រដ្ឋសភាមិនបានជួយដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ការបាញ់សម្លាប់ប្រជាពលរដ្ឋនៅលើផ្លូវវ៉េងស្រេង និងការរំលោភសិទ្ធិមនុស្សនោះទេ។
នេះគឺជាការកត់សម្គាល់របស់អង្គការឃ្លាំមើលការបោះឆ្នោតមួយដែលហៅថាខុមហ្វ្រែល នៅក្នុងរបាយការណ៍អង្កេតដំណើរការរដ្ឋសភាដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ។
នេះគឺជារបាយការណ៍លើកដំបូងរបស់អង្គការដដែលនេះក្រោយពីរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានដំណើររួមគ្នាកាលពីចុងឆ្នាំមុនបន្ទាប់ពីបញ្ចប់វិបត្តិនយោបាយរយៈពេលមួយឆ្នាំក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។
របាយការណ៍ដដែលសង្កត់ធ្ងន់ថាបញ្ហាខាងលើគឺជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងរបាយការណ៍អង្កេតកម្រាស់៤២ទំព័រគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឬខុមហ្វ្រែលបានបង្ហាញថាក្រុមតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិមានលក្ខណៈសកម្មជាងក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
ខុមហ្វ្រែលគូសបញ្ជាក់ថា «បន្ទាប់ពីគណៈកម្មការជំនាញមួយចំនួននៃរដ្ឋសភាត្រូវបានដឹកនាំដោយគណបក្សសង្គ្រោះជាតិ គណៈកម្មការទាំងនោះបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការកោះហៅរដ្ឋមន្ត្រី ឬតំណាងរាជរដ្ឋាភិបាលមកបំភ្លឺដើម្បីសាកសួរនិងពិភាក្សារកដំណោះស្រាយចំពោះបញ្ហាសង្គមមួយចំនួនជាពិសេសបញ្ហាទំនាស់ដីធ្លី»។
នៅក្នុងនោះដែរខុមហ្វ្រែលបានរៀបរាប់ថាក្នុងចំណោមតំណាងរាស្ដ្រជាប់ឆ្នោត៦៨រូបរបស់គណបក្សប្រជាជនមានតំណាងរាស្ដ្រតែ៥០រូបប៉ុណ្ណោះបានចុះធ្វើសកម្មភាពក្នុងមូលដ្ឋានបានចំនួន៦១០លើក គឺជាមធ្យមតំណាងរាស្ដ្រមួយរូបចុះមូលដ្ឋានបាន១២លើកសម្រាប់ដើមអណត្តិទី៥នៃរដ្ឋសភានេះ។
ដោយឡែកតំណាងរាស្ដ្រចំនួន៤៦រូបក្នុងចំណោមតំណាងរាស្ដ្រសរុប៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានចុះមូលដ្ឋានបាន៦៦៤លើក។ ពោលគឺ៥៤ដងច្រើនជាងតំណាងរាស្ដ្រនៃបក្សកាន់អំណាច។
របាយការណ៍ខុមហ្វែ្រលបញ្ជាក់បន្ថែមថាការចុះមូលដ្ឋានរបស់ក្រុមតំណាងរាស្ដ្រផ្តោតសំខាន់លើបញ្ហាពីរនោះគឺការចុះសួរសុខទុក្ខម្ចាស់ឆ្នោតនិងចែកអំណោយរួមទាំងការសំណេះសំណាល និងបញ្ហាទីពីរគឺជាការចុះមូលដ្ឋានដើម្បីពង្រឹងបណ្តាញគណបក្សនៅមូលដ្ឋាន។
ជាមួយគ្នានេះដែរខុមហ្វ្រែលបានផ្តល់អនុសាសន៍ថាឲ្យមានការកែទម្រង់រដ្ឋសភា ធានាប្រសិទ្ធភាពនិងតម្លាភាពជាដើម។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វែ្រលបានគូសបញ្ជាក់អំពីការកែទម្រង់នេះ។
«យើងនៅឃ្លាំមើលជានិច្ចអំពីកំណែទម្រង់នេះ។ ធ្វើយ៉ាងណាដើម្បីឲ្យកំណែទម្រង់រដ្ឋសភានេះល្អជាងមុន»។
លោកគឹម សួភារិទ្ធ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិដែលមានវត្តមានក្នុងពិធីបង្ហាញរបាយការណ៍របស់អង្គការខុមហ្វ្រែលនេះបានសម្តែងការគាំទ្រដល់របាយការណ៍តាមដានរដ្ឋសភានេះ។
«យើងបានធ្វើកិច្ចការប្រសើរជាងអណត្តិមុនៗ។ខ្ញុំជឿជាក់ថាទោះជាមានការខិតខំប្រឹងប្រែងប្រសើរជាងមុនក៏ដោយក៏នៅមានការខ្វះចន្លោះច្រើនណាស់។គឺយើងត្រូវគិតគូទាំងអស់គ្នាថាយើងត្រូវធ្វើការកែទម្រង់ដើម្បីអនាគតនៃប្រជាជាតិយើង»។
តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាមិនមានវត្តមានក្នុងពិធីបង្ហាញរបាយការណ៍របស់អង្គការខុមហ្វ្រែលនេះទេ។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសខាងគណបក្សប្រជាជនកម្ពុជាមិនសប្បាយចិត្តនឹងរបាយការណ៍ខាងលើនេះទេ។លោកបញ្ជាក់ថាលោកមិនធ្វើអត្ថាធិប្បាយអ្វីមួយលើរបាយការណ៍នេះទេ៕