ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគោរព​ស្រឡាញ់​​លោក​បណ្ឌិត កែម ឡី មិន​ទាន់​អស់​អាល័យ និង​នៅតែ​ចង់​ឃើញ​យុត្តិធម៌​ពិត​ប្រាកដ


ព្រះសង្ឃ​គង់សូត្រមន្ត​ក្នុងពិធីបង្សុកូល​គោរពវិញ្ញាណក្ខន្ធ​ជូន​លោក កែម ឡី ដែលរៀបចំ​ឡើងដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ពិធី​នេះ​ធ្វើឡើងនៅ​ការិយាល័យ​របស់អង្គការ​នេះ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)
ព្រះសង្ឃ​គង់សូត្រមន្ត​ក្នុងពិធីបង្សុកូល​គោរពវិញ្ញាណក្ខន្ធ​ជូន​លោក កែម ឡី ដែលរៀបចំ​ឡើងដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ពិធី​នេះ​ធ្វើឡើងនៅ​ការិយាល័យ​របស់អង្គការ​នេះ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)

សំឡេង​សូត្រ​ធម៌​លាន់​រំពង​ឡើង​នៅ​ក្នុង​ពិធីបង្សុ​កូល​គោរព​វិញ្ញា​ណ​ក្ខន្ធ​លោក កែម ឡី ខណៈ​ជិត​ដល់​ថ្ងៃ​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​រូប​លោក​កាល​ពី​ឆ្នាំ​២០១៦។ កម្មវិធី​ឧទ្ទិស​កុសលដល់​វិញ្ញាណក្ខន្ធ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ការិយាល័យ​របស់មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២។

នៅ​ក្នុង​ពិធី​នោះ អ្នក​គោរព​ស្រឡាញ់​លោក កែម ឡី អះអាង​ថា ​ពួកគេ​មិន​ទាន់​អស់​អាល័យ​ និង​នៅ​តែ​ចង់​ឃើញយុត្តិ​ធម៌សម្រាប់​រូប​លោក។ ពួកគេ​ចង់​ឱ្យ​ឃើញ​ភាពយុត្តិ​ធម៌សម្រាប់​លោក​បណ្ឌិត កែម​ ឡី ដោយទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ស្វែង​រក​ជន​ពាក់​ព័ន្ធ​មក​ផ្តន្ទា​ទោស​ឱ្យ​ខានតែ​បាន។

យុវតី​ម្នាក់​ពាក់​អាវ​រូប​លោក​បណ្ឌិត​ កែម ​ឡី ដែលចូល​រួម​ពិធី​បង្សុកូល ​កញ្ញា ខ្លឹម​ សារ ​នៅ​តែ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​លោក ​កែម​ ឡី ដោយ​កញ្ញា​ចាត់​ទុក​រូប​លោក​ជា​វីរ​ជន​ម្នាក់ ដែល​ហ៊ាន​និយាយ​ការ​ពិត។ កញ្ញា​ចង់​ឱ្យ​អាជ្ញាធរ​រក​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិ​ត កែម ឡី ឱ្យ​បាន​ឆាប់ ព្រោះ​កញ្ញា​មិន​ជឿ​ថា​ការ​សម្លាប់​នេះ​គឺ​ដោយ​សារ​រឿង​ជំពាក់​លុយ​នោះ​ទេ។

កញ្ញា​ថ្លែង​ថា៖ ​«​វា​ជា​រឿង​អយុត្តិធម៌​ខ្លាំង​មែន​ទែន ​សម្រាប់​រូប​លោក ព្រោះ​រយៈ​ពេល​៦​ឆ្នាំ​ហើយ​ យើង​អត់​ទាន់​បាន​ឃើញ​អាជ្ញាធរ​ ក៏ដូច​ជា​មន្ត្រី​ដែល​ពាក់ព័ន្ធ​ចាប់​ជន​ល្មើស​ពិត​ប្រាកដ​បាន»។

យុវ​តីដែល​ជា​សមាជិក​របស់​ក្រុម​ខ្មែរ​ថាវរៈ​រូប​នេះ​ក៏​បាន​ចូល​រួម​តែង​កំណាព្យ​អំ​ពី​លោក កែម ឡី ដែល​ជា​កម្ម​វិធី​ប្រកួត​ប្រជែង​រៀបចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

រូបឯកសារ៖ ផ្ទាំង​រូបថតលោក ​កែម ឡី ដែលដាក់​តម្កល់​អមផ្នូររបស់​លោក​នៅ​ឃុំលាយបូរ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​
រូបឯកសារ៖ ផ្ទាំង​រូបថតលោក ​កែម ឡី ដែលដាក់​តម្កល់​អមផ្នូររបស់​លោក​នៅ​ឃុំលាយបូរ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​

ចំណែក​ស្រ្តី​ម្នាក់​ទៀត​ ដែល​គោរព​ស្រឡាញ់​លោក កែម ឡី​ និង​បាន​ចូលរួម​កម្ម​វិធី​បង្សុកូលនេះ​ដែរ​ អ្នកស្រី សាក់ ​កន្និការ​ ​អាយុ​៣១​ឆ្នាំ ​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​ អ្នកស្រីមិន​ជឿ​ថា​ ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី ដែល​អាជ្ញាធរ​ចាប់​ខ្លួន និង​តុលាការ​កាត់​ទោស​នោះ ជា​អ្នក​ប្រព្រឹត្ត​តែ​ឯក​ឯង​ឡើយ។

ស្ត្រី​ដែល​ជា​មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការកម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន (YRDP) យល់​ថា​ប្រសិន​បើ​សមត្ថ​កិច្ច​ចង់​ស៊ើប​អង្កេត​ឱ្យ​ដល់​កម្រិត​ គឺ​អ្នកស្រី​ជឿ​ថា​នឹង​អាច​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់លោក​បណ្ឌិត​ កែម​ ឡី បាន​។ អ្នកស្រី​នៅ​តែ​ទាមទារ​ឱ្យ​អាជ្ញាធ​រស្វែង​រក​ឃាត​ក​ពិត​ប្រាកដ ដែល​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក កែម ឡី។

អ្នក​ស្រី​ថ្លែង​ថា​៖ ​«សម្រាប់​ខ្ញុំ​ផ្ទាល់ បើ​យើង​និយាយ​ពី​បុគ្គល ជួប​ សម្លាប់ ដែល​ត្រូវ​បាន​គេ​ចាប់ តើ​យើង​ជឿ​ទេ​ថា គាត់​ជា​អ្នក​ប្រព្រឹត្ត?។ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​អ្នក​តាម​ដាន​ព័ត៌មាន​ក្នុង​សង្គម សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ជឿ​ទេ ថា​បុគ្គល ​ជួប សម្លាប់ ហ្នឹង​ ជា​អ្នក​នៅ​ពី​ក្រោយ ឬ​ជា​ជន​ដៃ​ដល់​នៃ​ការ​សម្លាប់​លោក​បណ្ឌិត​ កែម ឡី។ ហើយ​ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា​វា​មិន​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​លោក​បណ្ឌិត​កែម​ ឡី ទេ។ គួរ​តែ​ស្វែង​រក​ឱ្យ​ឃើញ​ថា​តើអ្នកណា​នៅ​ពី​ក្រោយ និង​ប្រព្រឹត្ត​នូវ​បទ​ល្មើស​នេះ»។

ពលរដ្ឋដែល​ចូលរួម​ពិធីបង្សុកូល​គោរពវិញ្ញាណក្ខន្ធ​ជូន​លោក កែម ឡី នាំគ្នា​រាប់បាត្រ នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)
ពលរដ្ឋដែល​ចូលរួម​ពិធីបង្សុកូល​គោរពវិញ្ញាណក្ខន្ធ​ជូន​លោក កែម ឡី នាំគ្នា​រាប់បាត្រ នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប /វីអូអេ)

ចំណែក​បុរស​ម្នាក់​ទៀត​ ដែល​បាន​ចូលរួម​តែង​កំណាព្យ​អំ​ពី​វីរភាព​របស់​លោក កែម​ ឡី ដែរ​នោះ លោក ឌឹម សុភត្រា ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្រ្ត​សេដ្ឋ​កិច្ច ក៏​នៅ​មិន​ទាន់​អស់​ចិត្ត​ថា​ឃាតក ជួប សម្លាប់ ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី។ លោកថា​អាជ្ញាធរ​គួរ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​នៅ​ក្នុង​រឿង​នេះ។

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​តាម​ដាន​ព័ត៌មាន​ហ្នឹង​ដែរ ហើយ​ម្នាក់​ដែល​ឈ្មោះ ជួប​ សម្លាប់​ យើង​ពិបាក​អាច​សន្និដ្ឋាន​បាន​ថា​គាត់​ជា​អ្នក​សម្លាប់​ពិត​ប្រាកដ។ ...បើ​អាច​យើង​ធ្វើ​យ៉ាង​ណា​ឱ្យ​រឿង​ហ្នឹង​កាន់​តែ​ច្បាស់​លាស់។ស៊ើប​រឿង​ហ្នឹង​តាំង​ពី​ដើម​មក​ថា​មាន​អ្នក​ពាក់ព័ន្ធ​អី​ខ្លះ​ មាន​សាក្សី​គ្រប់គ្រាន់​ហើយ​ឬ​នៅ អ៊ីចឹង​ទៅ»។

អ្នកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា​ការ​រៀប​ចំ​ពិធី​នេះ គឺ​ដើម្បី​ឧទ្ទិស​កុ​សល​ដល់លោក កែម ឡី និង​ដើម្បី​ចែក​រំលែក​នូវ​ពាក្យ​សម្តី​របស់​លោក​ពី​មុន​ ជា​ពិសេស​ទាម​ទារ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែង​រក​អ្នក​ពាក់​ព័ន្ធមក​ផ្តន្ទា​ទោស​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ក្នុង​ករណី​នេះ។

អ្នក​ស្រី​ថ្លែង​ថា​៖ ​«​ក្នុង​ខួប​៦​ឆ្នាំ​នេះ ​ខ្ញុំ​ក៏​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ទាំង​ឡាយ ជាពិសេស​យុវជន​ក្នុង​ការ​បន្ត​យក​គំរូ​ភាព​របស់​លោក​បណ្ឌិត​ និង​សម្រង់​សម្តី​ល្អៗ​ជា​ច្រើន​របស់​លោក​បណ្ឌិ​ត គឺ​ជា​ការ​ចូលរួម​ដាស់​តឿន​យើង​ក្នុង​ការ​ចូល​រួម​សង្គម​មួយ​ ប្រកប​ដោយ​ភាព​សកម្ម ហើយ​និង​ប្រកប​ដោយ​ទំនួល​ខុសត្រូវ។ តួយ៉ាង​ដូច​យើង​បាន​ឮ​នូវ​សារ​របស់​គាត់ យើង​ត្រូវ​និយាយ​ការ​ពិត ជា​ជាងការ​ពារ។ ហើយ​បើ​យើង​មិន​ហ៊ាន​និយាយ ​វា​បង្ក​ជា​ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម​ជា​ដើម»។

អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរបន្ត​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​មក​ផ្តន្ទា​ទោស ឬ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ ​ ដើម្បីឱ្យ​សាធារណ​ជន​ និ​ងអ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត​ កែម ឡី ​បាន​ដឹង​ការ​ពិត​នៃ​ឃាត​កម្ម​នេះ។

អ្នកស្រី​ថ្លែង​ថា៖​ «​យើង​ឃើញ​ការ​ចូលរួម​ ការ​គាំទ្រ​ និង​ការ​ដង្ហើយ​រក​ពី​ពល​រដ្ឋ​ជា​ច្រើន​នាក់។ អ៊ីចឹង​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌ​ភាព ជាពិសេស​តាមរយៈ​ករណី​លោក​បណ្ឌិត​ កែម ឡី​ នេះ»។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អង្គារ​ថា​សំណុំ​រឿង​ឃាតកម្ម​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ ហើយ​បើ​បុគ្គល​ណា​ម្នាក់​មាន​ភស្តុតាង​អ្វី​ច្បាស់​លាស់ ​លោក​ថា​ឲ្យ​ជួយ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច។

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

លោក កែម​ ឡី ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ចំណុច​ភ្លើង​ស្តុប​បូកគោ ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦។ ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី អាជ្ញាធរ​ចាប់​បាន​បុគ្គល​ម្នាក់ ឈ្មោះ​អឿត អាង ហៅ​ក្រៅ​ថា​ ជួប​ សម្លាប់។ បុរស​នោះ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

តុលាការ​បាន​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ​ គឺ​ការ​ដាក់​ទោស​លោក ​ជួប​ សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត និង​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​ទៀត​ចំពោះ​ឃាត​កម្ម​លើ​លោក កែម ឡី ហើយ​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​នេះ ​មិន​ទាន់​មាន​តម្រុយ​អ្វី​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG