ខណៈខួបគម្រប់៧ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏ល្បី គឺលោកបណ្ឌិត កែម ឡី ជិតចូលមកដល់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធខួប ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធ និងវីរភាពរបស់លោក។
កម្មវិធីប្រារព្ធខួប៧ឆ្នាំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលមកពីស្ថាប័នផ្សេងៗ ដូចជាអង្គការតម្លាភាពកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូជាដើម។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា រឿងក្តីក្តាំលើលោកបណ្ឌិត កែម ឡី មានចំណុចសង្ស័យជាច្រើន បើទោះជាមានការចាប់ខ្លួនបុគ្គលដែលអះអាងថា ខ្លួនជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី ក៏ដោយ។ អ្នកស្រីជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តស៊ើបអង្កេត ដើម្បីរកឱ្យឃើញអ្នកនៅពីក្រោយពិតប្រាកដនៃឃាតកម្មនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ហើយរដ្ឋាភិបាលក៏ត្រូវប្រឹងប្រែងក្នុងការធ្វើយ៉ាងម៉េចលុបបំបាត់នូវវប្បធម៌និទណ្ឌភាពដែរ។ អ៊ីចឹងដូចករណីលោកបណ្ឌិតដែលបានទាញនូវចំណាប់អារម្មណ៍មហាជនជាច្រើន វារឹតតែចាំបាច់ដែលរដ្ឋាភិបាលគួរតែប្រឹងប្រែង បង្ហាញនូវពន្លឺយុត្តិធម៌ ដើម្បីឱ្យមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដែលធ្លាប់តែរងការរិះគន់កន្លងមកជាហូរហែដែរ»។
បើតាមនាយិការូបនេះ បើកាលណារដ្ឋាភិបាលអាចបើកបង្ហាញអ្នកនៅពីក្រោយនៃរឿងក្តីមួយនេះ វានឹងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams ដែលចូលរួមកម្មវិធីរំឭកខួបនៃការបាញ់សម្លាប់លោក កែម ឡី ប្រាប់វីអូអេថាលោកបណ្ឌិត កែម ឡី គឺជាបុគ្គលដ៏សំខាន់ម្នាក់សម្រាប់សង្គមស៊ីវិល ក៏ដូចជាសកម្មជននៅក្នុងប្រទេសកម្ពុជា។លោកបន្តថាលោកមកចូលរួមបុណ្យរំឭកខួបនេះ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ព្រមទាំងដើម្បីបង្ហាញការគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ។
លោកថ្លែងជាភាសាអង់គ្លេសហើយត្រូវបានបកប្រែជាភាសាខ្មែរថា៖ «យើងសង្ឃឹមថាវានឹងមានយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ហើយរកឃើញអ្នកប្រព្រឹត្តមកទទួលខុសត្រូវ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំគិតថាវាជាការនិយាយពីអនុស្សាវរីយ៍ និងការរួមចំណែករបស់លោកក្នុងសង្គមកម្ពុជា»។
លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការបាញ់សម្លាប់លោក កែម ឡី អាជ្ញាធរចាប់បានបុគ្គលម្នាក់ ឈ្មោះ អឿត អាង ហៅក្រៅថាជួប សម្លាប់។
បុរសនោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ តុលាការបានបំបែកសំណុំរឿងនេះជាពីរ គឺការដាក់ទោសលោក ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃទៀតចំពោះឃាតកម្មលើលោក កែម ឡី ហើយសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃនេះ មិនទាន់មានតម្រុយអ្វីនៅឡើយទេ។ នេះបើយោងតាមក្រុមមន្ត្រីសិទ្ធិមនុស្ស។
លោក អ៊ុល វ៉ាន់ ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN)លើកឡើងថា ករណីឃាតកម្មនេះមិនទាន់មានយុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះនៅឡើយទេ និងថា ដំណើរការរឿងក្តីមានភាពប្រញាប់ប្រញាល់ ព្រមទាំងមិនមានព័ត៌មានច្បាស់លាស់។
លោកនៅតែបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេត ដើម្បីផ្តល់យុត្តិធម៌ពិតដល់លោក កែម ឡី។
លោកថ្លែងថា៖ «ពួកយើងដែលជាអ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី រួមជាមួយក្រុមគ្រួសារ ក៏នៅតែបន្តទាមទារឱ្យអាជ្ញាធររដ្ឋ ជាពិសេសរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយស្វែងរកនូវជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយផ្តល់នូវយុត្តិធម៌ទៅដល់សាធារណជន»។
បើតាមប្រធានសមាគមរូបនេះ រូបលោកព្រមទាំងសហការីផ្សេងទៀតនៅតែប្រារព្ធខួប ដើម្បីរំឭកវីរភាពរបស់លោកបណ្ឌិត កែម ឡី និងជាការស្វែងរកយុត្តិធម៌មួយសម្រាប់រូបលោក។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា រឿងក្តីមួយនេះមិនមានអ្វីជឿនលឿនឡើយ និងថាវាមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទៀតឡើយ គឺសំណុំរឿងមួយនេះស្ថិតក្នុងដៃរបស់តុលាការ។
លោក ប្លង់ សុផល អ្នកនាំពាក្យខាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញមិនផ្តល់ការអត្ថាធិប្បាយអ្វីឡើយជុំវិញករណីនេះ។ វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញម្នាក់ទៀតបានឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា សាធារណជនមិនអាចទទួលយកបានឡើយ ដោយសារតែការស៊ើបអង្កេតកន្លងទៅ មានមន្ទិលសង្ស័យជាច្រើន។ លោកបន្ថែមថាបើទោះមានការបំបែកសំណុំរឿង ដើម្បីស៊ើបអង្កេតបន្តទៀត ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឃើញមានការវិវឌ្ឍអ្វីបន្តិចឡើយ។
លោកថ្លែងថា៖ «យើងជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ចដែលមានតួនាទី ហើយនិងគណៈកម្មការដែលបានបង្កើតឡើងហ្នឹង គប្បីមានការបង្ហាញនូវព័ត៌មានខ្លះថា តើយើងបង្កើតគណៈកម្មការឬក៏បំបែកនូវសំណុំរឿងនេះបានធ្វើអ្វីខ្លះហើយ? ប៉ុន្តែមកទល់ពេលនេះ ព័ត៌មានអ្វីបន្តិចក៏យើងមិនទាន់ទទួលបានដែរ។ អ៊ីចឹងសួរថាឱ្យសាធារណជន ក៏ដូចជាអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ គេជឿជាក់ដោយរបៀបម៉េច?»។
ភរិយារបស់លោកបណ្ឌិត កែម ឡី ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសអូស្ត្រាលី អ្នកស្រី ប៊ូ រចនា និងលោក កែម រិទ្ធិសិត ប្អូនប្រុសរបស់លោក កែម ឡី បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញករណីនេះ នៅពេលវីអូអេទាក់ទងទៅ។
នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ក៏នឹងមានក្រុមអង្គការសង្គមស៊ីវិលទៅប្រារព្ធខួបនៅម៉ាតលក់អីវ៉ាន់ ជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់កាលពី៧ឆ្នាំមុន៕