្នុងប្រទេសអ៊ីចឹងទៅ អាហ្នឹងហើយរឿងខ្លះមួយចំនួន គឺប្រហែលជាអាចត្រូវការដោះរយៈពេលមធ្យម និងរយៈពេលវែង អាហ្នឹងដែលអារឿងដីធ្លី រឿងអីហ្នឹង ដែលៗ ត្រូវដោះ»។
ក្នុងពេលបិទបញ្ចប់បេសកកម្មស្វែងរកការណ៍ពិតជុំទីពីរនៅកម្ពុជា ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបផ្តល់ការអធិប្បាយក្នុងសេចក្តីប្រកាសមួយថា បេសកកម្មរបស់ខ្លួនបានពិនិត្យលើបញ្ហាដែលជាការបារម្ភចំនួនបួនសំខាន់ៗ ក្នុងនោះមានសិទ្ធិនយោបាយ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការបង្កើតសមាគម សិទ្ធិក្នុងការចងក្រងនិងការចរចាប្រាក់ឈ្នួល ហើយនិងការបាត់បង់កម្មសិទ្ធិដីធ្លី ដែលបង្កដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យផលិតស្ករស។
សេចក្តីប្រកាសចុះថ្ងៃទី១១ ខែមិថុនា បានសរសេរក្នុងន័យដើមថា៖ «គោលបំណងរបស់សហភាពអឺរ៉ុប គឺដោះស្រាយការបារម្ភនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបប្តេជ្ញានឹងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីសម្រេចបានគោលបំណងនេះ»។
សេចក្តីប្រកាសដដែលបានសង្កត់ធ្ងន់ថា៖ «ប្រទេសកម្ពុជាត្រូវតែបង្ហាញឲ្យឃើញនូវការធ្វើឲ្យប្រសើរឡើងជាក់ស្តែង និងគួរឲ្យជឿជាក់បានចំពោះបញ្ហាដែលជាការបារម្ភ ដើម្បីបញ្ចៀសពីការដកប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នេះ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រាប់ VOA ថា រដ្ឋាភិបាលរមែងតែបង្ហាញការតាំងចិត្តរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ រដ្ឋាភិបាលមិនបានធ្វើសកម្មភាពជាក់លាក់ ដើម្បីបំពេញការចង់បានរបស់សហគមន៍អឺរ៉ុបនោះទេ។
«រដ្ឋាភិបាលយើង ឬក៏កម្ពុជាយើងគួរតែបង្ហាញអំពីឆន្ទៈពិតប្រាកដនៅក្នុងការដោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ ឬក៏កែលម្អប្រជាធិបតេយ្យ ឬក៏បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង ឲ្យបានល្អប្រសើរដូចជា ទាក់ទងនឹងការរឹតត្បិត ឬក៏ការគំរាមកំហែងទៅលើសិទ្ធិសេរីភាពក្នុងការចូលរួមជីវភាពនយោបាយរបស់អតីតគណបក្សប្រឆាំងជាដើម»។
លោកលើកឡើងបន្ថែមថា តួអង្គសំខាន់បំផុត ដែលអាចរក្សាបានប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនៅពេលនេះ គឺមានតែរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
«អាទាំងអស់នេះ អ្វីក៏ដោយ វាអាស្រ័យទៅលើរដ្ឋាភិបាល អាស្រ័យទៅលើគណបក្ស ដែលកាន់អំណាចហ្នឹងហើយ ជាកូនសោរនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស តែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ ធ្លាប់បញ្ជាក់ VOA ក្រោយជំនួបរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងប្រតិភូគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងកិច្ចការបរទេសថា រដ្ឋាភិបាលកម្ពុជានឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងការរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ដើម្បីជ្រោមជ្រែងកម្មករដែលធ្វើការនៅក្នុងឧស្សហកម្មកាត់ដេរនៅកម្ពុជាប្រមាណ ៧០ម៉ឺននាក់។
តាមការបញ្ជាក់របស់គណៈកម្មការអឺរ៉ុប ប្រទេសកម្ពុជាគឺជាប្រទេសធំជាងគេបំផុតទីពីរ ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ដែលស្មើនឹង ១៨ភាគរយនៃការនាំចូលទាំងអស់ទៅក្នុងទីផ្សារសហភាពអឺរ៉ុបនៅក្រោមប្រព័ន្ធដដែលនេះក្នុងឆ្នាំ២០១៨។
សហភាពអឺរ៉ុបបាននាំចូលទំនិញនាំចេញរបស់កម្ពុជាមានតម្លៃសរុប ៥,៣ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៨ ដោយ៩៥ភាគរយនៃការនាំចេញទាំងនោះបានផលប្រយោជន៍ពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នេះ។ សម្លៀកបំពាក់និងស្បែកជើងគឺស្មើនឹងបីភាគបួននៃការនាំចូលរបស់សហភាពអឺរ៉ុបមកពីប្រទេសកម្ពុជា ដែលការនាំចូលនោះមានទឹកប្រាក់ស្មើនឹង៤ពាន់លានអឺរ៉ូ។
យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ EBA ដល់កម្ពុជានោះ៕