ក្រុមយុវជនស្ម័គ្រចិត្តលើកិច្ចការពារបរិស្ថានលើកឡើងថា ពួកគេនៅតែបន្តធ្វើសកម្មភាពការពារបរិស្ថាន និងស្នើឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពឱ្យបានពេញលេញ ខណៈពួកគេព្រួយបារម្ភពីការចាប់ខ្លួន។
ការលើកឡើងរបស់ពួកគេ កើតមានបន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិចំនួន ១០ នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ៦ ទៅ ៨ ឆ្នាំ ពីបទ«រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» កាលពីដើមខែកក្កដា។ យុវជន ៥ នាក់ ក្នុងចំណោមនោះត្រូវបានចាប់ខ្លួនទាំងបង្ខំ និងបញ្ជូនទៅឃុំក្នុងពន្ធនាគារតាមបណ្តាខេត្តផ្សេងៗពីគ្នា។
កញ្ញា ណុប ស្រីពេជ្យ អាយុ ២០ ឆ្នាំ ជាយុវជនស្ម័គ្រចិត្តធ្វើកិច្ចការបរិស្ថានប្រាប់ វីអូអេថា កញ្ញាភ័យខ្លាច និងព្រួយបារម្ភ ក្រោយពេលមានការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដែលធ្វើការពាក់ព័ន្ធនឹងការការពារបរិស្ថាន។ កញ្ញាបន្តថា ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិគឺជារូបភាពមួយដែលធ្វើឱ្យយុវជនមានភាពភ័យខ្លាច ហើយអាចនឹងមិនចង់ចូលរួមសកម្មភាពការពារបរិស្ថានបន្តទៀត។
កញ្ញា ណុប ស្រីពេជ្យ ថ្លែងថា៖ «ចង់មិនចង់ខ្ញុំគិតថា នៅពេលដែលមានរូបភាពបែបហ្នឹង ចាប់សកម្មជនបែបហ្នឹង ខ្ញុំគិតថា យុវជនមួយចំនួនគាត់ប្រាកដជាភ័យខ្លាច ហើយក៏លែងហ៊ានចង់ចូលរួមដែរ ព្រោះអីពួកគាត់ខ្លាចចាប់ដាក់ពន្ធនាគារដូចបងទាំង៥នាក់ដែរអ៊ីចឹង [...] ហ្នឹងជាអីដែលខ្ញុំភ័យ ភ័យកាន់តែខ្លាំងថា សង្គមនឹងទៅជាយ៉ាងណាទៀត នៅពេលដែលយុវជនគាត់ចង់ចូលរួមការពារប៉ុន្ដែរដ្ឋាភិបាលមិនស្វាគមន៍ពួកយើង»។
យ៉ាងនេះក្តី យុវតីរូបនេះបន្ថែមថា ខ្លួននៅតែបន្តចូលរួមកិច្ចការពារបរិស្ថាន បើទោះបីជាមានការចាប់ខ្លួនក៏ដោយ។ កញ្ញាក៏ស្នើឱ្យអាជ្ញាធរបើកលំហសិទិ្ធសេរីភាពសម្រាប់ពលរដ្ឋដើម្បីចូលរួមកិច្ចការងារបរិស្ថាន។
កញ្ញាថ្លែងថា៖ «ហើយដូចគ្នានៅថ្ងៃអនាគតក៏ដោយ ខ្ញុំពិតជាចង់ឃើញថា មិនថាខាងក្រសួងបរិស្ថាន ឬក៏ក្រសួងពាក់ព័ន្ធ យើងចង់ឃើញរូបភាពមួយដែលពួកគាត់សហការជាមួយសកម្មជន ព្រោះអីសកម្មជន យុវជនដែលស្រឡាញ់ធម្មជាតិធ្វើរឿងទាំងអស់ហ្នឹងឡើងគឺមិនមែនដើម្បីតែពួកគាត់តែម្នាក់ទេ គឺធ្វើដើម្បីទាំងអស់គ្នា ព្រោះព្រៃឈើមិនមែនទទួលបានផលតែពួកគាត់ទេគឺបានទាំងអស់គ្នា»។
យុវជនតែងតែងចូលរួមធ្វើសកម្មភាពការពារបរិស្ថានមួយរូបទៀត លោក ថន ធន អាយុ ២ ៤ឆ្នាំ យល់ឃើញថា សកម្មជន ឬយុវជនដែលធ្វើកិច្ចការការពារបរិស្ថាន មិនគួរត្រូវបានចាប់ខ្លួននោះទេ។ លោកថា អ្នកដែលបំផ្លាញធនធានធម្មជាតិទៅវិញទេដែលគួរតែត្រូវទទួលទោស។
លោក ថន ធន ថ្លែងថា៖ «បើសិនជាយើងគ្រាន់តែជាអ្នកស្រឡាញ់ អ្នកការពារដ៏ល្អម្នាក់ វាគួរតែយើងជាអ្នកដែលស្មោះត្រង់ និងអ្នកការពារជាតិ ប៉ុន្ដែបទចោទប្រកាន់ហ្នឹងខ្ញុំយល់ថា វាហាក់ដូចជាធ្ងន់ធ្ងរខ្លាំងពេកដែលចោទប្រកាន់អ្នកការពារធនធានធម្មជាតិហ្នឹងទៅជាពួកក្បត់ជាតិ។ ខ្ញុំយល់ថា ប្រការចោទប្រកាន់នេះវាពិតជាពិបាកទទួលយកសម្រាប់ខ្ញុំ ទាំងយុវជនឯទៀតព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅ»។
យុវជនរូបនេះអះអាងថា ខ្លួននៅតែបន្តចូលរួមសកម្មភាពកិច្ចការងារបរិស្ថាន ដើម្បីការពារបរិស្ថាននិងទាមទារភាពយុត្តិធម៌ជូនសកម្មជនបរិស្ថានដែលត្រូវបានគេចោទប្រកាន់ និងចាប់ខ្លួនកន្លងមក។
ស្រដៀងគ្នានេះ លោក ផង់ អាន អាយុ ២០ ឆ្នាំ ជាយុវជនបរិស្ថានម្នាក់ទៀតលើកឡើងដែរថា ការចាប់ខ្លួនសកម្មជនបរិស្ថានគឺជារូបភាពដែលមិនអាចទទួលយកបាន។ លោកថា លោកនៅតែបន្តចូលរួមការងារការពារបរិស្ថានដោយភាពក្លាហាន។
លោក ផង់ អាន ថ្លែងថា៖ «បើទោះបីជាមានហេតុការណ៍បែបនេះកើតឡើងក៏ដោយ ខ្ញុំអត់មានភាពភ័យខ្លាចផងដែរ ព្រោះការនិយាយការពិតមិនមែនជារឿងខុសឆ្គង ដូចពាក្យរបស់បណ្ឌិត កែម ឡី គាត់បានលើកឡើងថា ទោះរស់បាននៅសល់មួយវិនាទីក៏ដោយ ក៏ខ្ញុំត្រូវនិយាយការពិតឱ្យពលរដ្ឋខ្មែរបានដឹង»។
ក្រុមយុវជនចលនាមាតាធម្មជាតិតែងបង្ហោះសារជាអក្សរ រូបថត និងវីដេអូអំពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន មានទាំងការបំពុលទឹក បំពុលបរិយាកាស ការបូមខ្សាច់ ការការពារធនធានធម្មជាតិ ជាដើម។ ពួកគេមួយចំនួនរងនូវការគំរាមកំហែង និងចាប់ខ្លួនដោយសារសកម្មភាពទាំងនោះ។
កាលពីខែកញ្ញា ឆ្នាំ ២០២០ អាជ្ញាធរបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣ នាក់ គឺកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ កើតមានឡើងបន្ទាប់ពីកញ្ញា ឡុង គន្ធា បានបង្ហោះសារលើហ្វេសប៊ុកអំពីគម្រោងដើរពីវត្តភ្នំទៅកាន់ភូមិគ្រឹះអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក អំពីបញ្ហាលុបបឹងតាមោក ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។
ក្រោយមកពួកគេទាំងបីនាក់ និងសកម្មជនពីរនាក់ទៀត គឺកញ្ញា ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្របន្ថែមទៀត ដោយអាជ្ញាធរបានយោងលើការប្រជុំរបស់ពួកគេតាមវីដេអូ Zoom ជាមួយលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិ និងការអត្ថាធិប្បាយរបស់លោកអាឡិច ជាមួយសារព័ត៌មានមួយចំនួន។
នៅមុនការចាប់ខ្លួនពួកគេទាំងនេះ អតីតយុវជនចលនាមាតាធម្មជាតិមួយចំនួនទៀតក៏ធ្លាប់ត្រូវបានចោទប្រកាន់ និងចាប់ខ្លួនដោយសារសកម្មភាពប្រឆាំងនឹងការបូមខ្សាច់ និងបញ្ហាបរិស្ថានផ្សេងៗ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅកម្ពុជាមានអ្នកធ្វើការងារលើបរិស្ថានច្រើន ដូចជាក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមយុវជនផ្សេងៗទៀតដោយគ្មានការបិទសិទ្ធិសេរីភាពអ្វីឡើយ។
លោកថ្លែងថា៖ «នៅកម្ពុជាយើងអត់មានការរិតត្បិតសិទ្ធិសេរីភាពអីទេ សុំឱ្យតែគោរពច្បាប់តែប៉ុណ្ណឹងឯង។ តើក្រុមបរិស្ថានណាដែលមកព្រួយបារម្ភថា លម្ហសេរីភាពហ្នឹង? ក្មួយ[យុវជន]ធ្វើអីក៏បានដែរ ធ្វើចុះនៅស្រុកប្រទេសកម្ពុជា កុំតែម៉្យាងគត់ គឺរំលោភច្បាប់បានហើយ។ ក្មួយ [យុវជន] មានសិទ្ធិធ្វើអីគ្រប់បែបយ៉ាង មិនថាបរិស្ថាន មិនថាការងារសង្គមផ្សេងៗទៀតទេ យើងអាចធ្វើបានដោយសេរី សូមឱ្យគោរពតាមច្បាប់របស់កម្ពុជាតែប៉ុណ្ណឹងតើក្មួយ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការចាប់ខ្លួន និងផ្តន្ទាទោសយុវជនចលនាមាតាធម្មជាតិកាលពីពេលថ្មីៗនេះ ពីបទប្រមាថព្រះមហាក្សត្រមិនមែនពាក់ព័ន្ធនឹងរឿងកិច្ចការងារបរិស្ថាននោះទេ។
លោកថា៖ «គេចាប់ខ្លួន និងផ្តន្ទាទោសយុវជនប៉ុន្មាននាក់ដែលជាកូនចៅ អាឡិច ពីបទប្រមាថព្រះមហាក្សត្រ និងពីបទគប់គិត គម្រោងក្បត់ គម្រោងប្រឆាំងរាជរដ្ឋាភិបាល ផ្តួលរំលំរាជរដ្ឋាភិបាល គេអត់បានចាប់ពីរឿងក្មួយ [យុវជន] ធ្វើការងារបរិស្ថានអីទេ ឱ្យច្បាស់កន្លែងហ្នឹង»។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វីអូអេថា លោកបារម្ភចំពោះការចាប់ខ្លួនសកម្មជន និងពលរដ្ឋសកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនយល់ថា ការចូលរួមសកម្មភាពបរិស្ថានជាអំពើខុសច្បាប់។ លោកស្នើរដ្ឋាភិបាលត្រូវបើកឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «អ្នកដែលគួរត្រូវបានចាប់ខ្លួន និងឃាត់ខ្លួនពិតប្រាកដនោះ គឺក្រុមអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិបរិស្ថាននោះទេ ដែលគួរតែត្រូវទទួលបទល្មើសចំពោះមុខច្បាប់។ ផ្ទុយទៅវិញ រដ្ឋាភិបាលត្រូវបើកឱ្យមានការសម្របសម្រួលក្នុងការចូលរួមពីភាគីពាក់ព័ន្ធ ទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងសកម្មជន ទាំងអ្នកការពារបរិស្ថានធនធានធម្មជាតិអីផ្សេងៗ ឱ្យចូលរួមឱ្យបានទូលំទូលាយ។ វត្តមាននៃការចូលរួមបានទូលំទូលាយរបស់ពួកគាត់ មិនត្រឹមតែជួយដល់មន្រ្តីជំនាញក្នុងការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាពទេ ក៏ជួយជំរុញឱ្យគោលនយោបាយរបស់រដ្ឋាភិបាលមានភាពជោគជ័យដែរ»។
លោកបន្ថែមថា បើសិនរដ្ឋាភិបាលនៅតែមិនបើកឱ្យមានការចូលរួមឱ្យបានទូលាយក្នុងការការពារបរិស្ថានធនធានធម្មជាតិទេ នោះនឹងធ្វើឱ្យឧក្រិដ្ឋកម្មព្រៃឈើ ឬអ្នកបំផ្លាញបរិស្ថានមានឱកាសច្រើនក្នុងការប្រព្រឹត្តបទល្មើស។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា សកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិដែលត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ គ្រាន់តែជាសកម្មភាពមួយក្នុងការចូលរួមការពារបរិស្ថានធនធានធម្មជាតិតែប៉ុណ្ណោះ គួរតែមានការលើកទឹកចិត្ត មិនមែនចាប់ដាក់ពន្ធនាគារនោះទេ។
លោកបញ្ជាក់ថា៖ «ការចាប់ខ្លួនហ្នឹង ទាំងអង្គការជាតិ និងអង្គការអន្តរជាតិក៏ដូចជាសហគមន៍អន្តរជាតិ គេចាត់ទុកថា វាជាការរំលោភទៅលើសេរីភាពជាមូលដ្ឋាន និងសេរីភាពក្នុងការបញ្ចេញមតិ។ ការចាប់ខ្លួនរបស់ពួកគាត់ មើលទៅសកម្មភាពរបស់គាត់គ្រាន់តែ នៅក្នុងសកម្មភាពមួយចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថានធនធានធម្មជាតិ[...]ផ្ទុយទៅវិញការចាប់ខ្លួននេះ វាជាសារមួយដែរ ដែលធ្វើឱ្យយុវជនចង់ចូលរួមដូចពួកគាត់មានភាពរារែក ខ្លាចមានបញ្ហាដូចពួកគាត់»។
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកអាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ចំនួន ៨ ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ចំណែកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងមនុស្សប្រាំនាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន ៦ ឆ្នាំ ពីបទរួមគំនិតក្បត់។
ក្រោយការកាត់ទោស និងចាប់ខ្លួនសកម្មជនទាំងនេះ គេឃើញអង្គការជាតិ-អន្តរជាតិ និងបណ្តាស្ថានទូតប្រទេសប្រជាធិតេយ្យធំៗនៅកម្ពុជា បានរិះគន់ និងចាត់ទុកការផ្តន្ទាទោសលើសកម្មជនមាតាធម្មជាតិថាជា «រឿងគួរឱ្យអាម៉ាស់»។ ពួកគេស្នើឱ្យទម្លាក់ចោលការផ្តន្ទាទោស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងដាក់ទោសទៅលើពួកគេបន្តទៀត៕
វេទិកាបញ្ចេញមតិ