ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ជប៉ុន​អាច​ជួយ​ដោះស្រាយ​ភាព​ជាប់គាំង​នយោបាយ​កម្ពុជា


លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ព្រុយនេ កាល​ពី​​ថ្ងៃ​ទី​១០​ខែ​តុលា ឆ្នាំ​២០១៣។
លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ព្រុយនេ កាល​ពី​​ថ្ងៃ​ទី​១០​ខែ​តុលា ឆ្នាំ​២០១៣។
នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​អំពី​នាយករដ្ឋមន្ត្រី​ជប៉ុន​គ្រោង​នឹង​បំពេញ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ​ ក្រុម​អ្នកវិភាគ​ខ្លះ​បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្លះៗ​ថា​ ស្ថានការណ៍​នយោបាយ​ដែល​កំពុង​ជាប់គាំង​អាច​នឹង​ដោះស្រាយ​បាន​បន្ទាប់​ដំណើរ​ទស្សនៈកិច្ច​នេះ។​ ក្រុម​អ្នក​វិភាគ​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ ប្រទេស​ជប៉ុន​ធ្លាប់​ជួយ​ចូលរួម​ដោះស្រាយ​ការ​ជាប់​គាំង​ដំណើរ​នយោបាយ​ដូច​ក្រោយ​ការ​បោះឆ្នោត​ពី​អតីតកាល។

ចំ​ពេល​ដែល​កម្ពុជា​កំពុង​មាន​ការ​ជាប់គាំង​នយោបាយ​ផង​ ហើយ​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ដំណើរ​ទស្សនៈកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ​ស្ស៉ីនហ្សូ អាបេ ​(Shinzo Abe)​ មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ ​ផង​នោះ​ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​អះអាង​ថា​ដំណើរ​ទស្សនៈកិច្ច​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា​ដូច​កាល​ពី​អតីតកាល​ដែរ​ ទោះបី​ ជា​ទស្សនៈកិច្ច​របស់​លោក​ អាបេ​ ត្រូវ​គេ​ដឹង​ថា​ជា​ទស្សនៈ​កិច្ច​ផ្លូវការ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​មិត្តភាព​ជា​ធម្មតា​ក្តី។

លោក​ យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាពបាន​អះអាង​ថា ​ជប៉ុន​នៅ​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​នយោបាយ​ខ្មែរ​ ក្នុង​ការ​ជួយ​ឲ្យ​កម្ពុជា​ងើប​ផុត​ពី​ភាពក្រីក្រ​និង​ងើប​ផុត​ពី​សង្គ្រាម។

«បើ​យើង​មើល​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៣​ គឺ​ថា​២០០៤​ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​អាច​មក​ ត្រូវ​ការ​ត្រូវ​គ្នា​វិញ​ អាច​រៀបចំ​រដ្ឋាភិបាល​ត្រូវរ៉ូវ​គ្នា​ក៏​ដោយសារ​តែ​ការ​គូស​វាស​ ផ្លូវ​ពី​ជប៉ុន​ដែរ។​ កាល​នោះ​យើង​ហៅ​ថា​ដំណោះស្រាយ​របស់​ជប៉ុន»។

លោក​ថ្លែង​ថា​ជប៉ុន​អាច​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ឬ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយផ្នែក​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ ព្រោះ​គេ​ចង់​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​មួយ​ រដ្ឋសភា​មួយ​ត្រឹមត្រូវ។​ ហើយ​លោក​ថា ​បើ​កម្ពុជា​មិន​ស្តាប់​ជប៉ុន​ទេ​ នោះ​នឹង​មានបញ្ហា​ភាព​ស្រប​ច្បាប់​និង​ជំនួយ​ដល់​ប្រទេស។

«បើ​គណបក្ស​ទាំង​ពីរ​ហ្នឹង​អាច​មក​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ គេ​ក៏​មាន​ការ​ផ្តល់​ជំនួយ​ មក​ឲ្យ​សម្រាប់​គម្រោង​អភិវឌ្ឍ​នានា​របស់​កម្ពុជា​ហ្នឹង​ វា​មាន​ភាព​ងាយ​ស្រួល​ហើយ​ក៏​មិន​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ហើយ​ក៏​មិន​ខ្លាច​ការ​រិះគន់​ណា​មួយ​ពី​បណ្តារ​ភាគី​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​អាសនៈ​៦៨​ក្នុង​ចំណោម​១២៣ ​អាសនៈ​នៅ​រដ្ឋសភា​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​តាម​រយៈ​សភា​មួយ​ដែល​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ទាន់​ចូល​ស្បថ​កាន់​មុខ​តំណែង​ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់។​ទោះ​ជា​មាន​រដ្ឋាភិបាល​ធំៗ​ខ្លះ​ដូច​ជា​សហរដ្ឋ​អាមេរិក ​សហភាព​អឺរ៉ុប​ ចក្រភព​អង់គ្លេស​មិន​ទាន់​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ក្តី​ តែ​រដ្ឋាភិបាល​បរទេស​មួយ​ ចំនួន​បាន​ទទួល​ស្គាល់​រួច​ហើយ។​

រដ្ឋាភិបាល​ខ្លះ​ដូច​ជា​ជប៉ុន​ ជាដើម​បាន​ភ្ជាប់លក្ខខណ្ឌ​នឹង​ទទូច​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះសា្រយ​បញ្ហា​វិវាទ​បោះឆ្នោត​ដែល​ គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ ចាត់ទុក​ថា​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ និង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នោះ​ឲ្យ​មាន​តម្លាភាព។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ដែល​បាន​ឮ​អំពី​ព័ត៌មាន​នៃ​ ទស្សនៈកិច្ច​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​អះអាង​ថា ​ជប៉ុន​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ សម្រាប់​កម្ពុជា​ទំនង​ជា​អាច​ជួយ​ដោះស្រាយ​បាន​បញ្ហា​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ នាយករដ្ឋមន្ត្រី​អាបេ​នេះ។

«ខ្ញុំ​ថា​ប្រហែល​គេ​អាច​ជួយ​បាន​ស្ងាត់ៗ​អញ្ចឹង​ទៅ​ ហើយ​ធ្វើ​អន្តរាគមន៍​ផ្ទាល់ៗ​ អញ្ចឹង​ទៅ»។

លោក​ថា​ កម្ពុជា​គួរ​ត្រូវ​ស្តាប់​តាម​ជប៉ុន​ខ្លះៗ​ដែរ​កុំ​ឲ្យ​ប្រកាន់​ឥទ្ធិពល​ចិន​ខ្លាំង​ពេក​ព្រោះ​កម្ពុជា​ត្រូវការ​ជំនួយ​និង​ការ​គាំទ្រ​ផ្សេង​ពី​គ្រប់​ប្រទេស​ មិនមែន​តែ​ចិន​ឬវៀតណាម​តែ​ប៉ុណ្ណោះ​ទេ។

លោក ​បណ្ឌិត ​សុខ ទូច​សាកល​វិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ​ បាន​អះអាង​ ថា ​ទោះជា​ប្រទេស​ជប៉ុន​បាន​ទទួល​ស្គាល់​ថា​ ការ​បោះឆ្នោត​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ក្តី​ ក៏​ជប៉ុន​នៅ​ទាមទារ​ឲ្យ​ភាគី​កម្ពុជា​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ ដោយ​សន្តិវិធី​និង​យុត្តិធម៌​ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន។​ ហើយ​អ្នក​នយោបាយ​មាន​ជម្រើស​ថា​ តើ​ដោះស្រាយ​ឬ​បាត់​បង់​ជំនួយ។

លោក​សុខ ទូច ​ជឿ​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​ធ្វើ​តាម​អ្វី​ដែល​គេ​បាន​ឲ្យ​អនុសាសន៍​ ឬ​លក្ខខណ្ឌ​រួច​ហើយ​នោះ។

«ហើយ​បើ​សិន​ជា​មិន​ត្រូវ​គ្នា​ គេ​(ជប៉ុន)​នឹង​មិន​ផ្តល់អ្វី​ទៅ​ឲ្យ។​ ពេល​នោះ​ហើយ​ យើង​ដូច​ជា​ភ្ញាក់​ហើយ​ថា​ នេះ​ជា​ជំហរ​របស់​ភាគី​ម្ចាស់​ជំនួយ​ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​កុំ​បង្ហាញ​នូវ​ភាព​ខ្លាំង​រៀងៗ​ខ្លួន​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​វិបត្តិ»។

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ធ្វើ​បាតុកម្ម​និង​ដាក់​ញតិ្ត​ទៅ​ កាន់​សហគមន៍​អន្តរជាតិ​រួម​ទាំង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា​ និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា ​ហើយ​បញ្ឈប់​និង​ផ្អាក​ការ​ផ្តល់​ជំនួយ​ឬ ​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​គណបក្ស​ជំទាស់​អះអាង​ថា​ ជា​រដ្ឋាភិបាល​ខុស​ច្បាប់​ មិន​ស្រប​ច្បាប់​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG