ក្រុមមន្ត្រីរបស់គណៈកម្មការសហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មនិងការបរទេសបានចាប់ផ្តើមជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមមន្ត្រីរបស់អង្គការសង្គមស៊ីវិល ក្រោមក្របខណ្ឌរបបពាណិជ្ជកម្ម«អនុគ្រោះពន្ធលើអី្វៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA ដែលជាប្រព័ន្ធឋានៈអនុគ្រោះពន្ធដល់ការនាំចូលទំនិញកម្ពុជាទៅទីផ្សារសហគមន៍អឺរ៉ុប ដោយគ្មានបង់ពន្ធគយ។
តាមការបញ្ជាក់របស់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រុមមន្ត្រីគណៈកម្មការសហភាពអឺរ៉ុបនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលព័ត៌មានទាក់ទិនស្ថានភាពបច្ចុប្បន្ន។
សេចក្តីជូនដំណឹងខ្លីមួយ ចុះថ្ងៃទី៦ខែមិថុនា ដែលបានបង្ហោះលើគេហទំព័រក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយលោក Jean Christophe Belliard អគ្គលេខាធិការរងនៃមន្ទីរការបរទេសសហភាពអឺរ៉ុប។ ក៏ប៉ុន្តែក្រសួងការបរទេសកម្ពុជាមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃការពិភាក្សានោះទេ។
យ៉ាងណាក៏ដោយ លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ដំណើររបស់លោក Jean Christophe Belliard គឺជាផ្នែកមួយនៃការអញ្ជើញរបស់ស្ថានទូតប្រទេសបារំាងប្រចាំកម្ពុជាតែប៉ុណ្ណោះ។
«លោក Jean Christophe Belliard គាត់បានបញ្ជាក់ថា គាត់អញ្ជើញមកទស្សនកិច្ចកម្ពុជានេះមិនមែនជាផ្នែកមួយនៃបេសកកម្មរបស់សហភាពអឺរ៉ុបនៅក្នុងដំណើរការ EBA ទេ តែលោកអញ្ជើញមកនេះតាមការអញ្ជើញរបស់ស្ថានទូតបារំាងនៅភ្នំពេញ ដើម្បីចូលរួមសន្និសីទរបស់ឯកអគ្គរដ្ឋទូតបារំាងនៅភ្នំពេញ ស្តីអំពីទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប»។
លោកអះអាងថា ដោយសារតែលោកប្រមុខការទូតកម្ពុជាបានលើកឡើងពីវឌ្ឍនភាពកម្ពុជាក្នុងការឆ្លើយទៅនឹងសំណើរបស់សហភាពអឺរ៉ុបក្នុងបញ្ហាពាណិជ្ជកម្មនោះ ភាគីទាំងពីរក៏បានឯកភាពបន្តពិភាក្សាលើបញ្ហា EBA នេះ។
លោកមានប្រសាសន៍ថា៖
«ចុងក្រោយគឺភាគីទាំងពីរឯកភាពគ្នា ជាគោលការណ៍ធំៗហ្នឹងគឺថា យើងនឹងបន្តកិច្ចសន្ទនាដើម្បីខិតខំ ដើម្បីរកដំណោះស្រាយលើបញ្ហា EBA នេះ»។
មន្ត្រីនាំពាក្យដដែលឲ្យដឹងថា រដ្ឋាភិបាលកម្ពុជានឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងការរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ ដើម្បីទ្រទ្រង់កម្មករដែលធ្វើការនៅក្នុងឧស្សហកម្មកាត់ដេរនៅកម្ពុជាប្រមាណជា ៧០ម៉ឺននាក់។
«រាជរដ្ឋាភិបាលកម្ពុជាគឺហ្នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សានូវស្ថានភាពអនុគ្រោះ EBA ហ្នឹងបាទ ដោយហេតុថា សំដៅយ៉ាងណាគឺ EBA ហ្នឹងគឺបានជួយទៅដល់កម្មករប្រមាណជា៧០ម៉ឺននាក់ ហើយនិងអ្នកដែលទទួលផលប្រយោជន៍ពីពួកគាត់ហ្នឹងប្រមាណជា២លាននាក់ទៀតបាទ។ អ៊ីចឹងគឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ពីរឿងថា ធ្វើម៉េចចង់ឲ្យបានរក្សាស្ថានភាពអនុគ្រោះពន្ធ EBA នេះ។ ក៏ប៉ុន្តែរដ្ឋាភិបាលអាចធ្វើបានតែនៅក្នុងកម្រិតមួយ នៅក្នុងក្របខណ្ឌច្បាប់ ក្របខណ្ឌនីតិរដ្ឋ ដែលរាជរដ្ឋាភិបាលប្រកាន់យកគឺថាមិនអាចឆ្លងបន្ទាត់ក្រហម និងការរក្សាឯករាជ្យ និងអធិបតេយ្យភាពជាតិបានទេ»។
VOA បានព្យាយាមសុំការអធិប្បាយបន្ថែមពីលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាអំពីបេសកកម្មស្វែងរកការណ៍ពិតរបស់ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបខាងលើ តែលោកសុំមិនទាន់ផ្តល់សេចក្តីបញ្ជាក់លម្អិត ព្រោះនឹងមានការចេញសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីបេសកកម្មនេះត្រូវបានបញ្ចប់។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
សហគមន៍អឺរ៉ុបបានផ្តល់ហេតុផលនៃការផ្តើមដំណើរការនេះថា ដោយសារកម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាចម្បងៗមួយចំនួន ដូចជាការច្រានចោលសិទ្ធិនយោបាយ ការរឹតបន្តឹងនានាទៅលើសង្គមស៊ីវិល សហជីព ការមិនផ្តល់សេរីភាពសារព័ត៌មាន និងបញ្ហាផ្តល់ដីសម្បទានសេដ្ឋកិច្ច។
លោកស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានប្រាប់ VOA ថា ក្រុមមន្ត្រីគណៈកម្មការសហភាពអឺរ៉ុបបានសាកសួរក្រុមអង្គការសង្គមស៊ីវិលអំពីបច្ចុប្បន្នភាពនៃការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាទៅនឹងស្ថានភាពសិទ្ធិមនុស្ស និងនយោបាយដែលជាលក្ខខណ្ឌតម្រូវក្នុងកិច្ចអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប។ លោកថា ក្រុមមន្ត្រីដដែលក៏បានផ្តោតជាសំខាន់ទៅលើការផលិតស្ករស ដែលមានប្រភពចេញពីដំណាំអំពៅនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ប្រមុខការទូតសហភាពអឺរ៉ុបនៅកម្ពុជាមិនទាន់បញ្ជាក់បានថា បេសកកម្មរបស់ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបលើកទីពីរនេះនឹងបញ្ចប់ទៅនៅពេលណានោះទេ។ ដំណើរទស្សនកិច្ចរបស់មន្រ្តីគណៈកម្មការសហភាពអឺរ៉ុបនេះជាផ្នែកមួយនៃនីតិវិធី មុននឹងឈានទៅដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ។ ការដកហូតពិតប្រាកដអាចនឹងធ្វើឡើងនៅខែសីហាឆ្នាំ២០២០ ប្រសិនបើមិនមានការធ្វើឲ្យប្រសើរផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហភាពអឺរ៉ុបទុកពេលដើម្បីតាមដានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជានោះ៕