រដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋឲ្យបានយ៉ាងតិច ៥ លាននាក់នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ដោយពឹងផ្អែកលើវ៉ាក់សាំងរបស់ចិន ក្នុងគោលដៅបង្កើតភាពស៊ាំសហគមន៍ទៅនឹងជំងឺកូវីដ១៩។ នេះបើយោងតាមឯកសារស្តីពីផែនការយុទ្ធសាស្រ្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចេញផ្សាយនៅថ្ងៃសុក្រនេះ។
ផែនការនេះមានគោលដៅដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា ដើម្បីធានាឲ្យបាន «ភាពស៊ាំសង្គម សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០២១»។
ឯកសារផែនការប្រមាណ ២០ ទំព័រ ឲ្យដឹងថា នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ប្រជាជនកម្ពុជាប្រមាណ ៥ លាន ២ សែននាក់ ដែលត្រូវនឹងវ៉ាក់សាំងជាង ១០ លានដូស នឹងត្រូវបានចាក់វ៉ាក់សាំងរួចរាល់។ រដ្ឋាភិបាលមានគោលដៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋយ៉ាងតិច ១០ លាននាក់។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមក។
ឯកសាររបស់រដ្ឋាភិបាលឲ្យដឹងទៀតថា ការអនុវត្តផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ធ្វើតាមអភិក្រម «ផ្ការីក» គឺចាប់ផ្តើមពីចំណុចកណ្តាលនៃប្រទេស គឺរាជធានីភ្នំពេញ និងទីប្រជុំជនសំខាន់ៗជុំវិញរាជធានីភ្នំពេញ និងពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងទៀត តាមលំដាប់អាទិភាព។
សម្រាប់លំដាប់អាទិភាពនោះ រដ្ឋាភិបាលបានបែងចែកជា ៣ តំបន់ គឺតំបន់អាទិភាពខ្ពស់ មធ្យម និងទាប។ តំបន់អាទិភាពខ្ពស់មានមនុស្សជិត ៥ លាននាក់ ដែលអាជ្ញាធរសុខាភិបាលកំពុងតែសម្រុកចាក់។ តំបន់អាទិភាពមធ្យមដែលមានប្រជាពលរដ្ឋជាង ២ លាន ៨ សែននាក់ នឹងចាប់ផ្តើមចាក់នៅចុងឆ្នាំ ២០២១។ ចំណែកតំបន់អាទិភាពទាប ដែលមានជាង ២ លាន ៣ សែននាក់ នឹងចាប់ផ្តើមចាក់នៅដើមឆ្នាំ ២០២២។ នេះបើតាមឯកសារដដែលនោះ។
រដ្ឋាភិបាលបញ្ជាក់ថា បើទោះមានហានិភ័យនៃកង្វះវ៉ាក់សាំងលើពិភពលោក តែរដ្ឋាភិបាលបានប្រើប្រាស់ទំនាក់ទំនងស្និទ្ធិជាមួយរដ្ឋាភិបាលចិន ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជាឲ្យបានសម្រេចតាមផែនការ។
ឯកសារបញ្ជាក់ថា៖ «យ៉ាងណាមិញ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការចាប់យកដៃគូយុទ្ធសាស្រ្តជាមួយមិត្តចិន ធ្វើជាស្នូលសម្រាប់ការស្វះស្វែងរកទិញវ៉ាក់សាំង និងទទួលបានជំនួយវ៉ាក់សាំងបានក្លាយជាកត្តាគន្លឹះមួយដ៏សំខាន់ផងដែរ ដែលអាចជួយដោះស្រាយហានិភ័យនៃការខ្វះវ៉ាក់សាំង និងការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់និងទាន់ពេល»។
ទោះជាយ៉ាងណា រដ្ឋាភិបាលក៏បានបង្ហាញអំពីហានិភ័យផ្សេងទៀត រួមមានសមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំង ដែលសំដៅលើកង្វះធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ និងការកើតឡើងឬការឆ្លងចូលមកកម្ពុជានូវវីរុសបំប្លែងថ្មី ដែលអាចធ្វើឲ្យវ៉ាក់សាំងដែលមានស្រាប់បច្ចុប្បន្ននេះថមថយឬក៏លែងមានប្រសិទ្ធភាព។
បើតាមឯកសាររបស់រដ្ឋាភិបាល ភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្តនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការប្រយុទ្ធទប់ទល់នឹងផលវិបាកបង្កដោយជំងឺកូវីដ១៩ និងជាការបោះជំហានឆ្ពោះទៅរកការធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យសង្គមសេដ្ឋកិច្ចកម្ពុជាតាមគន្លង «ប្រក្រតីភាពថ្មី»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថា ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងនេះបាន ទាល់តែកម្ពុជាសម្រុកចាក់ ហើយធានាថា មានវ៉ាក់សាំងបង្ការជំងឺនេះមកដល់កម្ពុជាជាបន្តបន្ទាប់ ដោយមិនមានបញ្ហាអ្វី។ លោកបន្តថា កាលពីដើមឡើយ ប្រជាជនកម្ពុជាស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងរបស់ចិន ដោយសារមិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
បើទោះសន្ទុះប្រជាពលរដ្ឋចាប់ផ្តើមទទួលយកវ៉ាក់សាំងរបស់ចិនក្នុងពេលនេះ ក្រោយផ្ទុះឆ្លងព្រឹត្តិការណ៍ ២០ កុម្ភៈ អ្នកវិភាគរូបនោះលើកឡើងថា ប្រជាពលរដ្ឋប្រមាណ ៣០ ទៅ ៤០% នៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងរបស់ចិន។ លោកជំរុញឲ្យអាជ្ញាធរផ្សព្វផ្សាយអំពីគុណភាពនៃវ៉ាក់សាំងដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាត់ទទួលយកវ៉ាក់សាំងនេះ ដោយស្ម័គ្រចិត្ត។
លោកប្រាប់ VOA នៅថ្ងៃសុក្រនេះថា៖ «ឥឡូវវាមិនច្រើនដូចពីមុនទេ។ យ៉ាងតិចក៏ ៣០% ៤០% នៅស្ទាក់ស្ទើរ។ គាត់មិនទាន់មានការទទួលយកដោយសុទ្ធចិត្ត។ បើគាត់មានជម្រើស គាត់រើសជម្រើសផ្សេង»។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវការចំណាយថវិកាបន្ថែម ដើម្បីទិញវ៉ាក់សាំងបន្តទៀត បន្ថែមពីលើវ៉ាក់សាំងដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។
លោក ឯម សុវណ្ណារ៉ា ក៏ជំរុញឲ្យមានការវាយតម្លៃលើប្រសិទ្ធភាព ក្រោយចាក់វ៉ាក់សាំងផងដែរ។
លោកបន្ថែមថា៖ «ទោះបីជាកម្ពុជាយើងចាក់បាន ១០ លាននាក់ក៏ដោយ ក៏អាចថា បញ្ហាហានិភ័យនៃការឆ្លងក៏នៅតែប្រឈមខ្ពស់ដែរ ព្រោះដោយសារប្រសិទ្ធភាពនៃវ៉ាក់សាំងហ្នឹង ដូច្នេះគួរតែមានយន្តការធ្វើតេស្តវ៉ាក់សាំងហ្នឹងមួយទៀត បានមានសុក្រឹតភាពល្អ»។
VOA មិនទាន់អាចសុំការឆ្លើយតបពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល សមស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។ លោកបន្តថា រដ្ឋាភិបាលមានម្ចាស់ការលើថវិកាសម្រាប់ទិញវ៉ាក់សាំងពីប្រទេសចិន ដើម្បីចាក់ដល់ប្រជាជនកម្ពុជា។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូបផងដែរ បានបញ្ជាក់បន្ថែមថា ដោយសារវ៉ាក់សាំងរបស់ចិនមានប្រសិទ្ធភាពរួចទៅហើយ ដូច្នេះលោកថា មិនចាំបាច់ពិនិត្យវាយតម្លៃប្រសិទ្ធភាព ក្រោយចាក់នោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា ទោះបីយើងមានជំនាញតាមដានក៏ពិតមែន ក៏ប៉ុន្តែហាក់ដូចជាមិនបាច់តាមដានទេ ពីព្រោះមុននឹងចេញចែកមកដល់បណ្តាប្រទេសនៅលើពិភពលោក គឺថា អ្នកវិទ្យាសាស្រ្តកន្លែងផលិតនេះ គេពិនិត្យរួចហើយ។ ទោះបីថាភាគរយតិចច្រើនក្តី គឺបានពិនិត្យរួចហើយ»។
លោក សុខ ឥសាន បាននិយាយបន្ថែមថា កម្ពុជានិងចិនជាមិត្តជិតស្និទ្ធិនឹងគ្នាហើយទុកចិត្តគ្នា និងចេះជួយគ្នាក្នុងគ្រាលំបាក ដូចជាការផ្តល់វ៉ាក់សាំងដល់កម្ពុជា ក្នុងគ្រាវិបត្តិជំងឺសកលនេះ។
លោកប្រាប់ VOA ថា៖ «ប្រជាជនកម្ពុជាមើលឃើញច្បាស់អំពីទឹកចិត្តប្រជាជនចិន និងរដ្ឋាភិបាលប្រទេសចិនដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា ស្របទៅតាមពាក្យស្លោកដែលថាប្រជាជនចិន ប្រជាជនកម្ពុជាជាមិត្តជិតស្និទ្ធជាមិត្តដែកថែប…»។
ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែម ៧ លានដូស ពីខែឧសភា ដល់ខែកក្កដា និង ២ លាន ៥ សែនដូសទៀត ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង ១ លានដូសរបស់ចិននឹងមកដល់កម្ពុជានៅសប្តាហ៍ក្រោយ។ បើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ាន លើកលែងតែប្រទេសសិង្ហបុរី កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងប្រទេសផ្សេង ដែលរហូតមកដល់ពេលនេះ បានជាង ១ លាន ៥ សែននាក់ ទាំងអ្នកចាក់លើកទី ១ និងលើកទី ២ បញ្ចូលគ្នា៕