លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមមួយចំនួនមិនទាន់បានទទួលអំណោយនៅឡើយទេ ដោយលោកថាការរៀបចំនិងដឹកជញ្ជូន ត្រូវការពេលវេលានិងប្រើកម្លាំងច្រើន។
អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញរយៈពេល៣សប្តាហ៍ ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរអំពីកង្វះអាហារ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅទិញម្ហូបអាហារ ហើយអ្នកខ្លះទៀតបានបាត់បង់ការងារនិងមិនអាចប្រកបរបរលក់ដូរ ដូច្នេះពួកគេមិនមានថវិកា ដើម្បីទិញម្ហូបអាហារនោះទេ។
ក្នុងសារជាសំឡេងមួយកាលពីថ្ងៃសៅរ៍ ទី៨ ខែឧសភា លោក ហ៊ុន សែន បានអំពាវនាវកុំឲ្យអ្នកដែលមានលទ្ធភាពទិញម្ហូបអាហារហើយ ចង់បានអំណោយទៀត ដោយទុកសម្រាប់អ្នកដែលមិនមានលទ្ធភាពទិញ។ លោកបន្តថារដ្ឋាភិបាលត្រូវប្រើកងទ័ពរាប់ពាន់នាក់ ក្នុងការវេចខ្ចប់និងដឹកជញ្ជូនអំណោយចែកដល់ពលរដ្ឋ ដែលពេលខ្លះក្នុងមួយថ្ងៃ ចន្លោះពី២ម៉ឺនទៅ៣ម៉ឺនគ្រួសារ។
លោក ហ៊ុន សែន ថ្លែងថា ៖ «មិនមែនជាការងាយស្រួលទេ មិនមែនគ្រាន់តែមានអង្ករ ដឹកទៅឲ្យបងប្អូនជះនៅលើផ្លូវនោះទេ។ ត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនទៅកាន់ទីកន្លែងបងប្អូនរស់នៅ»។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាប្រជាពលរដ្ឋមួយចំនួនមិនទាន់បានទទួលអំណោយនៅឡើយទេ។
លោកបញ្ជាក់ថា៖ «តំបន់ខ្លះបិទខ្ទប់យូរថ្ងៃ មិនទាន់បានទទួលជំនួយនៅឡើយ ហើយខ្លះក៏ទទួលជំនួយ[ហើយ] ក៏ប៉ុន្តែដោយសារនៅក្នុងតំបន់ក្រហមរយៈពេលយូរពេក ក៏ធ្វើឲ្យស្បៀងមានការលំបាក»។
កាលពីថ្ងៃទី៥ ខែឧសភា អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលធានាសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ ជាពិសេសពលរដ្ឋក្នុងតំបន់ក្រហម ដែលជាតំបន់ឆ្លងខ្លាំងជាងគេ។ តំបន់ក្រហមនេះត្រូវបានរាំងខ្ទប់រហូតដល់ថ្ងៃទី១២ ខែឧសភា។
លោក Brad Adams នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក មានប្រសាសន៍ថា៖ «រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានបំពេញកាតព្វកិច្ចអំឡុងពេលបិទខ្ទប់បង្ការជំងឺ ដើម្បីការពារសហគមន៍ក្រីក្រនិងរងគ្រោះ»។
ចំណែកលោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សអង្គការលីកាដូ មានប្រសាសន៍កន្លងទៅ អាជ្ញាធរបានចុះចែកអំណោយដល់ប្រជាពលរដ្ឋនៅពេលបិទខ្ទប់ ប៉ុន្តែលោកក៏ឃើញប្រជាពលរដ្ឋមួយចំនួនបានតវ៉ាឬក៏បង្ហោះវីដេអូលើប្រព័ន្ធសង្គម បង្ហាញការលំបាករបស់ពួកគេនិងប្រកាសរកជំនួយជាស្បៀងអាហារផងដែរ។
លោកប្រាប់ VOA ថា៖ «អញ្ចឹងយើងសង្ឃឹមថាអាជ្ញាធរនឹងពន្លឿនរកមធ្យោបាយបានឆាប់រហ័សក្នុងការផ្តល់ជំនួយម្ហូបអាហារទៅដល់ប្រជាពលរដ្ឋដែលគាត់ជួបនូវការលំបាកពិតប្រាកដ»។
អ្នកស្រី ហាយ សុភី អាយុ៣៨ឆ្នាំ ជាកម្មកររោងចក្រម្នាក់ បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែមេសា ជាងពីរសប្តាហ៍បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ អ្នកស្រីនិងអ្នកជិតខាងជាង៦០គ្រួសារទៀត បានបង្ហោះវីដេអូមួយ ដោយប្រាប់អំពីកង្វះខាតស្បៀង ហើយពុំមានការចែកអំណោយដល់កន្លែងពួកគេ គឺស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រោយពីការបង្ហោះវីដេអូអំពាវនាវនេះ អាជ្ញាធរខណ្ឌបានចុះទៅចែកអំណោយដល់ពួកគេ ដែលមានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខ និងទឹកត្រី១យួរក្នុងមួយគ្រួសារ។ អ្នកស្រី សុភី បន្តថាអ្នកស្រីស្ថិតក្នុងតំបន់លឿងទុំ កាលនោះ ហើយអ្នកស្រីមិនមានការងារធ្វើ ដោយសាររោងចក្របិទទ្វារ ដូច្នេះហើយអ្នកស្រីមិនមានថវិកាទិញម្ហូបអាហារ។
អ្នកស្រីប្រាប់VOAនៅថ្ងៃច័ន្ទនេះថា៖ «បើសិនជាអត់មានបានធ្វើវីដេអូអញ្ចឹង គឺអត់មានតែម្តង ព្រោះអីនៅខាងហ្នឹង និយាយរួម គេអត់មានអើពើ។ និយាយរួម គេអត់មានអើពើជាមួយយើង ដល់ពេលឃើញវីដេអូយើងផុសអីចឹងទៅ បានមានខាងអាជ្ញាធរដែនដី ចៅសង្កាត់អី គេទាក់ទងមកខាងពួកខ្ញុំ»។
ទោះជាយ៉ាងណា កម្មកររូបនោះឲ្យដឹងថាអ្នកស្រីបានចូលធ្វើការងាររោងចក្រវិញហើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីខកខានធ្វើប៉ុន្មានសប្តាហ៍មកហើយ៕