ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​ថា​«ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម»


រូបឯកសារ៖ ពលរដ្ឋខ្មែរម្នាក់ចូលរួមធ្វើបាតុកម្មដោយមានកាន់ទង់ជាតិខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៤។
រូបឯកសារ៖ ពលរដ្ឋខ្មែរម្នាក់ចូលរួមធ្វើបាតុកម្មដោយមានកាន់ទង់ជាតិខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៤។

ការ​ថ្លែង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប គឺ​លោក សុខ ឥសាន ពាក់ព័ន្ធ​នឹង​ខ្មែរ​កម្ពុជា​ក្រោម បង្ក​ឱ្យមាន​ប្រតិកម្ម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថា ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ជា​ជន​ជាតិ​វៀតណាម បន្ទាប់​ពី​បារាំង​ប្រគល់​ទឹក​ដី​កូសាំងស៊ីន​ឱ្យ​វៀត​ណាម​នៅ​ឆ្នាំ ​១៩៤៩។

លោក សុខ ឥសាន បាន​ផ្តល់​បទ​សម្ភាសន៍​ដល់វិទ្យុ​អាស៊ី​សេរី កាល​ពីថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ​ ២០២៤ ថា ​វា​មិន​មាន​ភាព​ចាំបាច់​ឡើយ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀត​ណាម​ក្នុង​ការ​ការពារ​ខ្មែរ​កម្ពុជា​ក្រោម។

លោក សុខ ឥសាន ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា៖ «យើង​ចេះ​តែ​ថា​ខ្លួន​យើង​ខ្មែរ​ក្រោម​ៗ ក៏​ប៉ុន្តែ​តាម​ពិត​សញ្ជាតិ​សុទ្ធ​តែ​វៀត​ណាម​ទាំង​អស់។ ឥឡូវ​មាន​បង​ប្អូន​ណា​កាន់​ passport [លិខិត​ឆ្លង​ដែន]​ ខ្មែរ​ សញ្ជាតិ​ខ្មែរ​ វា​អត់​មាន​ទេ។ តាំង​ពី​បារាំង​ប្រគល់​ទឹក​ដីកូសាំង​ស៊ីន​ឱ្យ​វៀត​ណាម​ហ្នឹង គឺ​ថា​បង​ប្អូន​ខ្មែរ​ទាំង​អស់​ ខ្មែរ​ក្រោម​ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​សញ្ជាតិ​ជនជាតិ​វៀតណាម​ហើយ។ នែ​ បើ​ជន​ជាតិ​វៀត​ណាម យើង​ទៅ​ផ្តាំ​ផ្ញើ​ស្អី​ទៀត។ អ៊ីចឹងសមាគម​គេ​មាន​ហើយ ឱ្យ​គេ​ទាម​ទារ​ទៅ​តាមគោល​ការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​អង្គ​ការ​សហ​ប្រជាជាតិ​ទៅ។ អត់​ខុស​ទេ​ ចាំ​បាច់​អី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​ទាម​ទារ​ជំនួស​បង​ប្អូន​ខ្មែរ​ក្រោម​នោះ​»។

រូបឯកសារ៖ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
រូបឯកសារ៖ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជារូបនេះកើតឡើង បន្ទាប់​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​ថ្វាយព្រះ​មហាក្សត្រ និង​ស្ថាប័ន​កំពូល​ៗ​របស់​កម្ពុជា ឱ្យ​លើក​យក​បញ្ហា​របស់​ខ្មែរ​ក្រោម​ដាក់​ជូន​ប្រធានាធិបតី​វៀត​ណាម​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន។ សមាគម​បាន​លើក​ឡើង​ថា ​អាជ្ញាធរ​វៀតណា​ម​មិនគោរព​សិទ្ធិ​ពលរដ្ឋខ្មែរ​ក្រោម ស្រប​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ឡើយ។

លោក សឺន ជុំជួន អនុ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​លើក​ឡើង​របស់ ​លោក សុខ ឥសាន គឺ​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​ខ្មែរ​ក្រោម​មួយ​រួប​ដែរ ហើយ​យើង​ក៏​ជា​សកម្មជន​ធ្វើ​ការ ដើម្បី​សិទ្ធិ​ខ្មែរ​យើង​ដែល​នៅ​កម្ពុជា​ក្រោម​! ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ អ្វី​ដែល​ជា​ប្រសាសន៍​របស់​ឯកឧត្តម​ សុខ ឥសាន។ គាត់​លើក​ឡើង​ថា​ខ្មែរ​ក្រោមក្លាយ​ជាជនជាតិ​វៀត​ណាម​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ពីព្រោះ​ថា​ជន​ជាតិ​នៅ​តែ​ជា​ជន​ជាតិ មិន​អាច​ជនជាតិ​ខ្មែរ​ក្លាយ​ជា​ជន​ជាតិ​វៀតណាម​អី​បាន​ទេ»។

លោក​ទទួល​ស្គាល់​ថា​ ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​កម្ពុជា​ក្រោម​អាច​ក្លាយ​ជា​សញ្ជាតិវៀត​ណាម​ ប៉ុន្តែ​មិន​មែន​ជា​ជន​ជាតិ​វៀត​ណាម។ លោក​ស្នើ​ឱ្យ​ លោក សុខ ឥសាន គួរ​តែ​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​ថា​ការ​លើក​ឡើង​របស់​លោក​ធ្វើ​ឡើង​ «ដោយ​អចេតនា» ឬ​យ៉ាង​ណា ដើម្បី​កុំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំថា​ខ្មែរក្រោម​ជា​ជន​ជាតិ​វៀតណាម។

លោក យ័ញ សេត អាយុ​ ៣៥ ​ឆ្នាំ សកម្មជន​សង្គម​ខ្មែរ​ក្រោម ក្នុង​ខេត្ត​ឃ្លាំង​នៃ​ប្រទេស​វៀតណាម ប្រាប់​វីអូអេ​ថា​ លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ លោក សុខ ឥសាន ដែល​លោក​ថា​ជា​ការ​ថ្លែង​មួយ​ដែល​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ខ្មែរ។

លោក​បញ្ជាក់​ថា៖ «ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ គឺ​មាន​ការ​អន់​ចិត្ត​ជា​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​ថា​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​គឺ​ជា​ខ្មែរ​តែ​មួយ និង​និយាយ​ថា ​ខ្មែរ​ក្រោម​ជា​យួន​ជា​ដើម​ហ្នឹង មិន​មែន​តែ​ចំពោះ​តែ​រូប​ខ្ញុំ​ទេ បង​ប្អូន​ខ្មែរក្រោម​ទូទៅ​ហ្នឹង​មាន​ការ​អន់​ចិត្ត​យ៉ាង​ខ្លាំង​ណាស់»។

លោក​ស្នើ​ឱ្យ​លោក​ សុខ ឥសាន ចេញ​មុខ​សុំទោសជា​សាធារណៈ​ចំពោះ​ការ​លើក​ឡើង​នេះ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​បាទ! សុំស្នើ​ឱ្យ​ឯកឧត្តម​សុខ ឥសាន ចេញ​សុំ​ទោស​ខ្មែរ​ក្រោម​ជា​សាធារណៈ ដើម្បី​កុំ​ឱ្យ​មាន​ការ​បែក​បាក់​ចំពោះ​ខ្មែរនិង​ខ្មែរ។ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ បង​ប្អូន​ខ្មែរ​ក្រោម​មាន​ការ​អន់​ចិត្ត​យ៉ាង​ខ្លាំង​ណាស់​ ចំពោះ​ទស្សនៈ​សម្តី​របស់​ឯកឧត្តម សុខ ឥសាន»។

រូបឯកសារ៖ សន្តិសុខម្នាក់យាមល្បាតនៅសួនសាធារណៈដែលជាទីតាំងនៃបូជនីយដ្ឋានកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ សន្តិសុខម្នាក់យាមល្បាតនៅសួនសាធារណៈដែលជាទីតាំងនៃបូជនីយដ្ឋានកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ លោក សេង វណ្ណលី យល់​ថា ​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន ដែល​ថា​ខ្មែរក្រោម​គឺ​ជា ​«ជនជាតិ​វៀត​ណាម» មិន​មែន​ «ជនជាតិ​ខ្មែរ» គឺ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​ស្តីពី ​«សញ្ជាតិ» និង​ថាការ​លើក​ឡើង​នេះ​បង្ហាញ​ថា​ខ្មែរ​ក្រោម​នៅ​តែ​ទទួលរង​ការ​លាប​ពណ៌​ថា​ជា​ជន​ជាតិ​វៀត​ណាម។

លោក​ថ្លែង​ថា៖ «ការ​ប្រមាថ​មើល​ងាយ​ថា ជន​ជាតិ​ខ្មែរ​ពិសេស​ខ្មែរ​ក្រោម​ថា​មិន​មែន​ជា​ជនជាតិ​ខ្មែរ​ ហើយ​បដិសេធ​ជា​ជនជាតិ​ស្រប​តាម​ច្បាប់ និង​សេចក្តី​ថ្លែង​ការណ៍​របស់​សម្តេច​បរម​កោដ្ឋ ហើយ​ចោទ​ខ្មែរ​ក្រោម​ថា​ជាជនជាតិ​វៀត​ណាម​តាម​ពិត​ទៅ​វា​ជា​ការ​ស្អប់​ខ្ពើម ឬ​មើល​ងាយ​ខ្មែរ​កម្ពុជា​ក្រោម​រាប់​លាន​នាក់ [...] ខ្មែរ​កម្ពុជា​ក្រោម​អត់​ដែរ​តូច​ចិត្ត​ទេ នៅ​ពេល​ដែល​យើង​មក​ខ្មែរ​លើ យើង​ក៏​លេចឮ​ថា​មាន​ទទួល​រង​ការ​ចោទថា​ខ្មែរ​កម្ពុជា​ក្រោម​គឺ​ជា វៀត​ណាម។ ចំណុច​ត្រង់​នេះ​ ធ្វើ​ឱ្យ​ការ​ដែល​លោក សុខ ឥសាន លើក​ឡើង​នេះ​ វា​ហាក់​បង្ហាញ​ពី​ការ​ពិត​ដែល​ថា​ខ្មែរ​ក្រោម​នៅ​តែ​បន្ត​រង​គ្រោះ​ដោយ​ការ​លាប​ពណ៌​ពី​អ្នក​នយោបាយ​ ដូច​ជា​ប្រភេទ​អ្នក​នយោបាយ​ប្រភេទ​លោក សុខ ឥសាន ជា​ដើម»។

លោក​ស្នើ​ឱ្យ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន ចេញ​មុខសុំទោស​ជា​សាធារណៈ​ចំពោះ​ខ្មែរ​ក្រោម​។

ជា​ការ​ឆ្លើយ​តប លោក សុខ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​លើក​ឡើង​របស់​លោក​មិន​មាន​ចេតនា​បង្ក​ឱ្យ​មាន​ការ​រើស​អើង ឬ​មើល​ងាយ​ទៅ​លើ​បង​ប្អូន​កម្ពុជា​ក្រោម​ឡើយ។ លោក​បន្ថែម​ថា​ កន្លង​ទៅ រូប​លោក​ផ្ទាល់​ក៏​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជនជាតិ​វៀតណាម​ដែរ។

លោក​ថ្លែង​ថា៖ «រឿង​ប្រតិកម្ម​វាជា​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ អ៊ីចឹង​ទេ​ការ​យល់​ឃើញ​គឺ​ខុស​ៗ​គ្នា​បាទ។ ជា​ជំហរ​របស់​ខ្ញុំ​ ខ្ញុំ​មិន​បាន​ប្រមាថ​មើល​ងាយ​ឬ​ក៏​រើស​អើង​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ទេ! ខ្ញុំ​គ្រាន់​តែ​និយាយ​អំពី​ផ្លូវ​ច្បាប់​ដែល​គេ​សួរ​ថា​តើ​រាជ​រដ្ឋាភិបាល​មូល​ហេតុ​អី​បាន​មិន​អន្តរាគមន៍​ឱ្យ​រាជ​រដ្ឋាភិបាល​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ហ្នឹង​ ជួយ​សម្រួល​ដល់​បញ្ហា​ជីវភាព​របស់​ផ្សេងៗ​របស់​ខ្មែរ​កម្ពុជា​ក្រោម​តែ​ប៉ុណ្ណោះ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ព្រោះ​បងប្អូន​ទទួល​បាន​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​វៀតណាម ហើយ​ Passport [លិខិត​ឆ្លង​ដែន] សញ្ជាតិ​វៀតណាម អ៊ីចឹង​ទេ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​អន្តរាគមន៍​យ៉ាង​ម៉េច​ក៏​មិន​អាច​មាន​លក្ខណៈ​ទៅ​កើត​ទេ។ វា​មាន​ន័យ​ថា ​ដូច​ជា​យើង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង ទោះ​បី​បងប្អូន​ជា​ខ្មែរ​ក្រោម​ក៏​ពិត​មែន តែ​បង​ប្អូន​បាន​ប្រើប្រាស់​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​របស់​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ហើយ»។

ទោះ​ជា​យ៉ាង​ណា លោក សុខ ឥសាន ថ្លែង​ថា ​លោក​សាទរ​ចំពោះ​ការ​ធ្វើ​អត្តញ្ញាណប័ណ្ណ​សញ្ជាតិ​វៀតណាម​ដល់​បង​ប្អូន​កម្ពុជា​ក្រោម ដោយ​មាន​ការ​បញ្ជាក់​ជា​ជន​ជាតិ​ខ្មែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG