ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​បណ្តេញ​ព្រះសង្ឃ​ដែល​ចូលរួម​រំឭក​ខួប​ឃាតកម្ម​លោក កែម ឡី ចេញ​ពី​វត្ត


រូបភាពដកស្រង់ចេញពីវីដេអូដែលបង្ហាញសកម្មភាព​បណ្តេញចេញព្រះសង្ឃ វត្តដំរីស ក្នុងខេត្តបាត់ដំបង។ (Facebook / Heng Heak)
រូបភាពដកស្រង់ចេញពីវីដេអូដែលបង្ហាញសកម្មភាព​បណ្តេញចេញព្រះសង្ឃ វត្តដំរីស ក្នុងខេត្តបាត់ដំបង។ (Facebook / Heng Heak)

មន្រ្តី​សិទ្ធិ​មនុស្ស និង​ព្រះ​សង្ឃ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង បន្ទាប់​ពីមាន​ការ​បណ្តេញ​ចេញ​ព្រះ​សង្ឃ​មួយ​អង្គ​នៅ​ក្នុង​វត្ត​ដំរី​ស ​ខេត្ត​បាត់​ដំបង ក្រោយ​ព្រះ​សង្ឃ​អង្គ​នោះ​បាន​ចូល​រួម​ធម្ម​យាត្រា​អប់​រំសីល​ ៥ ក្នុង​ថ្ងៃ​បុណ្យ​ខួប​មរណ​ភាព​របស់​ លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​ ២០១៦។

ព្រះ​តេជ​ព្រះគុណ សាំង រិទ្ធី ត្រូវ​បាន​គណៈក​ម្មការ​វត្ត​ដំរី​ស ក្រុង​បាត់​ដំបង​បណ្ដេញ​ចេញ​ពី​វត្ត កាល​ពី​ល្ងាច​ថ្ងៃ ទី ១៥ ខែ​កក្កដា ឆ្នាំ ២០២៤ បន្ទាប់​ពីព្រះ​អង្គ​បាន​និមន្ត​ចូលរួម​ការ​ដង្ហែ​ក្បួន ជាមួយ​សកម្មជន​ផ្សេង​ទៀត ដើម្បី​រំឭក​ខួប ​៨ ​ឆ្នាំ​នៃ​ការ​ស្លាប់ លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០២៤​ នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ក្រុម​សកម្មជនបាន​កាន់​បដា​ដែល​មាន​រូបលោកបណ្ឌិត ​កែម ឡី និង​អំពាវ​នាវ​ឱ្យ​ដោះ​លែងសកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ។

មន្រ្តី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​បណ្តេញ​ចេញ​ព្រះ​សង្ឃ​ពី​វត្ត​ដំរី​ស កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មួយ ពីព្រោះ​ព្រះ​សង្ឃ​មាន​មុខ​ងារ​សំខាន់​នៅ​ក្នុង​សង្គម ហើយ​ការ​បណ្តេញ​នេះ​ក៏​បាន​បង្ហាញ​រូបភាព​អាក្រក់​មួយ​ផង​ដែរ។

អ្នក​គ្រប់​គ្រង​ការិយាល័យ​អង្គការ​លីកាដូប្រចាំ​ខេត្ត​បាត់​ដំបង លោក អ៊ិន គង់ជិត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «ករណី​នេះ​វា​បាន​ជះឥទ្ធិពល ​និយាយ​ទៅ​ជា​ការគំរាម​កំហែង​ធ្ងន់​ធ្ងរ​ទៅ​លើ​ព្រះ​សង្ឃ​ ហើយ​បំបាក់​ស្មារតី​ព្រះ​សង្ឃ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច ហើយ​មិន​ហ៊ាន​បំពេញ​កិច្ច​ការងារ​ក្នុង​សង្គម ​ហើយ​កិច្ចការងារ​ផ្សេងទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​សហគមន៍ និង​សង្គម​ជាតិ»។

លោក​អំពាវនាវ​ដល់​ចៅ​អធិការ​វត្ត​ដំរីស​ឱ្យ​សម្រេច​ចិត្ត​ម្តង​ទៀត ​ចំពោះ​ការ​បណ្តេញ​ចេញ​នេះ ព្រម​ទាំង​បាន​អំពាវនាវ​ដល់​គណៈ​សង្ឃ​ខេត្ត មន្ទីរ​ធម្មការ និងសាសនា ខេត្ត​បាត់ដំបង​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បណ្តេញ​ព្រះ​សង្ឃ​ចេញ​ពី​វត្ត។

ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម ហៀក ហេង ដែល​បាន​ចូល​រួម​ធ្វើ​ធម្មយាត្រា​អប់រំ​សីល​ ៥ កាល​ពី​ថ្ងៃ​ទី​ ១០ ខែកក្កដា នៅ​ក្នុង​ខេត្ត​បាត់​ដំបង ដើម្បី​ឧទិ្ទស​កុសល​ជូន​លោក កែម ឡី ប្រាប់​វីអូអេ​ថា ​ការ​បណ្តេញ​ព្រះ​សង្ឃ​ចេញ​ពី​វត្ត​បែប​នេះ​ជា​ការ​រំលោភ​សិទ្ធ​សេរី​ភាព​របស់​ព្រះ​សង្ឃ ហើយ​ការ​បណ្តេញ​ព្រះ​សង្ឃ​ដែល​ចូល​រួម​ការងារ​សង្គម​បែប​នេះ​ជា​ការ​គំរាម​កំហែង​ដល់​ព្រះ​សង្ឃ និង​យុវជន​ដទៃ​ទៀត​មិនឱ្យចូលរួម​ការងារ​សង្គម។

ព្រះតេជគុណ​មាន​សង្ឃ​ដីកា​ថា៖ «អាត្មា​យល់​ថា ​សកម្មភាព​នៃ​ការ​បណ្តាញ​ចេញ​នេះ​គឺជា​សកម្ម​ភាព​បែប​ការ​រំលោភ​សិទ្ធមនុស្ស​ដ៏​ធ្ងន់​ធ្ងរ។ ហើយ​ប៉ះ​ពាល់​ទៅ​ដល់​សង្គម​របស់​យើង​ដែល​សង្គម​ប្រជា​ធិបតេយ្យ​បែរ​ជា​មិន​ទទួល​បាន​សិទ្ធ​នៃ​ការ​ចូល​រួម មាន​ការ​គំរាម​កំហែង​បណ្តេញ​ចេញ​អី​ចឹង​ទៅ។ មួយ​ទៀត ​វា​អាច​ជា​រូប​ភាព​ផល​អវិជ្ជមាន​ជា​ច្រើន​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​គាត់​ចង់​ចូល​រួម​សកម្មភាព​សង្គម ប៉ុន្តែ​ត្រូវ​បាន​បន្លាច ត្រូវ​បាន​បំភិត​បំភ័យ​ដោយ​អ្នក​ដឹក​នាំ​ធ្វើ​ឱ្យ​គាត់​មិន​ហ៊ាន​ចូល​រួម​សកម្មភាព ​មិន​ហ៊ាន​ចូល​រួម​ធ្វើ​ការងារ​សង្គម»។

ព្រះតេជ​គុណ​ដដែល​បញ្ជាក់​ថា ​ក្នុង​វិន័យ​ព្រះ​ពុទ្ធ​សាសនា​មិន​មាន​ច្បាប់​ណា​ឱ្យ​បណ្តេញ​ចេញ​ព្រះ​សង្ឃ​បែប​នេះ​នោះ​ទេ លុះ​ត្រា​តែ​សង្ឃ​អង្គ​នោះ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ ឬ​ជាប់​ទោស​ទណ្ឌ​នានា។ ព្រះ​អង្គ​បន្ថែម​ទៀត​ថា​ មក​ទល់​ពេល​នេះ​ យុវជន​មួយ​ចំនួន​ទៀត​ដែល​បាន​ចូល​រួម​កម្មវិធី​ធម្មយាត្រា ក៏​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ទាក់ទង​សួរ​ពី​មូល​ហេតុ​នៃ​ការ​ចូល​រួម​របស់​ពួក​គេ​ផង​ដែរ។

ព្រះតេជគុណ​ព្រះ​នាម សាំង រិទ្ធី ព្រះជន្ម​ ២៧ វស្សា ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​វត្ត​ដំរី​ស ប្រាប់​វីអូអេ​ថា​ បន្ទាប់​ពី​ព្រះតេជគុណ​បាន​ចូល​រួម​ធម្មយាត្រា​សីល ​៥ ជូន​ដល់​ លោក កែម ឡី រួច​មក ព្រះអង្គ​ត្រូវ​បាន​ចៅ​អធិការ​វត្ត​បណ្តេញ​ចេញ​ពី​វត្ត ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់​ឡើយ។

ព្រះ​តេជ​គុណ​មាន​សង្ឃដីកា​ថា៖ «ហើយ​សួរ​រក​ហេតុ​ផល​ថា​ម៉េច​បាន​ព្រះ​ចៅ​អធិការ ព្រះ​អង្គ​បាន​ដេញ​ខ្ញុំ​ករុណា​ចេញ លោក​បាន​បញ្ជាក់​ទៀត​ថា​កុំ​ចង់​ដឹង ប្រាប់​ថា ​និមន្ត​ចេញ​ក៏​ចេញ​ទៅ។ ហើយ​ដល់​លោក​អង្គ​ឯង​មិន​ស្តាប់ នឹង​មាន​វិធាន​ការ​ជា​ច្រើន បណ្តេញ​ព្រះ​អង្គ​ឯង​ចេញ»។

ព្រះតេជ​គុណ​រូប​នេះ​បញ្ជាក់​ថា​ ការ​បណ្តេញ​ចេញ​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មួយ ហើយ​ព្រះ​អង្គ​ទាមទារ​ឱ្យ​ចៅ​អធិការ​សុំ​ទោស​មក​កាន់​ព្រះ​អង្គ​ជា​សាធារណៈ​ជុំ​វិញ​ការ​បណ្តេញ​នេះ។

ព្រះ​ចៅ​អធិការ​វត្ត​ដំរី​ស​នៅ​ក្នុង​ខេត្ត​បាត់ដំបង ព្រះនាម ផុន សុគា ប្រាប់​វីអូអេ​ថា​ ការ​បណ្តេញ​ព្រះ​អង្គ សាំង រិទ្ធី ចេញ​ពី​វត្ត មិន​ទាក់ទង​នឹង​រឿង​នយោ​បាយ​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ព្រះ​អង្គ​ដោយ​ថា ​ព្រះអង្គ​មិន​គោរព​តាម​វិន័យ​របស់​វត្ត។

ព្រះ​អង្គ​ថ្លែង​ថា៖ «ទី​មួយ​យើង​មិន​មែន​ជា​រឿង​នយោ​បាយ ឬ​ក៏​ព្រះ​សង្ឃ​ដែល​ពាក់​ព័ន្ធ​នឹង​សង្គម​ហាម​ឃាត់​រឹត​ត្បិត​លោក​ទេ។ ច្បាប់​កន្លង​មក ​វា​មិន​ដែល​អត់​ឱ្យ​ព្រះ​សង្ឃ​ឯ​ណា​ចូល​រួម​សង្គម​ ចូល​រួម​ជួយ​សង្គម​ជួយ​ជាតិ​អី​ហ្នឹង យើង​មិន​មាន​ទេ យើង​អនុគ្រោះ។ កុំ​ឱ្យ​តែ​ធ្វើ​ខុស​ច្បាប់ ហើយ​មុន​នឹង​ទៅ​ណា​មក​ណា​ សុំ​ការ​អនុញ្ញាត។ យើង​មាន​វិន័យ មាន​ច្បាប់​របស់​វត្ត ព្រោះ​កន្លង​មក ដែល​គេ​ដេញ​លោក​អត់ ចុះ​ហេតុ​អី​បាន​មាន​តែ​យើង​មួយ? ដោយ​សារ​តែ​យើង​មិន​គោរព​ច្បាប់​ផ្ទៃ​ក្នុង​វត្ត។ ពេល​ចេញ​ទៅ​ណា​មិន​ប្រាប់។ ទីពីរ ​គេ​ហាម​អប់រំ​ទូន្មាន លោក​មិន​ស្តាប់»។

​ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​នាម សាំង រិទ្ធី ត្រូវ​បាន​ចៅ​អធិការ​វត្ត​ដំរីស​បណ្តេញ​ចេញ​ពី​វត្ត ក្រោយព្រះ​អង្គ​បដិសេធ​មិន​ព្រម​ចុះ​កិច្ច​សន្យា​ដែល​ចៅ​អធិការ​បាន​បញ្ជា​ឱ្យ​ចុះ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​រួម​ធ្វើ​ធម្មយាត្រា​អប់​រំសីល​ ៥ ដើម្បី​ឧទិ្ទស​កុសល​ជូន​ លោក កែម ឡី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG