ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​លោក​អាបេ​ជួយ​ទម្លុះ​ទម្លាយ​ការ​ជាប់​គាំង​នយោបាយ​កម្ពុជា


លោក​នាយក​រដ្ឋមន្ត្រី​​​ជប៉ុន ស្ស៊ិនហ្សូ អាបេ (Shinzo Abe)​
លោក​នាយក​រដ្ឋមន្ត្រី​​​ជប៉ុន ស្ស៊ិនហ្សូ អាបេ (Shinzo Abe)​
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​អ្នក​តាម​ដាន​សភាពការណ៍​ប្រទេស​កម្ពុជា​បាន​ស្នើ​ថា​ ប្រទេស​ជប៉ុន​គួរ​តែ​ប្រើ​ប្រាស់​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រីស្ស៊ិនហ្សូ អាបេ (Shinzo Abe)​ ទៅ​ប្រទេស​កម្ពុជា​នៅ​ចុងសប្តាហ៍​នេះ​ដើម្បី​ជួយ​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​ដែល​មាន​រយៈ​ពេល​ជាង​បី​ខែ​មក​នេះ។​

អង្គការ​ Human Rights Watch ​បាន​សរសេរ​លិខិត​មួយ​ទៅ​នាយករដ្ឋមន្ត្រីជប៉ុន​ ស្ស៊ិនហ្សូ អាបេ​ ​ស្នើ​សុំ​ឱ្យ​លោក​ប្រើ​ប្រាស់​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជាដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​មាន​ការ​ជួយ​ពី​អន្តរជាតិ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ជាតិ​កន្លង​មក។​

នៅ​ក្នុង​លិខិត​ដែល​បាន​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​ Human Rights Watch ​បាន​បញ្ជាក់​ថា៖ «ជា​ញឹកញាប់​ មេដឹកនាំ​ជប៉ុន​តែងតែ​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​មិន​និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ទេ ហើយ​ការ​ដាក់​ការ​គាបសង្កត់​លើ​លោក​ហ៊ុន សែន​លើ​ការ​បោះឆ្នោត​ដែល​មាន​រឿងរ៉ាវ​មិន​ល្អ​ជា​មូលដ្ឋាន​ដូចនេះ​ គឺ​លោក​នាយករដ្ឋមន្ត្រី​អាបេ​មាន​ឱកាស​បង្ហាញ​ថា​ ប្រទេស​ជប៉ុន​ពិត​ជាធ្វើ​តាម​អ្វី​ដែល​ខ្លួន​និយាយនៅ​លើ​បញ្ហា​សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ»។

នៅ​ក្នុង​សេចក្តី​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​លោក​នាយករដ្ឋមន្ត្រីជប៉ុន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈ​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៦​និង​១៧​ខែ​វិច្ឆិកា​ខាងមុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ថែម​ទៀត​ថា​ ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​នឹង​មាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ជប៉ុន​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​អប់រំ​ និង​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ​និងស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​សុខាភិបាលនៃ​ប្រទេស​ទាំងពីរ។

លោក​គុជ​ ចាន់លី ​សកម្មជន​សហគមន៍​និង​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​នៅ​រដ្ឋ​ម៉ារីឡែនសហរដ្ឋ​អាមេរិក​បានយល់​ស្រប​ដែរ​ថា​ ជប៉ុន​គួរ​តែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​នយោបាយ​កម្ពុជា​ផងដែរ។

«ខ្ញុំ​យល់​ថា​ប្រទេស​ជប៉ុន​គួរ​ណាស់​លើកយក​ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កំពុង​តែ​ទាមទារ​ស្រែក​រក​យុត្តិធម៌​ជាពិសេស​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​កន្លង​ផុត​ទៅ​នេះ​ផង​ដើម្បី​ឱ្យ​ប្រទេស​ជប៉ុន​មាន​មុខ​មាត់​ជា​ប្រទេស​មួយ​ដែល​គេ​អាច​ទទួល​បាន​ថា​ស្រឡាញ់​យុត្តិធម៌​និង​ស្រឡាញ់​ដល់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភពលោកមួយ​នេះ​ដែរ»។​

ប្រទេស​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​រយៈ​ពេល​ជាង​បីខែ​មក​ហើយ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា។ លទ្ធផ​ល​ផ្លូវការ​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៨ ដែល​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ហើយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​ និង​លោក​កឹម​ សុខា​ឈ្នះ​បាន​តែ​៥៥​អាសនៈ​ប៉ុណ្ណោះ​ប៉ុន្តែ​គណបក្ស​ប្រឆាំង​យល់​ថា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ក្នុង​ការ​បោះឆ្នោត​នេះ​ហើយ​ធ្វើ​ពហិការ​ការ​ប្រជុំ​សភា​ជាតិ​និង​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​គណៈកម្មការ​ឯករាជ្យ​មួយ​មុន​នឹង​ពួកគេ​ចូលរួម​ប្រជុំ​សភា។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ​នៅ​ឡើយ​ទេ​ក្នុង​ខណៈពេល​ដែល​មាន​ប្រទេសមួយ​ចំនួន​ដូច​ជា​បារាំង​ អូស្រ្តាលី​ និង​ជប៉ុន​បាន​ចាប់​ផ្តើម​បង្ហាញ​ជំហរ​ចង់​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ជា​បណ្តើរៗ។

លោក​គុជ​ ចាន់​លី​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​សង្កេត​ឃើញ​រួច​មក​ហើយ​ថា​មាន​ប្រទេស​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ហើយ​នឹង​ស្វាគមន៍​ដល់​សម្តេច​តេជោ​ហ៊ុន សែន​ក្នុង​ការ​បោះឆ្នោត​នេះ​ទោះ​បី​ប្រទេស​ទាំង​អស់​នោះ​យល់​ថា ​ការ​បោះឆ្នោត​នោះ​មិន​ប្រកប​ដោយ​យុត្តិធម៌ ​សេរី​ និង​ពហុបក្ស​ក៏ដោយ​ ក៏ប៉ុន្តែ​យើង​អាច​យល់​ថា​បាន​ថា​នេះ​ជាការ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គេ។ ចំណែក​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​គេ​ពុំ​ឃើញ​ប្រយោជន៍​អ្វី​ចំពោះ​ប្រទេស​គេ​នោះ​ទេ ​គឺ​ថា​គេ​នៅ​តែ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដដែល​ដែរ»។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក៏​អំពាវនាវ​សុំ​ឱ្យ​លោក​ស្ស៊ិនហ្សូ​ អាបេ​ ជួប​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ធានា​ថា​ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន​ជួយ​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​ផងដែរ។

លោក​ស្រី​ខេណេ ដូយ ​នាយក​អង្គការ​ Human Rights Watch ​ប្រចាំ​ប្រទេស​ជប៉ុនបាន​បញ្ជាក់​ថា​ ប្រទេស​ជប៉ុន​គឺ​ជា​ម្ចាស់​ជំនួយ​ទ្វេភាគី​ឈាន​មុខ​គេ​សម្រាប់​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩១ ​ប៉ុន្តែ​មិន​បាន​និយាយ​ចេញ​អ្វី​នោះ​ទេ​ នៅពេល​ដែល​ការ​បោះឆ្នោត​មួយ​ដែល​ប្រឡាក់​ប្រឡូស​ដោយ​រឿង​អាក្រក់​ហើយ​រដ្ឋាភិបាល​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។ លោកស្រី​បញ្ជាក់​បន្ថែម​ថា​ ការខក​ខាន​មិន​បាន​លើក​យក​បញ្ហា​នោះ​មក​និយាយ​ គឺ​ជា​ការ​មើល​ស្រាល​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ដែល​ត្រូវ​ការ​ជ្រើសរើស​មេដឹកនាំ​របស់​គេ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណា​នៅ​ឡើយ​ទេពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុនប៉ុន្តែមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ឈាង វុន​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​គឺ​មិន​ផ្តោត​លើ​ការ​ជាប់​គាំង​នយោបាយ​នេះ​ទេ​ហើយ​វា​ជាការ​បាក់​មុខ​ដល់​កម្ពុជា​ដែល​ត្រូវ​ឱ្យ​ប្រទេស​ផ្សេង​មក​លូក​ដៃ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ជាតិ​នោះ៕
XS
SM
MD
LG