ប្រតិកម្មនានាបានធ្លាក់មកជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍នេះប្រឆាំងទៅនឹងការបង្រ្កាបបាតុកម្ម និងការចាប់ខ្លួនតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ ខណៈដែលតំណាងរាស្ដ្រចំនួនពីររូបផ្សេងទៀតត្រូវបានចាប់ខ្លួន។
កាលពីថ្ងៃអង្គារទី១៥ខែកក្កដា ការប៉ះទង្គិចយ៉ាងហិង្សាមួយបានកើតឡើងរវាងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងក្រុមអាជ្ញាធរ ហើយបានបណ្តាលឲ្យមានមនុស្សយ៉ាងតិច៥០នាក់រងរបួសធ្ងន់ និងស្រាល។ រហូតមកដល់ពេលនេះមានតំណាងរាស្ដ្រដែលមិនទាន់មានអភ័យឯកសិទ្ធិរបស់គណបក្សសង្គ្រោះជាតិចំនួនប្រាំពីររូប និងមន្ត្រីរបស់គណបក្សនេះម្នាក់ត្រូវបានចាប់ខ្លួន និងប្រាំរូបក្នុងចំណោមនោះកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងព្រៃសជាបណ្តោះអាសន្ន។
ការប៉ះទង្គិចនេះកើតមានឡើង នៅពេលដែលក្រុមបាតុកររបស់គណបក្សសង្រ្គោះជាតិប៉ុនប៉ងទាមទារឲ្យបើករបងទីលានប្រជាធិបតេយ្យឡើងវិញសម្រាប់ធ្វើជាកន្លែងសម្តែងមតិ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកសូរិយា ប្រាសាទ ស៊ូបេឌីបានទទូចឲ្យភាគីទាំងអស់អនុវត្តជាបន្ទាន់«នូវការស្ងៀមស្ងាត់ និងអត់ធ្មត់ខ្ពស់បំផុត»។ ជាមួយគ្នានោះ លោកសូបេឌីក៏បានអំពាវនាវឲ្យលុបចោលបម្រាមនៃការធ្វើបាតុកម្មផងដែរ។
លោកបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ហិង្សាខាងលើនេះបានបង្ហាញពីការ«ធ្លាក់ចុះនៃលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ចាប់តាំងពីខែមករាឆ្នាំ២០១៤មកម្ល៉េះហើយវាកំពុងតែជះឥទ្ធិពលជាអវិជ្ជមានលើសិទ្ធិមនុស្ស។
កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលបានកោះហៅឯកអគ្គរដ្ឋទូតក្នុងទីក្រុងភ្នំពេញ រួមទាំងតំណាងអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបដើម្បីធ្វើការពន្យល់អំពីស្ថានការណ៍នេះ។
អង្គទូតមួយចំនួនបានចោទសួរដោយសង្កត់ត្រង់ៗថា តើការបង្រ្កាបការតវ៉ា និងការចាប់ខ្លួនតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលមិនទាន់មានអភ័យឯកសិទ្ធិនោះ ជាការចាប់បង្ខំឲ្យគណបក្សសង្គ្រោះជាតិវិលចូលតុចរចា បន្ទាប់ពីគណបក្សនេះបានពង្រឹងជំហររបស់ខ្លួន មិនព្រមចូលអង្គុយក្នុងរដ្ឋសភានិងបន្តទាមទារឲ្យធ្វើការកែទម្រង់ការបោះឆ្នោត រួមទាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬយ៉ាងណា។
លោកសូរិយា ប្រាសាទស៊ូបេឌីបានស្នើឲ្យរដ្ឋាភិបាលធានាការគោរពឲ្យបានត្រឹមត្រូវទៅតាមនិយាមសិទ្ធិមនុស្សនៃសិទ្ធិរបស់ជនដែលត្រូវចាប់ខ្លួន ហើយលោកសង្កត់ធ្ងន់ថា «ការអត់ឱនមានសារៈសំខាន់ណាស់សម្រាប់អនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ជាមួយគ្នានេះ អង្គការ Human Rights Watch ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់អ្នកនយោបាយទាំងប្រាំមួយរូបរបស់គណបក្សសង្គ្រោះជាតិ «ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ» និងស្នើឲ្យមានការស៊ើបអង្កេតលើអំពើហិង្សាឲ្យបានត្រឹមត្រូវ។
លោកប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ទោះជាក្រុមអ្នកគាំទ្រគណបក្សជំទាស់មានការខឹងសម្បារកម្រិតណាក៏ដោយ ដោយសារការបំបែកការតវ៉ារបស់ពួកគេ ក៏ពួកគេមិនមានហេតុផលទៅវាយសំពងកងសន្តិសុខយ៉ាងធ្ងន់ធ្ងរនោះដែរ»។
លោកប្រេដ អាដាមស៍យល់ថា គ្មានមូលដ្ឋានផ្សេងក្នុងការចោទប្រកាន់លើអ្នកនយោបាយប្រឆាំង«ក្រៅពីឡេសគំរាមដាក់គុកមេដឹកនាំគណបក្សនេះទេ»។
លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងក្នុងជំនួបជាមួយអង្គទូតកាលពីល្ងាចថ្ងៃពុធថា ការចាប់ខ្លួននិងការបង្រ្កាបទៅលើគណបក្សសង្គ្រោះជាតិគឺជាកាតព្វកិច្ចអនុវត្តច្បាប់របស់ក្រុមសមត្ថកិច្ច។
«ខ្ញុំសូមអនុញ្ញាតបញ្ជាក់បន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចមានកាតព្វកិច្ចតាមផ្លូវច្បាប់ដើម្បីអនុវត្តច្បាប់។ ហើយការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌត្រូវទទួលការឆ្លើយតបតាមច្បាប់។ ហើយជនដែលប្រព្រឹត្តបទល្មើសត្រូវទទួលទោសតាមច្បាប់ដែរ»។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកក៏បានទាមទារក្នុងញ្ញតិ្តរបស់ខ្លួនឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីនយោបាយគណបក្សជំទាស់ដោយចាត់ទុកថា «ការគាបសង្កត់លើគណបក្សជំទាស់ជាអំពើអយុត្តិធម៌» ហើយរដ្ឋាភិបាលមានកាតព្វកិច្ចការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកយ៉ង់ គឹមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលទទូចឲ្យមានការដោះស្រាយផ្នែកនយោបាយជាជាងការប្រើប្រាស់និតិវិធីច្បាប់ខុសបែបបទបែបនេះ។
«មើលឃើញថា ការចាប់ខ្លួនមិនស្របតាមនិតិវិធីច្បាប់។ បើធ្វើបែបនេះ វាធ្វើឲ្យមានបញ្ហាផ្លូវច្បាប់។ យើងស្នើឲ្យមានការដោះស្រាយខាងនយោបាយឲ្យបានច្រើន ចរចាគ្នាដើម្បីរកដំណោះស្រាយ ជាជាងបង្កើតឧបសគ្គដល់ការចរចា»។
ក្រុមអង្គទូត អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប កាលពីម្សិលមិញបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបញ្ចប់ជម្លោះនយោបាយរវាងគ្នា។ ហើយទទូចឲ្យមានការដោះលែងក្រុមតំណាងរាស្ដ្រនិងមន្ត្រីគណបក្សជំទាស់ដែលត្រូវបានចាប់ខ្លួន៕