ការជាប់គាំងនយោបាយនៅកម្ពុជាទំនងជានឹងធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅបន្ទាប់ពីតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ៥រូបកំពុងប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋដ៏ចម្រូងចម្រាសមួយនោះ។ នេះបើតាមអ្នកវិភាគនយោបាយនានា។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួនប្រាំរូបនិងមន្ត្រីបក្សម្នាក់ ក្នុងនោះរួមទាំងលោកស្រី មួរ សុខហួរ និងលោក ហូរ វ៉ាន់ផង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតនិងញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សានៅល្ងាចថ្ងៃពុធនេះ ចំពោះអំពើហិង្សារវាងបាតុករគណបក្សសង្គ្រោះជាតិនិងក្រុមកងសន្តិសុខនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃអង្គារ។ អ្នកទាំង៦រូបត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅពន្ធនាគារព្រៃសភ្លាមៗបន្ទាប់ពីការចោទប្រកាន់នេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងក្នុងសន្និសីទកាសែតមួយនៅថ្ងៃពុធនេះថាការចរចានយោបាយណាមួយមិនអាចកើតឡើងបានទេ នៅពេលដែលសមាជិកសំខាន់ៗរបស់ខ្លួនត្រូវបានឃុំឃាំង។
លោកបន្ថែមថា៖ «យើងមិនអាចទៅអង្គុយជជែកចរចាគ្នាស្មើភាពនៅក្នុងគុកព្រោះគ្នាយើងដែលនៅក្នុងគុកសុទ្ធតែថ្នាក់ដឹកនាំ សមាជិកអចិន្ត្រៃយ៍។ ក្នុងចំណោម៥រូបហ្នឹងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំនោះគឺបីរូបទៅហើយ។ មានន័យថាចាប់ខ្លួនគណៈកម្មការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិយកទៅដាក់ឃុំ ហើយយើងទៅចរចាក្នុងឃុំយ៉ាងម៉េច ព្រោះអ្នកទាំងអស់ហ្នឹងក៏មានសិទ្ធិផ្ដល់យោបល់ក្នុងការចរចា។ អញ្ចឹងបើចាប់មួយចំនួនយកទៅឃុំហើយ តើយើងទៅចរចាត្រឹមត្រូវទេ ហើយការចរចាហ្នឹងមានតម្លៃទេ?»
គណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈទល់ហ្នឹងគណបក្សប្រជាជនកម្ពុជា៦៨អាសនៈបានធ្វើពហិការមិនចូលប្រជុំសភាដោយចោទប្រកាន់ថាការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣មានការលួចបន្លំនិងមានភាពមិនប្រក្រតីច្រើន ហើយបានដឹកនាំបាតុកម្មជាបន្តបន្ទាប់ប្រឆាំងនឹងលទ្ធផលនេះ។ ហើយការចរចារវាងគណបក្សទាំងពីបានចាប់ផ្តើមជាបន្តបន្ទាប់តាំងពីខែចុងកញ្ញាឆ្នាំ២០១៣ដើម្បីទម្លុះទម្លាយភាពជាប់គាំងនេះ ដែលមានរយៈពេលជិតមួយឆ្នាំហើយមកទល់ពេលនេះ។ ការចរចាបានវិវត្តន៍ជាវិជ្ជមានសន្សឹមៗ។ នៅពេលនេះគណបក្សទាំងពីរនៅខ្វែងគំនិតគ្នាតែលើរូបមន្តនៃការជ្រើសរើសសមាជិកគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្តែការឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះត្រូវបានគេមើលឃើញថានឹងធ្វើឱ្យដំណើរចរចានេះនៅជាប់គាំងឬវិវត្តន៍ថយក្រោយ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យម្នាក់យល់ថាការចោទប្រកាន់របស់តុលាការមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនសមហេតុផលនោះទេ ដោយចង្អុលទៅលើឥទ្ធិពលនយោបាយសម្រាប់ចោទប្រកាន់ដោយតក់ក្រហល់បែបនេះ។ លោក កែម ឡី អះអាងថាការឃាត់ខ្លួននិងចោទប្រកាន់នេះមិនត្រឹមតែធ្វើឱ្យការចរចានយោបាយនេះនៅជាប់គាំងទេ ថែមទាំងបង្ហាញពីការសឹករិចរិលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
«ជារួមមិនត្រឹមតែប៉ះពាល់ដល់ដំណើរការចរចារវាងគណបក្សទាំងពីរនោះទេ ថែមទាំងប៉ះពាល់ដល់សភាជាតិទាំងមូល ដោយសារតែខ្ញុំឃើញលិខិតរបស់ហេង សំរិន បញ្ជាក់អំពីសុពលភាព
បញ្ជាក់អំពីអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រទាំង១២៣រូប ហើយមានឈ្មោះតំណាងរាស្ត្រទាំងអស់ហ្នឹង ដើម្បីបង្គ្រប់ឱ្យគណបក្សប្រជាជនមានសុពលភាព មានតំណាងរាស្ត្រគ្រប់គ្រាន់។ ប៉ុន្តែស្រាប់តែមានការចាប់សួរនាំនិងឃាត់ខ្លួន ដោយមិនមានការដកអភ័យឯកសិទ្ធិនិងមិនមានជាបទល្មើសជាក់ស្តែង ខ្ញុំគិតថារដ្ឋាភិបាលកំពុងរំលោភលើរដ្ឋធម្មនុញ្ញ»។
ប៉ុន្តែលោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានអះអាងថាអ្នក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនមានអភ័យឯកសិទ្ធិទៀតនោះទេ បន្ទាប់ពីខ្លួនបដិសេធមិនចូលប្រជុំសភានោះ ដូច្នេះការឃាត់ខ្លួននេះជាការស្របច្បាប់។
លោក កែវ រ៉េមី ជឿជាក់ថាការចាប់ខ្លួននេះមិនប៉ះពាល់ដល់ការចរចានយោបាយរវាងគណបក្សទាំងពីរទេ។
«ទាក់ទងការចាប់នេះគឺអត់មានប៉ះពាល់ដល់ការចរចាអ្វីទេ ជំរុញការអនុវត្តនីតិរដ្ឋ អ្នកណាប្រព្រឹត្តបទល្មើស យើងនឹងដាក់វិន័យតឹងណាស់។ ប្រសិនបើចេះតែសម្រួលឱ្យមនុស្សដែលប្រព្រឹត្តខុសច្បាប់ ចេះតែឱ្យរួចខ្លួនរហូត វាទៅជាអ្នកប្រព្រឹត្តបទល្មើសប្រព្រឹត្តឧក្រិដ្ឋកម្មហើយ ឬបំពានអ្វីមួយរួចរត់ទៅចូលគណបក្សប្រឆាំងរួចខ្លួននោះ យើងមិនអាចធ្វើអញ្ចឹងបានទៀតទេ»។
វីអូអេ សំឡេងសហរដ្ឋអាមេរិក បានព្យាយាមស្នើសុំមតិរបស់ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតជប៉ុន និងសហគមន៍អឺរ៉ុប ជុំវិញការឃុំខ្លួននិងការចោទប្រកាន់នេះ ប៉ុន្តែមានតែស្ថានទូតសហរដ្ឋអាមេរិកប៉ុណ្ណោះដែលបានឆ្លើយតប។
តបហ្នឹងសំណួររបស់វីអូអេ ខេមរភាសានៅថ្ងៃពុធនេះ លោក John Simmons អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សានៅសួនប្រជាធិបតេយ្យកាលពីម្សិលមិញនិងបានទទូចឱ្យមានការដោះលែងលោកស្រី មួរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងស្មារតីផ្សះផ្សានយោបាយនៃប្រទេសនេះ។
លោក John Simmons បានបញ្ជាក់យ៉ាងដូច្នេះថា«ដំណើរវិវត្តន៍ទៅរកដំណោះស្រាយភាពជាប់គាំងនយោបាយនាពេលបច្ចុប្បន្នអាចធ្វើបានតាមរយៈការពិភាក្សាដោយសន្តិវិធីនិងស្ថាបនាប៉ុណ្ណោះ»៕