មន្រ្តីសិទ្ធិមនុស្សនៃអង្គការសង្គមស៊ីវិលបានជំរុញឲ្យស្ថាប័នមនុស្សធម៌កាកបាទក្រហមកម្ពុជា បង្កើនសកម្មជនជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះពីការបិទខ្ទប់រាជធានីភ្នំពេញ និងពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់ក្រហម ដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩។
អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញរយៈពេល៣សប្តាហ៍ ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរអំពីកង្វះអាហារ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅទិញម្ហូបអាហារ ហើយអ្នកខ្លះទៀតបានបាត់បង់ការងារនិងមិនអាចប្រកបរបរលក់ដូរ ដូច្នេះពួកគេមិនមានថវិកា ដើម្បីទិញម្ហូបអាហារនោះទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ថាកាកបាទក្រហមហាក់ដូចជាមិនសូវសកម្មក្នុងការចុះជួយពលរដ្ឋក្នុងពេលមានវិធានការបិទខ្ទប់តំបន់ដែលមានហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ១៩ក្នុងរាជធានីនិងទីតាំងផ្សេងទៀត។
លោកបន្តថាកិច្ចការជួយសង្គ្រោះរបស់កាកបាទក្រហមក្នុងពេលមានវិធានការបិទខ្ទប់នេះ ទំនងជាត្រូវបានជំនួសដោយអាជ្ញាធររដ្ឋផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកថាស្ថាប័នមនុស្សធម៌ដ៏ធំនេះគួរមានភាពសកម្មជាងមុន បើមើលទៅលើបទពិសោធន៍កន្លងមកនោះ។
«ដោយសារកាកបាទក្រហម ធម្មតាគេមានពិសោធន៍បាទ។ គេមានពិសោធន៍ ហើយគេដឹងថា តើត្រូវជួយបែបម៉េចដែរ។ អីចឹងបើសិនកាកបាទក្រហមអាចបំពេញភារកិច្ចហ្នឹងនៅក្នុងពេលដែលគេបិទខ្ទប់បាន។ អាហ្នឹងក៏ជារឹតតែល្អទៀតហើយជួយបំពេញបន្ថែមអាចន្លោះខ្វះខាត ព្រោះដោយសារកាកបាទក្រហមជាធម្មតាគេមានជំនាញខាងជំនួយមនុស្សធម៌»។
លោកបន្ថែមថាភាពងាយរងគ្រោះដោយការឆ្លងជំងឺកូវីដ១៩នេះ ក៏អាចជាផ្នែកមួយបន្ថយល្បឿននៃការសង្គ្រោះរបស់កាកបាទក្រហម ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះដទៃទៀត ដែលខកខានមិនបានចុះជួយប្រជាពលរដ្ឋទាន់ពេលផងដែរ។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ហៅកាត់ថាIDEA)បង្ហាញភាពងើងឆ្ងល់អំពីភាពយឺតយ៉ាវរបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលប្រឈមនឹងការខ្វះខាតម្ហូបអាហារ ក្នុងពេលមានវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅរបស់ខេត្តកណ្តាល។
«កាកបាទក្រហម ជាពិសេសកាកបាទក្រហមកម្ពុជាឃើញមានឧកញ៉ាជួយលុយច្រើនណាស់ រាប់លានដុល្លារឯណោះ អីចឹងប៉ុន្តែដល់ពេលយើងពលរដ្ឋកំពុងជួបបញ្ហារឿងកូវីដ១៩ ហាក់ដូចជាអត់ឃើញតួនាទីកាកបាទក្រហម»។
ដូចគ្នានឹងការចង់បានរបស់លោក យង់ គិមអេង ប្រធានសមាគមរូបនេះលើកឡើងថាកាកបាទក្រហមត្រូវសកម្មជាងមុន ដើម្បីសង្គ្រោះពលរដ្ឋដែលប្រឈមការខ្វះខាត។
លោកបន្ថែមថាស្ថាប័នជំនួយមនុស្សធម៌ផ្សេងទៀតដូចជាអង្គការកាកបាទក្រហមអន្តរជាតិ និងអង្គការស្បៀងអាហារពិភពលោក ក៏គួរមានសកម្មភាពរស់រវើកចុះជួយពលរដ្ឋដែលប្រឈមមុខនឹងការខ្វះខាត ទាំងថវិកាចាយវាយផង និងអាហារហូបចុកប្រចាំថ្ងៃផង។
ក្រុមមន្ត្រីជាន់ខ្ពស់របស់កាកបាទក្រហមកម្ពុជាថ្លែងនៅថ្ងៃច័ន្ទនេះថាការចូលរួមចំណែករបស់សប្បុរសជនមកដល់ស្ថាប័នជួយសង្គ្រោះពលរដ្ឋក្រីក្រមួយនេះ បានបន្តមានជាហូរហែ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ។ យ៉ាងណាក៏ដោយ ប្រាក់ជំនួយឧបត្ថម្ភមិនទាន់បានច្រើន ស្មើនឹងពាក់កណ្តាលនៃឆ្នាំ២០១៩នោះទេ គឺនៅគ្រាដែលការរាតត្បាតនៃជំងឺកូវីដ១៩ មិនសូវមានល្បឿនខ្លាំងដូចក្នុងពេលដើមឆ្នាំ២០២១នេះ។
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថាកាកបាទក្រហមកម្ពុជាបានបន្តទទួលជំនួយឧបត្ថម្ភសម្រាប់ឆ្នាំ២០២១នេះ ជាបន្តបន្ទាប់ ហើយថា ជំនួយឧបត្ថម្ភសម្រាប់ឆ្នាំនេះ អាចប្រសើរជាងឆ្នាំ២០២០ ដែលថវិកាទទួលពីសប្បុរសជនបានត្រឹមពាក់កណ្តាលឆ្នាំ២០១៩។
«អីចេះ ពិបាកនេះត្រង់ថា បើពីឆ្នាំទៅ ពីឆ្នាំទៅចំណូលវាបានតែពាក់កណ្តាល ពីឆ្នាំទៅមួយ។ កាលយើងបានធម្មតា ធម្មតា។ អីចឹង មកឆ្នាំនេះ យើងឃើញថាដូចជាគ្រាន់បើជាងឆ្នាំទៅ ឆ្នាំទៅយ៉ាប់ជាងឆ្នាំនេះ អត់អីទេ រៀងគ្រាន់បន្តិច»។
លោកស្រីបានបដិសេធមិនផ្តល់ការអធិប្បាយបន្ថែមដោយថា ជាប់រវល់ទទួលការបរិច្ចាគជំនួយពីសប្បុរជននៅព្រឹកថ្ងៃច័ន្ទនេះ។
ចំណែកអគ្គលេខាធិការរងទីមួយនិងជាអ្នកនាំពាក្យកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថាការបរិច្ចាគជំនួយសប្បុរសធម៌ជាថវិកាដល់កាកបាទក្រហមមានជាធម្មតា ដូចសព្វដង។ លោកស្រីក៏សុំមិនអធិប្បាយច្រើនដែរ ដោយសារថាលោកស្រីកំពុងនៅមន្ទីរពេទ្យ។
«យើងដូចជាមិនអីទេ ក្មួយ ព្រោះកាកបាទយើង យើងហៅថាការជឿទុកចិត្តពីសប្បុរសជន។ សកម្មភាពយើង មានមកជាបន្តបន្ទាប់រហូត ហើយដល់ចឹងទៅ យើងអត់មានបញ្ហាអីទេនៅក្នុងការរកថវិកាហ្នឹង គឺយើងបានដូចនេះ ដូចឆ្នាំៗរាល់ដងចឹងដែរ»។
ក្នុងការរំឭកខួបលើក១៥៨នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ២០២១ ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ បានបរិច្ចាគព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារអាមេរិក ហើយក៏មានសប្បុរសជនជាឧកញ៉ា អ្នកជំនួញធំៗ មន្រ្តីរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ក៏បានរួមចំណែកទ្រទ្រង់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ នេះបើតាមលិខិតរបស់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងលិខិតចុះថ្ងៃទី៨ ខែឧសភា លោកស្រី ប៊ុន រ៉ានី បញ្ជាក់ថាក្នុងឆ្នាំ២០២០ កាកបាទក្រហមកម្ពុជារក្សាបានការផ្តល់ថវិកា១លានដុល្លារអាមេរិក សម្រាប់ជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរចំនួន២ម៉ឺនដុល្លារអាមេរិក។
ស្ថាប័នមនុស្សជាតិមួយនេះ ក៏បានកសាងលំនៅដ្ឋាន ផ្តល់ជម្រកដល់ក្រុមគ្រួសារឥតទីពឹងចំនួន៦៩ខ្នងផ្ទះ និងបានចាប់ផ្តើមឧបត្ថម្ភដល់ការសាងសង់ផ្ទះជូនអតីតយុទ្ធជន តាមរយៈសមាគម អតីតយុទ្ធជន ដែលក្នុងជំហានដំបូង គឺថវិកាចំនួន៥០ម៉ឺនដុល្លារ សម្រាប់ផ្ទះ១៦៦ខ្នង។
ក្រៅពីនេះកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌មួយចំនួនទៀតដូចជាជីកអណ្តូង សង់បង្គន់អនាម័យដល់ពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាល និងផ្តល់ប្រាក់កម្ចីសម្រាប់ជាដើមទុនលើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះបំផុតជាដើម។
លិខិតដដែលបានលើកឡើងថា សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាត្រូវរៀបចំជាមុននូវជំនួយជាសម្ភារៈ ស្បៀង និងថវិកា សម្រាប់និរន្តភាពដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ១៩ អប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀនបន្សាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះមហន្តរាយឲ្យបានប្រសើរជាងមុន។
លោកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ក្នុងលិខិតនោះថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងគ្រាដ៏លំបាកដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមជាមួយជំងឺរាតត្បាតសកលកូវីដ១៩ ពិតណាស់ សម្តេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋនិងវិស័យឯកជននឹងបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ១៩និងកសាងភាពធន់របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឲ្យមានប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី»៕