ការអំពាវនាវនេះធ្វើឡើយមួយឆ្នាំ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះ ក្រោយត្រូវបានពួកជួញដូរមនុស្សបោះបង់ពួកគេចោលនៅក្នុងសមុទ្រ។
ជនភៀសខ្លួនទាំងនោះភាគច្រើនជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលស្ថិតនៅរដ្ឋ Arakine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា(ភូមា) និងត្រូវបានគេជួយសង្គ្រោះបន្ទាប់ពីមានការបង្រ្កាបពីអាជ្ញាធរថៃ។
កាលពីមុន ជំរំនានាដែលពួកជួញដូរមនុស្សប្រើប្រាស់ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃប៉ែកខាងត្បូង ហើយសាកសពរាប់សិបត្រូវបានរកឃើញនៅក្នុងផ្នូររាក់ៗ។
មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធជាមួយនឹងក្រុមជួញដូរ មនុស្ស ដោយក្នុងនោះក៏មានក្រុមមន្ត្រីថៃខ្លះផងដែរ។
កិច្ចប្រជុំបន្ទាន់កាលពីខែឧសភាឆ្នាំ២០១៥ រវាងប្រទេសចំនួន១៧ ដោយរួមមានទាំងសហរដ្ឋអាមេរិក ជប៉ុន ស្វីស អូស្ត្រាលី និងទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិសំខាន់ៗមួយចំនួនផងនោះ បានដាក់សម្ពាធឲ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហានៃការធ្វើអន្តោប្រវេសន៍ខុសប្រក្រតីនេះ។
ប៉ុន្តែមួយឆ្នាំ បន្ទាប់ពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ត្រូវបានគេបោះបង់ចោលនៅក្នុងសមុទ្រ ពួកគេរាប់ពាន់នាក់នៅតែជាប់នៅក្នុងជំរំឃុំឃាំងដដែល។
អង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)ជិត២៥០០នាក់ត្រូវបានឃុំឃាំងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយមួយចំនួនទៀតត្រូវបានឃុំឃាំងនៅក្នុងទីជម្រកក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។
លោកស្រី Aung San Suu Kyi បានដឹងអំពីបញ្ហានេះអំឡុងពេលលោកស្រីធ្វើទស្សនកិច្ចនៅប្រទេសថៃ
ទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា(ភូមា) គឺលោកស្រី Aung San Suu Kyi នឹងធ្វើទស្សនកិច្ចទៅប្រទេសថៃនៅក្នុងសបា្តហ៍នេះ និងបានអំពាវនាវទៅសមាគមអន្តរជាតិ ឲ្យទុកពេលវេលាគ្រប់គ្រាប់ឲ្យប្រទេសមីយ៉ាន់ម៉ា(ភូមា) ក្នុងការដោះស្រាយបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)។
ក្រុមអង្គការសង្គមស៊ីវិលថៃថ្លែងថា ខ្លួនសង្ឃឹមថា នឹងអាចលើកឡើងអនុសាសន៍មួយ
ចំនួនទៅលោកស្រី Suu Kyi ដែលជារដ្ឋមន្ត្រីក្រសួងការបទេសមីយ៉ាន់ម៉ា(ភូមា)ផងនោះ។ បញ្ហាដែលគេគ្រោងលើកឡើង រួមមានការចូលសញ្ជាតិរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា(ភូមា)។
Siriprapha Retcharamesree មកពីវិទ្យាស្ថានធនធានមនុស្សនៃសកលវិទ្យាល័យ Mahidol និយាយថា បញ្ហាស្តីពីការឃុំខ្លួន និងភាពគ្មានប្រទេសរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) គឺនៅតែជាបញ្ហានៅឡើយ។
Siriprapha បានប្រាប់ VOA ថា៖ «បញ្ហាគឺនៅតែស្ថិតនៅទីនោះ។ វានៅតែដូចពេលមុនអញ្ចឹង។ អ្នកដែលត្រូវជាប់នៅក្នុងមណ្ឌលឃុំឃាំង នៅតែជាប់នៅទីនោះ។ ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលស្ថិតនៅកន្លែងផ្សេងទៀត នៅតែស្ថិតក្នុងគ្រោះថ្នាក់ ដែលត្រូវគេចាប់ខ្លួនដាក់ក្នុងមណ្ឌលឃុំឃាំង ឬក៏បញ្ជូនត្រឡប់មកវិញ។ ហានិភ័យធំៗនៅតែមាននៅទីនោះ។ សិទ្ធិរបស់ពួកគេមិនត្រូវបានការពារទេ។ សម្រាប់ខ្ញុំនេះគឺជាបរាជ័យមួយ»។
អង្គការសហប្រជាជាតិនឹងលើកយកបញ្ហានេះមកដោះស្រាយពេលក្រោយនៅក្នុងឆ្នាំនេះ
កិច្ចប្រជុំថ្នាក់តំបន់បានធ្វើឡើងដោយបានលើកឡើងពីបញ្ហា ហើយនឹងមានកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីអំពីបញ្ហាជនភៀសខ្លួន និងចលនាចំណាកស្រុក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា ក្នុងឆ្នាំនេះ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលជាប់ក្នុងមណ្ឌលឃុំឃាំង កំពុងតែអស់សង្ឃឹមកាន់តែខ្លាំងឡើងៗ។ កាលពីថ្ងៃទី២៣ ខែឧសភា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)ចំនួន២១នាក់បានរត់ចេញពីមណ្ឌលឃុំឃាំង នៅភាគខាងត្បូងប្រទេសថៃ ហើយបានបណ្តាលឲ្យអ្នកទោសម្នាក់បានស្លាប់ ដោយសារប៉ូលិសថៃបានបាញ់។
ការរិះគន់រដ្ឋាភិបាលថៃ និងអាស៊ាន
Angkhana Neelapaichit សមាជិករបស់គណៈកម្មាការសិទ្ធិមនុស្សជាតិ ថ្លែងថា ការឆ្លើយតបរបស់រដ្ឋាភិបាលថៃមិនមានបង្ហាញវិធានការទេ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់កាលពីខែឧសភា ឆ្នាំមុន។ Angkhana បាននិយាយថា៖
«រដ្ឋាភិបាលថៃនៅតែគ្មានគោលនយោបាយច្បាស់លាស់សម្រាប់ក្រុមមនុស្សទាំងនេះ។ ពួកគេគឺជាជនចំណាកស្រុក ហើយពួកគេត្រូវបានឃុំខ្លួន ដោយមិនអាចចេញទៅក្រៅធ្វើការបាន មិនអាចទៅរៀន និងមិនអាចទទួលបានសេវាសុខភាពសាធារណៈ។ ទាំងនេះហើយគឺជាបញ្ហា»។
របាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអូស្រា្តលី ABC នាពេលថ្មីនេះ បានរកឃើញថា ជំរំជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ា (Rohingya) ដែលស្ថិតនៅភាគខាងលិចរដ្ឋ Rakhine មិនមានការគ្រប់គ្រងសមរម្យទៅតាមរចនាសម្ព័ន្ធស្តង់ដារទេ ដែលបង្គន់មួយចំនួនត្រូវបានខូចខាតដោយសារតែមានខ្យល់ព្យុះថ្មីៗនេះ ដែលធ្វើឲ្យទាំងបុរស និងស្រ្តីត្រូវបង្ខំចិត្តទៅបន្ទោបង់នៅទីវាលក្បែរៗនោះ។
ការផ្គត់ផ្គង់ផ្នែកហរិញ្ញវត្ថុកំពុងពិភាក្សា
សហគមន៍អាស៊ានថ្លែងថា ខ្លួនបានយល់ព្រមបង្កើតមូលនិធិពិសេសមួយដើម្បីផ្គត់ផ្គង់ដល់ជនចំណាកស្រុក និងជនភៀសខ្លួន។ ដំណើរការនេះបានទទួលការស្វាគមន៍ដោយក្រុមអង្គការសិទ្ធិមនុស្ស។
លោក Mathew Smith ជានាយកប្រតិបត្តិរបស់ក្រុមអង្គការសិទ្ធិមនុស្សឈ្មោះ Fortify Rights បានថ្លែងថា មានការធ្លាក់ចុះចំនួនក្រុមជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា(ភូមា) ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់ចាំបាច់ត្រូវដោះស្រាយបញ្ហាធំធេងជាងនេះ។
លោក Smith បានថ្លែងប្រាប់ VOAថា៖ «បញ្ហាឥឡូវនេះ គឺការឆ្លើយតបពីរដ្ឋាភិបាលថ្នាក់តំបន់ មិនបានដាក់ការការពារជនរងគ្រោះជាបញ្ហាអទិភាពនោះទេ។ ដូច្នេះហើយ អ្នកដែលត្រូវបានជួយសង្រ្គោះពីការជួញដូរមនុស្ស កាលពីឆ្នាំមុន គឺស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ»។
លោកបន្តទៀតថា សហគមន៍អាស៊ានចាំបាច់ត្រូវធ្វើគោលនយោបាយបន្ថែមទៀត ទៅលើការធ្វើចំណាកស្រុកខុសប្រក្រតីក្នុងតំបន់ ដែលភាគច្រើនទាក់ទិននឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែនជាប្រព័ន្ធ។ «នេះគឺបញ្ហាឆ្លងដែន ជាបញ្ហាអន្តរជាតិ ជាបញ្ហាក្នុងតំបន់ ហើយពិតណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហានេះតែឯកឯងបានទេ»៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា