ប្រជាពលរដ្ឋដែលរស់នៅបឹងតាមោកដែលកំពុងប្រឈមនឹងការបណេ្តញចេញបានស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់លើពួកគេ ខណៈពួកគេត្រូវបានតុលាការកោះហៅទៅបំភ្លឺពីបទ «ហិង្សាដោយចេតនា និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ»។
តុលាការរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យកោះហៅប្រជាពលរដ្ឋបឹងតាមោក ៩ នាក់ ចូលខ្លួនចំពោះមុខតុលាការ ដើម្បីស៊ើបសួរចម្លើយពីដំណើររឿងហិង្សាដោយចេតនា (ចាក់សាំងដុតស្បៃមុងបណ្តាលឱ្យឆាបឆេះរងរបួស) និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិបឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តុលាការលើកឡើងថា ក្នុងករណីពលរដ្ឋទាំងនោះ មិនចូលខ្លួនតាមកាលកំណត់ទេ ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឱ្យនាំខ្លួន។
ពលរដ្ឋទាំង ៩ នាក់នោះ រួមមានអ្នកស្រី ស៊ា ដាវី លោក អ៊ុត អាត អ្នកស្រី យន សម្បត្តិ អ្នកស្រី អំ ភឿន លោក ស៊ា សំបាត់ អ្នកស្រី គង់តឿ អ្នកស្រី ទឹម អ៊ុក អ្នកស្រី យ៉ុង ស្រីណុច និងអ្នកស្រី អំ យុក។ ក្នុងចំណោមពួកគេទាំង៩នាក់ មានពលរដ្ឋ២នាក់នៅតែរងពាក្យបណ្តឹងដដែល បើទោះបីពួកគេបានសម្រេចដោះដូរដីជាមួយអាជ្ញាធររួចក៏ដោយ។ នេះបើតាមប្រជាពលរដ្ឋ។
បើតាមដីកាកោះហៅចំនួន៩ផ្សេងគ្នាដែលវីអូអេទទួលបាន ពួកគេទាំង ៩ នាក់នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឱ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃខុសៗគ្នា ចាប់ពីចុងខែកក្កដានេះ រហូតដល់ដើមខែសីហា ឆ្នាំ ២០២៤។
អ្នកស្រី ស៊ា ដាវី អាយុ ៤២ ឆ្នាំ ពលរដ្ឋរងពាក្យបណ្តឹង នៅតំបន់បឹងតាមោក ប្រាប់វីអូអេថា មូលហេតុដែលពួកគេរងបទចោទប្រកាន់ ដោយសារតែពួកគេការពារផលដំណាំរបស់ខ្លួន ខ្លាចមានការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា កាលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងអាជ្ញាធរខណ្ឌព្រែកព្នៅបានដាក់គ្រឿងចក្រ ហើយបានកាយដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំជាពលរដ្ឋនេះអត់បានប្រព្រឹត្តអីខុសដូចបទល្មើសដល់ថ្នាក់ប្តឹងដល់ចូលក្រមព្រហ្មទណ្ឌ។ ពួកខ្ញុំជាប្រជាពលរដ្ឋនេះ គ្រាន់តែចុះទៅសួរនាំអាជ្ញាធរគាត់យកគ្រឿងចក្រមកកាយដីអាស្រ័យផលពួកខ្ញុំដែលធ្វើឱ្យខូចខាតដំណាំឈូក ហើយកន្លែងចិញ្ចឹមត្រីអីជាដើម»។
អ្នកស្រីបន្តថា អ្នកស្រីនឹងទៅចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ តាមដីកាកោះហៅ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «ទោះបីមិនមានកំហុសក៏ដោយ ពួកខ្ញុំនឹងចូលបំភ្លឺបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកខ្ញុំទាំងអស់គ្នា តាមដីកាកោះហៅតាមកំណត់។ ខ្ញុំអត់គេចវេសទៅណាទេ ទោះបីគាត់ដាក់កំណត់ក្នុងដីកានោះថា បើពួកខ្ញុំមិនចូលទៅបំភ្លឺទេ នឹងមានដីកានាំខ្លួនអីផ្សេងៗ។ ពួកខ្ញុំនៅតែចូលខ្លួនទៅបំភ្លឺបញ្ជាក់ពីភាពស្អាតស្អំ ដោយពួកខ្ញុំអត់បានប្រើប្រាស់ហិង្សាលើអាជ្ញាធរ ឬក៏រារាំងអាជ្ញាធរសាធារណៈណាទេ»។
លោក ស៊ា សំបាត់ អាយុ ៣៩ ឆ្នាំ ពលរដ្ឋម្នាក់ទៀតដែលរងពាក្យបណ្តឹងនេះដែរ ប្រាប់វីអូអេថា ការចោទប្រកាន់រូបលោកពីបទហិង្សាដោយចេតនា និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ មិនយុត្តិធម៌ឡើយសម្រាប់រូបលោកនិងប្រជាពលរដ្ឋផ្សេងទៀត។
លោក ស៊ា សំបាត់ ដែលត្រូវបានតុលាការបង្គាប់ឱ្យចូលបំភ្លឺនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤ បញ្ជាក់ថា៖ «នេះជារឿងអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ។ តុលាការគាត់ស្តាប់តែម្ខាង ហើយគាត់ចេះតែកោះហៅប្រជាជន! អត់ឱ្យប្រជាជនមានពេលរកស៊ី។ ពួកខ្ញុំនៅឯណេះ ខ្ញុំឈរលើទំនប់នេះ! ខ្ញុំអត់មានបានទៅ តែអាវក៏មិនបានពាក់ផង ឈរមើលគេហ្នឹង»។
លោកស្នើឱ្យតុលាការបញ្ឈប់ការប្តឹងផ្តល់មកលើពលរដ្ឋ ខណៈពលរដ្ឋនៅតំបន់បឹងតាមោកបន្តរងការបណ្តេញចេញ។
លោកថ្លែងថា៖ «គេឱ្យយើងដោះដូរទៅនៅឯលិច! នៅឯហ្នឹងគេមាន គេសងសំណងឱ្យយើងផ្ទះមួយ លុយមួយម៉ឺន។ ដោះដូរចង់អស់ហើយ សល់ជាង ៤ ០ខ្នងផ្ទះ នៅតែប៉ុន្មាននាក់ហ្នឹង! ហើយអ្នកដោះដូរហ្នឹង ខាងសាលាខណ្ឌសន្យាថាដោះដូរទៅគេនឹងដកពាក្យបណ្តឹង តែឥឡូវមិនដកណាប្តឹងដដែល។ គ្មានអីទេមានតែសុំឱ្យលោកតុលាការគាត់ទម្លាក់បទចោទលើពួកយើងខ្ញុំទាំងអស់គ្នាហ្នឹង! កុំឱ្យមានការប្តឹងផ្តល់តទៅមុខទៀត»។
បើតាមសហគមន៍ ប្រជាពលរដ្ឋមួយគ្រួសារត្រូវបានអាជ្ញាធរផ្តល់ដីនៅទីតាំងថ្មី ដែលមានទទឹង ៤ ម៉ែត្រ និងបណ្តោយ ១៨ ម៉ែត្រ ដែលស្ថិតក្នុងភូមិសំរោងដែរ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ករណីនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយលោកស្នើឱ្យប្រជាពលរដ្ឋគោរពតាមនីតិវិធីច្បាប់។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានតាមដានករណីនេះ យល់ថា បើតាមគោលការណ៍សិទ្ធិមនុស្ស ប្រជាពលរដ្ឋមានសិទ្ធិក្នុងការទាមទារឱ្យមានដំណោះស្រាយ ដោយមានការចរចាគ្នាដោយសន្តិវិធី និងការព្រមព្រៀង។ លោកជំរុញឱ្យតុលាការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជុំវិញការលើកឡើងរបស់ពលរដ្ឋបឹងតាមោក។
លោកថ្លែងថា៖ «តុលាការលោកគួរតែពិចារណាទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះគាត់កំពុងតែប្រឈមនឹងការបាត់បង់ដីធ្លី កំពុងតែប្រឈមនឹងការអស់ផ្ទះសម្បែង ជារឿងមួយដែលគាត់រងទុក្ខវេទនាណាស់ទៅហើយ រងពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឈមនឹងការដាក់ពន្ធនាគារជាដើមទៀត អាហ្នឹងគឺថាគាត់រឹតតែរងទុក្ខទ្វេឡើង»។
កាលពីកន្លងទៅ អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីបារម្ភ ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ផ្ទៃបឹងជាង ៧០% នៃផ្ទៃបឹងជាង ៣.២០០ ហិកតា ត្រូវបានកាត់សម្រាប់ការស្ថាបនាអគាររដ្ឋ និងឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង៕
វេទិកាបញ្ចេញមតិ