ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ជំទាស់​ត្រៀម​ខ្លួន​បំភ្លឺ​តុលាការ​អំពី​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ


បុរស​ម្នាក់​សរសេរ​ពាក្យ​«ដោះលែង»​នៅ​លើ​បាត​ដៃ​ក្នុង​អំឡុង​ពេល​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​ នៅ​ជិត​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
បុរស​ម្នាក់​សរសេរ​ពាក្យ​«ដោះលែង»​នៅ​លើ​បាត​ដៃ​ក្នុង​អំឡុង​ពេល​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​ នៅ​ជិត​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​បេក្ខជន​ជាប់​ឆ្នោត​សមាជិក​សភា​គណបក្ស​ជំទាស់​ពីរ​នាក់​បន្ថែម​ទៀត​អះ អាង​ថា​ ពួក​គេ​ត្រៀម​ខ្លួន​បំភ្លឺ​តុលាការ​ទាក់ទង​នឹង​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ។​

យ៉ាង​តិច​មាន​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​ពីរ​រូប​ផ្សេង​ទៀត​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​គឺ​លោក​ឡុង រី ​និង​លោក ​នុត រំដួល​ អាច​ប្រឈម​មុខ​នឹង​ការ​កោះ​ហៅ​ទៅ​បំភ្លឺ​នៅ​តុលាការ​ ឬ​ប្រឈម​មុខ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ ដូច​គ្នា​នឹង​សហសេវិក​៦​នាក់​ដែល​សង្ស័យ​ថា​ មាន​ជាប់​ទាក់​ទង​នឹង​អំពើ​ហិង្សា​ដ៏​ធំ​ចុង​ក្រោយ​នៅ​សួន​ប្រជាធិបតេយ្យ​នោះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​និង​ជន​ចាប់​ចោទ។​

ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​អះអាង​ដូចគ្នា​ថា​ ពួក​អស់លោក​នឹង​មិន​ខ្លាច​ការ​ចូល​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ​ទេ​ ទោះ​ជា​មាន​ការ​ចាប់​ខ្លួន​ក្តី។​

លោក​ឡុង រី ​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​នៅ​មណ្ឌល​បន្ទាយ​មានជ័យ​ បាន​ ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ថា ​លោក​ទើប​បាន​ដឹង​ដំណឹង​នេះ​ ហើយ​ក៏​ត្រៀម​នឹង​ចូលរួម​បំភ្លឺ​ដែរ​នៅ​ពេល​តុលាការ​កោះ​ហៅ។​

«យើង​ត្រូវ​តែ​ចូល​ហើយ​ ព្រោះ​វា​អត់​មាន​ជម្រើស។ យើង​អត់​បាន​ធ្វើអី​ខុស​ផង​ ស្រាប់​តែ​ទៅ​ចោទ​យើង​អញ្ចឹង។ ​ហើយ​បើ​យើង​គេច​ទៅ​ ​ដូចជា​យើង​នាំ​កំហុស​ទៅ​ជា​មួយ​អញ្ចឹង។ ​យើង​អត់​បាន​ធ្វើអី​ឲ្យ​មាន​កំហុស​ទេ»។​

លោក​ នុត រំដួល ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៅមណ្ឌល​កំពង់ស្ពឺ ​បាន​ អះអាង​ថា ​លោក​ទើប​បាន​ទទួល​ដំណឹង​នេះ​ដែរ​ ហើយក៏​មិន​គេច​ចេញ​ពី​ការ​កោះហៅ​របស់​តុលាការ​ដែរ។​

«ខ្ញុំ​នឹង​អញ្ជើញ​ទៅ​តាម​ការ​កោះហៅ​របស់​តុលាការ ​ព្រោះ​ខ្ញុំ​អត់​មាន​កំហុស​អីទាល់​តែ​សោះ​ អត់​មាន​រឿង​អី​ត្រូវការ​កោត​ញញើត​និង​ខ្លាច​មិន​ហ៊ាន​ចូល។​ អត់​ទេ ​ព្រោះ​អត់​មាន​កំហុស​អី​ត្រូវ​ប៉ះពាល់​ផង​បាទ»។​

ទាំង​លោក​នុត រំដួល ​និង​លោក​ឡុង រី​បាន​បញ្ជាក់​ថា​ ពួក​អស់​លោកបាន​ចូល​រួម​ក្នុង​បាតុកម្ម​ ដោយ​អហិង្សា​ដើម្បី​សុំ​ឲ្យ​បើក​ទីលាន​ប្រជា​ធិបតេយ្យ​កាលពី​ថ្ងៃ អង្គារ​នោះ​ដែរ ​ប៉ុន្តែ​ពួក​អស់​លោក​បាន​អះអាង​ថា ​មិន​បាន​ចូលរួម​ក្នុង​អំពើ​ហិង្សា​នេះ​ទេ។​ លោក​សំ សុគង់​ មេធាវី​ការពារក្តី​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ឃុំ​ខ្លួន​នោះ ​ក៏​បាន​បញ្ជាក់​បន្ថែម​អំពី​បញ្ហា​ដីកា​ចោទ​ប្រកាន់​បន្ថែម​លើ​ក្រុម​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្ត្រ​ពីរនាក់​គឺ​លោក​ឡុង រី ​និង​លោក​នុត រំដួល​ដែរ។​

«នៅ​ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​ឲ្យ​ស៊ើបសួរ​ ការ​ចោទ​ប្រកាន់​ហ្នឹង​គឺចោទ​រួម​ ជាមួយ​អ្នក​៦​នាក់​ដែល​គេ​ចាប់​ខ្លួន ​និង​គេ​ឃុំ​ខ្លួន​ហ្នឹង​ ហើយ​នៅ​ក្នុង​ហ្នឹង ​គាត់​ពីរ​នាក់​ហ្នឹង​ក៏ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដែរ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​ដីកា​ចោទ​ប្រកាន់​ចេញ​ដោយ​លោកកែវ សុជាតិ ​ព្រះរាជ​អាជ្ញា​រង​អមតុលាការ​ក្រុង​ភ្នំពេញ​ ដែល​គេ​បាន​អាន​នោះ​គឺនៅ​មាន​មនុស្ស​មួយ​ចំនួន​បន្ថែម​ទៀត​អាច​ត្រូវ​ចាប់​ខ្លួន​ដែរ​ ដែល​ក្រុម​អ្នក​វិភាគ​និង​មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​ការ​ចាប់ខ្លួន​នេះ​អាច​ជា​ឧបសគ្គ​ដល់​ការ​ចរចា​គ្នា​រវាង​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ។​

លោក​កឹម សុខា​ ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ព្រមាន​ថា​ ទោះ​ជា​ ការ​ចាប់​ឃុំខ្លួន​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្ត្រ​ទាំង​៥​រូប​ និង​មន្ត្រី​គណបក្ស​ មួយ​រូប​ និង​មាន​ការ​តាម​រក​ចាប់​ខ្លួនបន្ថែម​ទៀត​ក្តី​ តែ​ទង្វើ​នេះ​មិន​អាច​កែប្រែ​ជំហរ​គណបក្ស​របស់​លោក​ទាក់ទង​នឹង​ការ​ចរចា​ដោះស្រាយ​នយោបាយ​ទេ។​

«យើង​បាន​ប្រជុំ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​យើង​ថ្ងៃ​មិញ​នេះ ​ហើយ យើង​សម្រេចទាំងអស់​គ្នា​ថា​ យើង​ដាច់ខាត​អត់​ឲ្យ​គេ​យក​សម្ពាធ​ហ្នឹង​មក​ដោះដូរ​ នឹង​អ្វី​ដែល​ជា​ផល​ប្រយោជន៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ផល​ប្រយោជន៍​ជាតិ​ ដែល​ យើង​កំពុងតែ​តវ៉ា​ទាមទារ​ទេ។​ យើងនៅ​រក្សា​គោល​ជំហរ​យើង​ដដែល​ អត់​មាន​ ឲ្យ​យក​មកដោះដូរ​ទេ ​រួមទាំង​បេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្ត្រ​ ដែល​ត្រូវ​គេ​ចាប់​ ឃុំ​ក្នុង​គុក។ ​គាត់ផ្តាំផ្ញើរ​មកយើង​ដែរ​គឺ​ថា​ អត់ដាច់​ខាត​ គឺយើង​អត់​មាន​ដោះដូរ​ ទេ»។​

បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​៥រូប ​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ មាន​ លោក​ស្រី​មួរ សុខហួរ​ លោក​ហូរ វ៉ាន់​ លោក​រៀល ​ខេមរិន្រ្ទ​ លោក​កែវ ភារម្យ​ និង លោក​ម៉ែន សុថាវរិន្រ្ទ។​ ចំណែកលោក​ អឿ ណារិទ្ធ​ ជំនួយ​ការ​អ្នក​ស្រី​មួរ សុខហួរ​ ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

ក្រុម​មន្ត្រី​ទាំងនេះ​ត្រូវចាប់​ឃុំខ្លួន​ពី​បទ​ផ្តើម​គំនិត​និង​ញុះញង់​ឲ្យមាន​បាតុកម្ម​ ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​អង្គារ​ក្នុងរាជ​ធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​ជាង​៥០​នាក់​ ទាំង​សន្តិសុខ​ និង​បាតុករ​រងរបួស។​ ​

ការ​ចាប់​ខ្លួននេះ​កើត​ឡើង​ដំណាល​គ្នា ​ដែល​គណបក្ស​ទាំង​ពីរ​ខកខាន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ ​ក្រោយការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​

គណបក្ស​ជំទាស់​គឺគណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បន្ត​ពហិកា​ប្រជុំសភា​ ​ដោយ​ចោទ​ប្រកាន់​ថា ​ការ​បោះឆ្នោត​មានការ​គៃបន្លំ​ធ្ងន់ធ្ងរ​ ហើយ​ស្នើសុំ​ឲ្យមាន​ការ​យល់ព្រម​កែ​ទម្រង់​ការ​បោះឆ្នោត ​ស្ថាប័ន​បោះឆ្នោត​ និង​ជ្រើសរើស​សមាជិក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ដោយ​ការ​អនុម័ត​នូវ​សំឡេង​២ភាគ៣​នៃ​សមាជិក​សភា​សរុប​១២៣​រូប។ ​រូប​មន្ត​នេះ​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​គណបក្ស​ជំទាស់​ ដែល​មាន​សំឡេង​តិច។​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បដិសេធ​ដោយ​ចង់​កម្រិត​ត្រឹមតែ​សំឡេង​៥០​ភាគ​បូក​១​សម្រេច​អនុម័ត​សមាស​ភាព​គ.ជ.ប.​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លើស​ពី​ចំនួន​នោះ​ជាស្រេច។​

លោក​ជាម យៀប ​ជាមន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈ​អចិន្ត្រៃយ៍​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​បាន​ថ្លែង​ថា ​ការ​ចាប់​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​ តំណាង​រាស្ត្រ​ជារឿង​អនុវត្តន៍​ច្បាប់​ មិនទាក់​ទង​នឹង​ការ​ចរចា​គ្នា​ទេ។​

«ខ្ញុំ​គ្រាន់​តែ​សុំ​ជម្រាប​ថា​ មិនមែន​ជា​ការ​កៀប​សង្កត់​ទេ ​ចូល​ឬ​មិន​ចូល ​ស៊ីសង​ ទៅ​លើ​ឆន្ទៈ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ចេះ​តែ​បន្ត​និរន្តរភាព​របស់​រដ្ឋ​តទៅ​ទៀត​ហើយ​ ក្នុង​អង្គការ​នីតិបញ្ញតិ​ និង​អង្គការ​នីតិ​ប្រតិបត្តិ»។​

គណបក្ស​ទាំងពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ជាមួយ​នឹង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​តាម​ក្រសួង​នានា​ និង​សន្និសីទ​កាសែត​ដើម្បី​ការពារ​ខ្លួន​ និង​បំភ្លឺ​ ពលរដ្ឋ​ឲ្យ​បាន​ដឹង​អំពី​ស្ថានការណ៍​ ដែល​កើត​ឡើង​ទាក់ទង​នឹង​អំពើ​ហិង្សា​ ដ៏​ធំដែល​កើត​មាន​កាលពី​ថ្ងៃអង្គារ​ ដែល​គេ​ដឹង​ថា ​កើត​ឡើង​ជាលើក​ទី២​ក្នុង​រយៈ​ ពេល​ជាង​៦​ខែ​នេះ។​

តែក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ការទូត​មួយ​ ចំនួន​ ដូច​ជា​ស.រ.អា. ​ជប៉ុន ​និងអឺរ៉ុប​ ដែល​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ស្ថាន​ការណ៍​កម្ពុជា​ ក្រោយ​ពីមាន​អំពើ​ហិង្សា​និង​ការ​ចាប់ខ្លួន​ក្រុម​ជំទាស់​នេះ។ ​

លោក​កឹម សុខា​អះអាង​ថា៖​ «មួយថ្ងៃ​ពីរ​នេះ គឺយើង​ជួប​ទូត​ធំៗ ​ដូចជា ​អាមេរិក ​ដូច​ជា​ជប៉ុន​ ដូចជា​សហភាព​អឺរ៉ុប ​ក៏​មាន​ក្រុម​ប្រតិភូ​ទូត​នៃ​ប្រទេស​ផ្សេងៗ​នៅ​អឺរ៉ុប​ផ្សេង​ទៀត​ដែរ»។​

តែ​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ​ បាន​កោះ​អញ្ជើញ ​អ្នក​ការ​ទូត​ក្នុង​ប្រទេស​ជាច្រើន​ចូលរួម​បកស្រាយ​បំភ្លឺ​អំពី​ ស្ថាន​ការណ៍​នេះដែរ។​ មាន​ក្រុម​អ្នក​ការទូត​ខ្លះ​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​និង​ដោះលែង​ក្រុម​ជំទាស់។​

អ្នក​វិភាគ​ក្នុង​ប្រទេស​គឺ​លោក​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ ខេមរៈ ​បាន​អះអាង​ថា​ ការ​ចាប់ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​នេះ​បង្ហាញ​ថា ​គណបក្ស​ ទាំង​ពីរ​ចង់​ឈ្នះ ​ចាញ់គ្នា ​ដោយ​មិន​ចង់​ចរចា ​ហើយនឹង​អាច​ធ្វើឲ្យ​ប្រវត្តិសាស្ត្រ​ នៃ​ការ​គ្រប់គ្រង​ប្រទេស​ដោយ​អំពើ​ហិង្សានោះ​កើតឡើង​ជាថ្មី​នៅ​ជំនាន់​ក្រោយ​ ទៀត។ ​លោក​បន្ថែម​ថា ​ការ​ពាក់ព័ន្ធ​របស់​បរទេស​នេះ​ជា​ការ​បង្ហាញ​ថា​ មាន​ការ​ពឹង​ផ្អែក​លើ​បរទេស​ជាជាង​ការ​ចរចារវាង​ខ្មែរ​និង​ខ្មែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG