ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន ​លោក ​កើត សារ៉ាយ ​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក


លោក​ កើត សារ៉ាយ ​ជា​អតីត​ព្រះ​សង្ឃ​ និង​ជា​អ្នក​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ ​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​។ (រូបថត​ពី Facebook/Koet Saray)
លោក​ កើត សារ៉ាយ ​ជា​អតីត​ព្រះ​សង្ឃ​ និង​ជា​អ្នក​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ ​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​។ (រូបថត​ពី Facebook/Koet Saray)

សកម្ម​ជន​សង្គម​ លោក​ កើត សារ៉ាយ ​ដែល​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។​

នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ ​នៅ​ថ្ងៃ​ទី​៩ ​ខែ​តុលា ​លោក​ កើត សារ៉ាយ ​ប្រាប់​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក​មិន​បាន​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​សាន ប៊ុនធឿន ​បាន​ចោទ​សួរ​លោក​ កើត សារ៉ាយ ​នូវ​សំណួរ​ដំបូង​ថា៖​«តើ​លោក​មាន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ?»។​

ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​ក្រូច​ដៃវែង​ លោក​ កើត សារ៉ាយ ​ឆ្លើយ​ថា៖ ​«ទេ»។​

លោក ​កើត សារ៉ាយ ​ក៏​បាន​ស្នើ​សុំ​ឱ្យ​ចៅ​ក្រម​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក។​

លោក​ កើត សារ៉ាយ ​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ ​ញុះញង់ ​ចំពោះ​ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះ​វិហារ។​ កាលពី​ថ្ងៃ​ទី​៥ ​ខែ​មេសា ​ឆ្នាំ​២០២៤ ​លោក ​កើត សារ៉ាយ ​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ចាប់​ខ្លួន​នៅ​ទីស្នាក់​ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ក្រោយ​ការ​ផ្សព្វ​ផ្សាយ ​និង​បញ្ចេញ​មតិ​អំពី​វិវាទ​ដីធ្លី​ដ៏​រសើប​នៅ​ឃុំ​ស្រយង់ ​និង​ឃុំ​ភ្នំ​ត្បែង​ពីរ ​ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ និង​បទ​មិន​រាង​ចាល​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម។ ​កាលពី​ឆ្នាំ​២០២១​ លោក​ កើត សារ៉ាយ​ ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​២០​ខែ​ ពី​បទ​ញុះញង់​ដូច​គ្នា ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក ​រ៉ុង ឈុន ​អតីត​មេ​ដឹកនាំ​សហជីព។​

ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ​ លោក ​សាន ប៊ុនធឿន ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​សួរ​សំណួរ​ជា​ច្រើន ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នោះ។​ ចៅក្រម​បាន​សួរ​លោក ​កើត សារ៉ាយ ​ដូចជា​«តើ​លោក​មាន​បាន​ប្រព្រឹត្ត​ដូចការ​ចោទ​ប្រកាន់​ទេ?​ តើ​លោក​មាន​បាន​បង្ហោះ​រូបភាព ​ឬ​វីដេអូ​ទេ?​ ការ​បង្ហោះ​នោះ​ក្នុង​គោល​បំណង​អ្វី? ​ តើ​លោក​យល់​ថា​ ការ​ចុះ​ទៅ​ក្នុង​ព្រៃ​ធ្វើ​ជា​វីដេអូ ​និង​រូបភាព​ និង​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​មួយ​ដែល​លោក​ប្រើ​ពាក្យ​ភៀស​ខ្លួន ​តើ​លោក​យល់​ថា​ វាស្រប​តាម​គោល​បំណង​របស់​សមាគម​របស់​លោក​ទេ?​

ពាក់​ព័ន្ធ​នឹង​សំណួរ​ទាំង​នោះ ​លោក​ កើត សារ៉ាយ​ បាន​តប​ទៅ​ចៅក្រម​ថា ​លោក​មិន​បាន​ញុះ​ញង់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។​ លោក​បញ្ជាក់​គោល​បំណង​របស់​លោក​ថា ​ការ​ផ្សព្វ​ផ្សាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ​ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ ​គឺ​ដើម្បី​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឃើញ ​និង​ដោះ​ស្រាយ​ដោយ​សន្តិវិធី។​

លោក​ កើត​ សារ៉ាយ ​លើក​ឡើង​ថា៖​«ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឮ ​ បាន​ឃើញ ​និង​ដោះ​ស្រាយ​ជូន​ពួក​គាត់​ និង​ពិនិត្យ​មើល​លទ្ធភាព​ណា​កាត់​ឆ្វៀល​ដី​ឱ្យ​ពួក​គាត់​ប្រសិន​ជា​អាច​...​និង​កុំ​ឱ្យ​ពលរដ្ឋ​រត់​ចូលព្រៃ។ ​ដូច្នេះ​បាន​ជា​ខ្ញុំ​គិត​ថា​ សង្គម​ស៊ីវិល​ ដើរ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល ​ទើប​ខ្ញុំ​ធ្វើ​សកម្ម​ភាព​នោះ»។​

ទាក់ទង​នឹង​ភស្តុតាង​ដែល​យក​មក​ចោទ​ប្រកាន់​លោក ​កើត សារ៉ាយ ​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ក្រសួង​មហា​ផ្ទៃ​ដែល​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​ បញ្ជាក់​ថា​ ​សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​តាម​បណ្តាញ​សង្គម​ដែល​រក​ឃើញ​ថា​ លោក​ កើត សារ៉ាយ ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ​កាលពី​ថ្ងៃទី​២១​ ខែ​មីនា ​ឆ្នាំ​២០២៤ ​និង​ការ​បង្ហោះ​រូប​ភាព ​និង​វីដេអូ ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ ​កើត សារ៉ាយ ​និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សមាគម​ដែល​សមត្ថ​កិច្ច​ចោទ​ថា​ ជា​ពាក្យ​ពេចន៍​«ញុះញង់»។​

ក្នុង​សវនាការ​ ចៅក្រម​បាន​បញ្ជា​ឱ្យ​ចាក់​វីដេអូ​នៃ​បទ​សម្ភាសន៍​របស់​លោក​ កើត សារ៉ាយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ និង​ភស្តុតាង​ដែល​អាជ្ញាធរ​បាន​យក​មក​ដាក់​បន្ទុក​ ក្នុង​ការ​ចោទ​ប្រកាន់​នោះ​ផង​ដែរ។​

កន្លង​ទៅ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង​នោះ​មាន​អង្គការ​លីកាដូ​ផង​ដែរ​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ កើត សារ៉ាយ​ជា​បន្ទាន់ ​និង​ឥត​លក្ខ​ខណ្ឌ។ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​ដោះ​លែង​លោក​ កើត សារ៉ាយ ​ជា​បន្ទាន់​ និង​ឥត​លក្ខខណ្ឌ​ ហើយ​សូម​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​រូប​លោក។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ដែល​បាន​ចូល​ស្តាប់​សវនាការ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​ថា​ ភស្តុតាង​ដាក់​បន្ទុក​មាន​វិមតិ​សង្ស័យ​ច្រើន​ និង​មិន​ឃើញ​មាន​ធាតុ​ផ្សំ​ញុះញង់​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍ ​គឺ​ភស្តុតាង​ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​មាន​វិមតិ​សង្ស័យ​ច្រើន ​ហើយ​វា​មិន​មែន​ជា​ភស្តុតាង​មួយ​សម្រាប់​ដាក់​បន្ទុក​បទ​ល្មើស​ហ្នឹង​ដែរ។ ​ភស្តុតាង​ដែល​បាន​បង្ហាញ ​គឺ​សារ​សំឡេង​ ឬ​សំឡេង​ ឬ​រូបភាព​ទាំង​អស់​ហ្នឹង​ គ្មាន​កន្លែង​ណា​មួយ​ដែល​ជា​ការ​ញុះ​ញង់​ទេ។ ​វា​អត់​មាន​សោះ»។​

លោក ​អំ សំអាត ​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លោក ​កើត សារ៉ាយ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​នៅ​តែ​យល់​ស្រប​ទៅ​តាម​ការ​សន្និដ្ឋាន ​និង​ការ​ស្នើ​សុំ​របស់​មេធាវី​ ក៏​ដូចជា​លោក ​កើត សារ៉ាយ ​គឺ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​លោក ​កើត សារ៉ាយ»។​

មេធាវី​ការពារ​ក្តី​របស់​លោក​ កើត សារ៉ាយ ​គឺ​លោក ​អ៊ឹម ផាន់ណា ​និង​លោក ​លី ​សុចិត្រា ​បាន​ព្យាយាម​ការពារ​កូនក្តី​របស់​ខ្លួន ​និង​ស្នើ​ឱ្យ​ចៅក្រម​ពិចារណា​លើក​លែង​ទោស​ឱ្យ​កូន​ក្តី​របស់​ខ្លួន ​ដោយ​លើក​ឡើង​ថា​ សកម្មភាព​ទាំង​នោះ​ធ្វើ​ឡើង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ​និង​ស្រប​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ​និង​ថា​ មិន​មាន​ធាតុ​ផ្សំ​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ឡើយ។​ មេធាវី​ការពារ​ក្តី​ទាំង​ពីរ​បាន​បញ្ជាក់​ថា ចេតនា​របស់​លោក ​កើត សារ៉ាយ ​គឺ​ដើម្បី​ប្រាប់​ទៅ​អាជ្ញាធរ​ឱ្យ​មាន​វិធាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ និង​ដើម្បី​សន្តិភាព ​ដែល​មិនមែន​ជា​ការ​ញុះ​ញង់​ទេ។​

បើ​តាម​មេធាវី ​ការ​ចោទ​ប្រកាន់​កូនក្តី​របស់​លោក​មិន​ទាន់​មាន​អង្គហេតុ​ច្បាស់​លាស់​នៅ​ឡើយ ​ដោយ​សារ​មន្ត្រី​នគរបាល​យុត្តិធម៌​ មិន​មាន​អ្វី​ដាក់​បន្ទុក​ ក្រៅពី​បទ​សម្ភាសន៍​រវាង​កូន​ក្តី​របស់​លោក​ជាមួយ​ស្ថាប័ន​សារ​ព័ត៌មាន។​

មេធាវី​លោក ​អ៊ឹម ផាន់ណា ​ថ្លែង​ក្នុង​សវនាការ​នោះ​ថា៖​«តើ​លោក​ កើត សារ៉ាយ​ ទៅ​ខេត្ត​ព្រះវិហារ​ មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា ​ញុះ​ញង់ ​ឬ​បញ្ចុះ​បញ្ចូល​ឱ្យ​ពល​រដ្ឋ​ប្រឆាំង​រដ្ឋាភិបាល​ទេ? ​គ្មាន​ទាល់​តែ​សោះ ​ទាំង​សាក្សី ​និង​ភស្តុតាង​ ​គ្មាន​ឡើយ​ចំណុច​សង្ស័យ​ និង​មិន​មាន​ភស្តុតាង។​ តើ​ឱ្យ​កូន​ក្តី​ខ្ញុំ​ទទួល​ខុស​ត្រូវ​ដូច​ម្តេច?»។​

មេធាវី​រូប​នេះ​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​តំណាង​អយ្យការ​ដែល​ចាត់​ទុក​ថា​ ការ​លើក​ឡើង​របស់​លោក ​កើត​ សារ៉ាយ​ជា​ព័ត៌មាន​មិន​ពិត។​ លោក​មេធាវី ​អ៊ឹម ផាន់ណា ​ប្រាប់​ចៅក្រម​ថា៖​«បើ​សិន​ជា​ព័ត៌មាន​នោះ​មិន​ពិត ​លោក ​កើត សារ៉ាយ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ពេល​មាន​បញ្ហា​មក​ម៉្លេះ»។​

ក្នុង​សវនាការ​ជំនុំ​ជម្រះ​នោះ ​តំណាង​អយ្យការ​ លោក​ សេង ហៀង ​ក៏​បាន​ចោទ​សួរ​លោក​ កើត សារ៉ាយ ​ជា​ច្រើន​សំណួរ​ផង​ដែរ ​ដូចជា៖ ​«មុន​ពេល​លោក​ធ្វើ​ការងារ​នេះ ​តើ​លោក​ធ្លាប់​ធ្វើការ​អ្វី​ដែរ? ខាង​វិស័យ​ច្បាប់​ទេ?​ វិស័យ​ដីធ្លី ​ឬ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ទេ? ​តើ​លោក​បាន​សិក្សា​ច្បាស់​ទេ​អំពី​ បញ្ហា​ដីធ្លី​ដែល​ពលរដ្ឋ​កាន់​កាប់​ មុន​ពេល​លោក​ចុះ​ទៅ? ​មុន​នឹង​បង្ហោះ​ជា​សាធារណៈ​ លោក​មាន​បាន​ផ្ទៀង​ផ្ទាត់​ច្បាស់​ទេ​ ជុំវិញ​ការ​លើក​ឡើង​ និង​ភស្តុតាង​ផ្ទៀង​ផ្ទាត់​ផ្សេងៗ?​ តើ​លោក​បាន​ឃើញ​លិខិត​ទិញ ​លក់​ដី​ទាំង​នោះ​ទេ?​ តើ​ឃើញ​ពលរដ្ឋ​កាន់​កាប់​ដី​នោះ​ជា​របស់​អ្នក​ណា?»។​

លោក ​សេង ហៀង ​បញ្ជាក់​ថា​ ការ​និយាយ​របស់​លោក​ កើត សារ៉ាយ ​គឺ​ជា​ព័ត៌មាន​មិន​ពិត​ គ្មាន​ភស្តុតាង ​ដែល​គ្រាន់​តែ​ទទួល​បាន​ដោយ​ពល​រដ្ឋ​និយាយ​ប្រាប់ ​ដែល​លោក​ថា​ ជា​«គ្រោះថ្នាក់​ដល់​សង្គម»។ ​តំណាង​អយ្យការ​រូប​នេះ​សំណូម​ពរ​ទៅ​ចៅក្រម​ឱ្យ​ផ្តន្ទា​ទោស​ធ្ងន់ធ្ងរ​លើ​លោក ​កើត សារ៉ាយ។​

ចំណែក​លោក ​កើត សារ៉ាយ ​នៅ​តែ​ការពារ​ខ្លួន​ថា​ ការ​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រយង់​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ គឺ​លោក​ចង់​ឃើញ​ដំណោះ​ស្រាយ​មួយ​ដោយ​សន្តិវិធី​ ជាមួយ​សំណូម​ពរ​នា​ពេល​នោះ ​មាន​៣​ចំណុច ​គឺ៖ ​ទី១ ​ស្នើ​ឱ្យ​អាជ្ញាធរ​ពិនិត្យ​លទ្ធភាព​កាត់​ឆ្វៀល​ដី​ឱ្យ​ពល​រដ្ឋ ​ដែល​គ្មាន​លំនៅ​ឋាន ទី២ ​ដោះ​លែង​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរចាប់​ឃុំ ​និង​ទី៣​ អាជ្ញាធរ​ត្រូវ​ប្រកាស​ជា​សាធារណៈ​ថា​ មិនមាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នោះ​ទេ។​

សម្តី​ចុង​ក្រោយ​របស់​លោក ​កើត សារ៉ាយ ​ក្នុង​សវនាការ​នោះ ​គឺ​លោក​បាន​សំណូម​ពរ​ថា៖​ «ខ្ញុំ​ស្នើ​ឱ្យ​ចៅ​ក្រម​ ពិចារណា​ផ្តល់​យុត្តិ​ធម៌​ដល់​ខ្ញុំ»។​

មុន​បិទ​បញ្ចប់​សវនាការ​ លោក ​សាន ប៊ុនធឿន ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា ​តុលាការ​នឹង​ជូន​ដំណឹង​តាម​ក្រោយ​ ទាក់ទង​ការ​កំណត់​ថ្ងៃ​ប្រកាស​សាល​ក្រម​លើ​លោក ​កើត សារ៉ាយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG