ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្រ្តី​សិទ្ធិ​មនុស្ស​បន្ត​ជំរុញ​​អាជ្ញាធរ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ឃាត​កម្ម​លោក កែម ឡី


រូបឯកសារ៖ ផ្ទាំង​រូបថត​ថ្មី​មួយ​សន្លឹក​របស់​អ្នក​វិភាគ​នយោបាយ​ លោក កែម ឡី ដែល​ត្រូវ​បាន​គេបាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​កណ្តាល​ទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ផ្ទាំង​រូបថត​ថ្មី​មួយ​សន្លឹក​របស់​អ្នក​វិភាគ​នយោបាយ​ លោក កែម ឡី ដែល​ត្រូវ​បាន​គេបាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​កណ្តាល​ទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

ខណៈ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី ខិត​ជិត​មក​ដល់ មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លោក កែម ឡី បើ​ទោះ​មាន​ការ​កាត់​ទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏​ដោយ។

លោក កែម​ ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ចំណុច​ភ្លើង​ស្តុប​បូកគោ ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦។ ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី អាជ្ញាធរ​ចាប់​បាន​បុគ្គល​ម្នាក់ ឈ្មោះ​អឿត អាង ហៅ​ក្រៅ​ថា​ ជួប​ សម្លាប់។ បុរស​នោះ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

មន្រ្តី​សិទ្ធិ​មនុស្ស​នៅ​តែ​យល់​ថា​ការ​បាញ់​សម្លាប់​នេះ មិន​មែន​ដោយ​សារ​សារ​រឿង​ជំពាក់​លុយ​៣​ពាន់​ដុលា្លរ ដូច​ការ​លើក​ឡើង​កាល​ពី​កន្លង​ទៅ​ឡើយ។

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ប្រាប់​វីអូអេ​ថា​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​តែ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់​លោក កែម ឡី មក​ផ្ទន្ទា​ទោស​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​សង្គម​កម្ពុជា ក៏ដូចជា​ក្រុមគ្រួសារ​ និង​អ្នក​គោរព​ស្រឡាញ់​លោកបណ្ឌិត​ កែម​ ឡី ខណៈ​ការ​ចាប់​តែ​លោក អឿត អាង ​ហៅ ​ជួប​ សម្លាប់ ​ផ្តន្ទា​ទោស​គឺ​មិន​ទាន់​គ្រប់​គ្រាន់ និង​មិន​ទាន់​បានផ្តល់​យុត្តិធម៌​ពេញ​លេញ និង​ធ្វើ​ឱ្យ​ពល​រដ្ឋ​ និង​សង្គម​ស៊ីវិល​មាន​ទំនុក​ចិត្ត​នៅឡើយ។

លោក​ថ្លែង​ថា៖ «ឃា​តកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី បើ​យើង​គិត​មក​ដល់​ពេល​នេះ គឺ​៦​ឆ្នាំ​ហើយ។ ហើយ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត ​កែម​ ឡី ក៏​ដូច​ជា​ក្រុម​គ្រួសារ​ មិន​ទាន់​រក​ឃើញ​ឱ្យ​បាន​ពេញ​លេញ​ សម្រាប់​យុត្តិធម៌​ សម្រាប់​ក្រុម​គ្រួសារ​ក៏​ដូច​ជា​លោក​បណ្ឌិត ​កែម ឡី និង​អ្នក​និយម​ស្រឡាញ់​លោក បណ្ឌិត​ កែម​ ឡី នៅ​ឡើយ​ទេ»។

លោក​បន្ថែម​ថា៖ ​«ការ​ចាប់​មនុស្ស​ម្នាក់ ដែល​ឈ្មោះ​ អឿត អាង ​ហៅ ជួប​ សម្លាប់ ហ្នឹង​ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​មិន​ជឿ​ថា មាន​តែ​លោក ជួប សម្លាប់​ ហ្នឹង​មួយ​ទេ​ ដែល​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ក្នុង​ការ​បាញ់​សម្លាប់​បណ្ឌិត​កែម ឡី ហ្នឹង។ អ៊ីចឹង​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ហើយ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ផង​ដែរ»។

តុលាការ​បាន​បំបែក​សំណុំ​រឿង​ជា​ពីរ​ គឺ​ការ​ដាក់​ទោស​លោក ​ជួប​ សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត និង​សំណុំរឿង​ពាក់ព័ន្ធ​បុគ្គលដទៃ​ទៀត​ចំពោះ​ឃាត​កម្ម​លើ​លោក កែម ឡី​។ នេះ​បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស។

ជា​មួយ​គ្នា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​រៀប​ចំ​កម្ម​វិធី​រំឭក​ខួប​៦​ឆ្នាំ​នៃ​ស្លាប់​របស់​លោក កែម​ ឡី ពេញ​មួយ​ខែ​កក្កដា​នេះ ដោយ​មាន​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដោយ​ដកស្រង់​សម្តី​របស់​លោក​ កែម​ ឡី​ កាល​ពី​មុន និង​រៀប​ចំពិធី​បង្សុកូលឧទ្ទិ​ស​កុសលជាដើម ​ដើម្បី​ជា​ការ​រំឭក​វីរ​ភាព និង​បន្ត​ពញ្ញាក់​អារម្មណ៍​សាធារណជន​ឱ្យ​ចង់​ចាំ​កេរ​ដំណែល​របស់​លោក និង​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ផ្តល់​យុត្តិ​ធម៌​ឱ្យ​បាន​ពេញ​លេញ​ជាដើម។ ​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី​ ចក់​ សុភាព​ បាន​ថ្លែង​ថា​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិ​ត កែម​ ឡី នៅ​តែ​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ទាំង​ជាតិ និង​អន្តរ​ជាតិ​ យល់​ថា​នៅ​តែ​មាន​ភាព​មិន​ប្រក្រតី ដូច​ថា​រឿងជំពាក់​លុយ៣​ពាន់​ដុល្លារ​ និង​ការ​បំបែក​សំណុំ​រឿង​បាញ់​សម្លាប់​នេះ​ជា​ពីរ ដោយ​សំណុំ​រឿង​មួយ គឺផ្តន្ទា​ទោស​លោក ជួប​ សម្លាប់ ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ និង​សំណុំ​រឿង​មួយ​ទៀត ​ពាក់​ព័ន្ធ​អ្នក​ដែល​បញ្ជា ឬ​អ្នក​ពាក់​ព័ន្ធ​ជា​មួយ​លោក​ ជួប សម្លាប់ ដែលមិន​ឃើញ​មាន​ការ​វិវឌ្ឍ​អ្វី​ឡើយ។

អ្នកស្រី​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស៊ើប​អង្កេត និង​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេតដោយ​ឯករាជ្យ​មួយ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ប៉ុន្តែ​មក​ដល់​ពេល​នេះ យើង​មិន​ឃើញ​មាន​ការ​វិវឌ្ឍ​ណា​មួយ​ចំពោះ​សំណុំ​រឿង​មួយ​ដាច់​ដោយ​ឡែក​នោះ​ទេ។ យើង​ឃើញ​មិន​មាន​ការ​វិវឌ្ឍ​ណា​មួយ​សោះ។ អ៊ីចឹង​យើង​តែង​តែ​អំពាវ​នាវ​ដល់​អាជ្ញាធរ​ក្នុង​ការ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌ​ភាព​ តាម​រយៈ​ការ​បន្ត​ស៊ើប​អង្កេត​ ហើយ​គួរ​តែ​បង្កើត​គណៈកម្មការ​មួយ​ដែល​ឯករាជ្យ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ផង​ដែរ»។

អ្នកស្រី​បន្ថែម​ថា​នៅថ្ងៃ​ទី​៦​ ខែ​កក្កដា​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​រៀប​ចំ​ពិធី​រាប់​បាត ​បង្សុ​កូល​ ឧទ្ទិស​កុសល​ជូន​ទៅ​លោក កែម ឡី ​ផងដែរ។

លោក ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​ថា​សំណុំ​រឿង​ឃាតកម្ម​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ ដូច្នេះ​លោក​បង្វែរ​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ទៅ​តុលាការ​វិញ។

លោក​ថ្លែង​ថា៖ ​«​អ្នក​ណា​មាន​ព័ត៌មាន​ច្បាស់​ការ​ សូម​រាយ​ការណ៍​ជូន​សមត្ថកិច្ច»។

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចាត់​ទុក​ថា​ការ​ធ្វើ​ឃាត​លោក ​កែម ឡី បាន​ធ្វើ​ឲ្យ​«ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​និង​ជា​ការ​ផ្ចាញ់ផ្ចាល​រដ្ឋាភិបាល» ហើយ​លោក​បាន​អំពាវនាវ​កុំ​ឲ្យ​យក​ការ​បាញ់​សម្លាប់​នេះ​«ធ្វើ​ជា​រឿង​នយោបាយ»។ លោក​ ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​មនុស្ស​ដែល​អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ផងដែរ៕

XS
SM
MD
LG