ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងកិច្ចការបរទេសក្នុងសប្តាហ៍នេះបានបញ្ចប់បេសកកម្មស្វែងរកការណ៍ពិតជុំទីពីរនៅកម្ពុជា ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រទេសនេះ ក្នុងការបន្តទទួលបានប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបនិងក្រុមមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបបានបញ្ជាក់ក្នុងសេចក្តីប្រកាសនោះថា បេសកកម្មរបស់ខ្លួនបានពិនិត្យលើបញ្ហាដែលជាការបារម្ភចំនួនបួនសំខាន់ៗ ក្នុងនោះមានសិទ្ធិនយោបាយ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការបង្កើតសមាគម សិទ្ធិក្នុងការចងក្រងនិងការចរចាប្រាក់ឈ្នួល ហើយនិងការបាត់បង់កម្មសិទ្ធិដីធ្លី ដែលបង្កដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យផលិតស្កសរ។
សេចក្តីប្រកាសចុះថ្ងៃទី១១ ខែមិថុនា បានសរសេរក្នុងន័យដើមថា៖ «គោលបំណងរបស់សហភាពអឺរ៉ុបគឺដោះស្រាយការបារម្ភនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបប្តេជ្ញានឹងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីសម្រេចបានគោលបំណងនេះ»។
សេចក្តីប្រកាសដដែលបានសង្កត់ធ្ងន់ថា៖ «ប្រទេសកម្ពុជាត្រូវតែបង្ហាញឲ្យឃើញនូវការធ្វើឲ្យប្រសើរឡើងជាក់ស្តែង និងគួរឲ្យជឿជាក់បានចំពោះបញ្ហាដែលជាការបារម្ភ ដើម្បីបញ្ចៀសពីការដកប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នេះ»។
ក្រុមមន្ត្រីសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបានឲ្យដឹងថា សហភាពអឺរ៉ុបមិនបានបង្ហាញចេតនាចង់ដកកម្ពុជាពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នោះទេ ហើយអ្វីដែលសហគមន៍នេះចង់បានពីភាគីរដ្ឋាភិបាលកម្ពុជានោះ គឺគ្រាន់តែជាការបើកឲ្យមានបរិយាកាសល្អប្រសើរសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការអនុវត្តសិទ្ធិមូលដ្ឋានរបស់ខ្លួន និងសិទ្ធិនយោបាយ ក៏ដូចជាការចូលរួមរបស់ពលរដ្ឋក្នុងសកម្មភាពសហជីព ដោយគ្មានការរឹតត្បិតតែប៉ុណ្ណោះ ។
យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ EBA ដល់កម្ពុជានោះ។
តាមការបញ្ជាក់របស់គណៈកម្មការអឺរ៉ុប ប្រទេសកម្ពុជាគឺជាប្រទេសធំជាងគេបំផុតទីពីរ ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ដែលស្មើនឹង១៨ភាគរយនៃការនាំចូលទាំងអស់ទៅក្នុងទីផ្សារសហភាពអឺរ៉ុបនៅក្រោមប្រព័ន្ធដដែលនេះក្នុងឆ្នាំ២០១៨។
សហភាពអឺរ៉ុបបាននាំចូលទំនិញនាំចេញរបស់កម្ពុជាមានតម្លៃសរុប ៥,៣ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៨ ដោយ៩៥ភាគរយនៃការនាំចេញទាំងនោះបានផលប្រយោជន៍ពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នេះ។ សម្លៀកបំពាក់និងស្បែកជើងគឺស្មើនឹងបីភាគបួននៃការនាំចូលរបស់សហភាពអឺរ៉ុបមកពីប្រទេសកម្ពុជា ដែលការនាំចូលនោះមានទឹកប្រាក់ស្មើនឹង៤ពាន់លានអឺរ៉ូ៕