ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ចាប់​តំណាងរាស្ត្រ​ថែម​ទៀត


អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​៣​រូប (ពី​ឆ្វេង​ទៅ​ស្តាំ)​ គឺ​លោក ម៉ែន សុថាវរិន្រ្ទ​ លោកស្រី មូរ សុខហួរ និង​លោក​កែវ ភារម្យ​ ធ្វើ​សញ្ញា​ដៃ​លេខ​៧​​ខណៈ​ដែល​ពួក​គាត់​ត្រូវ​ឃាត់​ខ្លួន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​ខែ​កក្កដា​​សប្តាហ៍​នេះ។
អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​៣​រូប (ពី​ឆ្វេង​ទៅ​ស្តាំ)​ គឺ​លោក ម៉ែន សុថាវរិន្រ្ទ​ លោកស្រី មូរ សុខហួរ និង​លោក​កែវ ភារម្យ​ ធ្វើ​សញ្ញា​ដៃ​លេខ​៧​​ខណៈ​ដែល​ពួក​គាត់​ត្រូវ​ឃាត់​ខ្លួន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​ខែ​កក្កដា​​សប្តាហ៍​នេះ។

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពី​ររូប​ផ្សេង​ទៀត​នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ចចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ រួច​ហើយ​យក​មក​ឃុំ​នៅ​ស្នង​ការ​ប៉ូលិសក្រុង​ភ្នំពេញ។​

ស្រប​ពេល​នេះ​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ត្រូវ​បាន​តុលាការ​ចេញ​ដីកាកោះ​ហៅ​មក​សាក​សួរ​នៅ​ថ្ងៃទី​២៥​ខាង​មុខ​នេះ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​ អ្នក​តំណាង​រាស្ត្រជាប់​ឆ្នោត​ដែល​ទើប​នឹង​ត្រូវ​ចាប់​ខ្លួន​ថ្មីៗ​គឺ​លោក​ឡុង រី​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​បន្ទាយ​មានជ័យ​ និងលោក​នុត រំដួល​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា ​ដីកា​របស់​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ឡុង រី​ និង​លោក​នុត រំដួល​ពី​បទ​«ចូល​រួម​កុប្បកម្ម​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​ ប្រឆាំង​អ្នក​រាជ​ការ​សារធារណៈ។​

ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​បន្ថែម​នេះ​បាន​ធ្វើ​ឲ្យអ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​គណបក្ស​សរុប​បាន​កើន​ឡើង​ដល់​ចំនួន​៨​នាក់​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន។​ ហើយ​ក្នុង​នោះ​មាន​អ្នក​តំណាងរាស្ត្រ​៦​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដើម្បី​រង់​ចាំ​ជំនុំ​ជម្រះទោស។​

ខណៈពេល​ដែល​លោក​ត្រូវ​បាន​នាំ​ខ្លួន​នៅ​ស្នង​ការ​ប៉ូលិស លោក​ឡុង រី​ តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​រយៈ​ពេល​ខ្លី​ថា៖​ «បាទ​គ្រាន់​តែ​គាត់​អញ្ជើញ​មក​សាក​សួរ។ ​ខ្ញុំ​អត់​ដឹង​លទ្ធផល​អ្វី​យ៉ាង​ម៉េច​ទេ»។​

ចំណែក​លោក​នុត រំដួល​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​វិញ វីអូអេ​បាន​ព្យាយាម​ទាក់ទងស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​ ​ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​មុន​ពេល​ចាប់​ខ្លួន​ថា ​លោក​សុខ​ចិត្ត​ប្រគល់​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ ដោយ​សារ​តែ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេចឃុំ​ខ្លួន​ក្នុង​ពន្ធនាគារព្រៃស​នៃ​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​ និង​ម្នាក់​ទៀត​ជា​ជំនួយ​ការ​លោក​ស្រី​មូរ សុខហួរ​ ដែល​មាន​សញ្ជាតិ​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ។​

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារគឺ​លោក​ស្រី​ មូរ សុខហួរ​ លោក​ហូរ វ៉ាន់​ លោក​រៀល ខេមរិន្រ្ទ​ លោក​កែវ ភារម្យ​ លោក​ ម៉ែន សុថាវរិន្រ្ទ​ និង​លោក​អឿន ណារិទ្ធ។​

អ្នក​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ដូចៗ​គ្នាចំនួន​បី​បទ​ល្មើស​ធំៗ​គឺ៖​ ផ្តើម​គំនិត​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ ផ្តើម​គំនិត​ឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ផ្តើម​គំនិត​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

ចំណែក​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ឲ្យចូល​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេដឹក​នាំ​គណបក្ស។​

វីអូអេ​បានព្យាយាម​ទាក់​លោក​កឹម សុខា​ អាយុ​៦១​ឆ្នាំ​ដើម្បីស្នើសុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​ តែមិន​អាច​ទាក់ទង​បាន ។ ក៏​ប៉ុន្តែ​លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ គណបក្ស​កំពុង​ជជែក​គ្នា​សិក្សា​អំពី​ខ្លឹម​សារ​នៃ​ដីកា​កោះ ​មុន​នឹង​សម្រេចចូល​ទៅ​បំភ្លឺ។​

លោក​យឹម សុវណ្ណ​បានហៅ​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គំរាម​កំហែង​អ្នក​នយោបាយ​ និង​រុញ​ស្ថានភាព​កម្ពុជា​កាន់​តែ​អាក្រក់​ ដែល​ប្រជា​ពលរដ្ឋ​មិន​ចង់​ជួប​ប្រទះ។

លោក​និយាយ​ថា៖​ «អ្វី​ដែល​យើង​ចង់​បាន​គឺ​ដោះ​ស្រាយ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​ ដោយ​សន្តិ​វិធី ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឲ្យបាន​ត្រឹម​ត្រូវ​ ការ​បោះ​ឆ្នោត​ឡើង​វិញ​គឺ​សុទ្ធ​តែ​ជា​មធ្យោបាយ​អហិង្សា​ដែល​យើង​ត្រូវ​ប្រកាន់​យក។ ​យើង​មិន​ចង់​ឃើញ​ឈាម​ខ្មែរ​ហូរ​ត​ទៅ​ទៀត​ទេ»។​

ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើ​ឲ្យអភិបាល​រាជធានី​ ខេត្ត​ចាត់​វិធាន​ការ​ស្រប​ច្បាប់​ដើម្បី​ទប់​ស្កាត់​សកម្មភាព​ញុះញង់​ អុជអាល ​បង្ក​ឲ្យមាន​អំពើ​ហិង្សា​ ដែល​ជ្រក​ក្រោម​រូប​ភាព​នៃ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ កូដកម្ម​ និង​ទាមទារ​ តវ៉ា​នានា។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗជា​បន្ទាន់​មួយ​ដោយ​កោះ​ហៅ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​អស់​ ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​ឲ្យវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ជា​បន្ទាន់​ ដោយ​សារ​ស្ថានភាព​នយោបាយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ និង​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា​ លោក​នឹង​វិល​មក​មាតុ​ប្រទេស​វិញ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩។​

លោក​សម រង្ស៊ី​មិន​បាន​បញ្ជាក់​ពី​ផែន​ការ​គណបក្ស​សង្គ្រោះជាតិ​ដែល​នឹង​ត្រូវ​ធ្វើ​បន្ត​ទេ។ តែ​លោក​បាន​អះអាង​ថា​ ចាំ​លោក​វិល​ដល់​មាតុប្រទេស​វិញ។ លោក​បាន​ឲ្យដឹង​ថា ​សហគមន៍អន្តរជាតិ​បានគាំ​ទ្រ​យ៉ាង​ច្រើន​ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​បេសកកម្ម​នៅ​ឯ​ក្រៅ​ប្រទេស៕

XS
SM
MD
LG