អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សដែលហៅកាត់ថាលីកាដូ បានរកឃើញថាជម្លោះដីធ្លីក្នុងឆ្នាំ២០១៤កន្លងទៅនេះបានកើនឡើងខ្លាំងគឺចំនួន៣ដងបើប្រៀបធៀបនឹងឆ្នាំ២០១៣។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងថាគ្រាន់តែឆ្នាំ២០១៤អង្គការលីកាដូបានរកឃើញថាមានគ្រួសារចំនួន១០,៦២៥ គ្រួសារ ឬ ប្រហែល ៤៩,៥១៩នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី។
ចំនួននេះភាគច្រើនកើតមានឡើងនៅក្នុងខេត្តចំនួន១៣ ដែលអង្គការលីកាដូបានធ្វើការ ដែលច្រើនជាងបីដងនៃគ្រួសារដែលត្រូវបានចងក្រងកាលពីឆ្នាំ២០១៣។
កាលពីឆ្នាំ២០១៣ មានចំនួន ៣,៤៧៥គ្រួសារ និង ច្រើនជាងពីរដងបើប្រៀបធៀបនឹងឆ្នាំ២០១២ដែលមានចំនួន ៥, ៦៧២ គ្រួសារ។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេស ស៊ើបអង្កេតនៃអង្គការលីកាដូបានបញ្ជាក់ថា បើទោះបីជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានរួមគ្នាដើម្បីដោះស្រាយបញ្ហាដីធ្លីក៏ដោយក៏បញ្ហានេះនៅតែក្តៅគគុកដដែល។
លោកបានបញ្ជាក់ថាបញ្ហាអំពើពុករលួយ និង ប្រព័ន្ធតុលាការមិនឯករាជ្យនិងមាននិន្នាការនយោបាយហេតុដូច្នេះអ្នកដែលរំលោភដីធ្លីភាគច្រើនស្ថិតក្នុងជួរអ្នកមានអំណាច ឬជាខ្សែ ស្រឡាយមន្ត្រីជាន់ខ្ពស់។
លោកនិយាយថា៖ «បើសិនជាបញ្ហាដីធ្លីនេះកាន់តែរីករាលដាលទៅ ថ្ងៃណាមួយនឹងអាចមានបដិវត្តន៍ដីធ្លីកើតឡើង»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លីកាដូបានបញ្ជាក់ថារហូតមកដល់ឆ្នាំ២០១៥នេះមិនមានសញ្ញាណាមួយថាបញ្ហាដីធ្លីមានលក្ខណៈល្អប្រសើរឡើងនោះទេនៅពេលដែលការបំផ្លិចបំផ្លាញនៅតែមានបន្ត ហើយប្រជាពលរដ្ឋកាន់តែច្រើនឡើងៗត្រូវបានបណ្តេញចេញដោយបង្ខិតបង្ខំពីផ្ទះសម្បែង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាការលើកឡើងរបស់អង្គការលីកាដូ គ្រាន់តែចង់ឱ្យមានបដិវត្តន៍ដីធ្លីតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានដោះស្រាយទំនាស់ដីធ្លីចាប់ពី២០០០ករណីមកនៅត្រឹម៥០០ករណី ហើយបានបន្តធ្លាក់ចុះ៣០០ករណីតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ពីព្រោះគាត់ហ្នឹងជាភ្នាក់ងារដែលធ្វើឱ្យមានបដិវត្តន៍ពណ៌ ដែលយើងតាមដានមើលទៅ។ ដូចជាគាត់ដាក់ពន្លើសលេខ ដាក់ពន្លើសចំនួនកំណើនហ្នឹងគឺប្រាសចាកការពិតដែលយើងមានឯកសារត្រឹមត្រូវនៅទីស្តីការគណៈរដ្ឋមន្ត្រី»។
យ៉ាងតិចមានប្រជាពលរដ្ឋប្រមាណជិត២០នាក់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង និងជាង១០០នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងបណ្តឹងរបស់តុលាការទាក់ទិននឹងរឿងទំនាស់ដីធ្លី៕