តុលាការនៃរបបសឹកយោធាមីយ៉ាន់ម៉ាបានបិទបញ្ចប់សវនាការកាត់ទោសមេដឹកនាំស៊ីវិលដែលត្រូវបណ្តេញចេញពីអំណាចគឺលោកស្រី Aung San Suu Kyi នៅថ្ងៃសុក្រនេះ ដោយផ្តន្ទាទោសឱ្យលោកស្រីជាប់ពន្ធនាគារសរុបទាំងអស់រយៈពេល ៣៣ ឆ្នាំ។ នេះបើប្រភពអ្នកច្បាប់មួយរូបដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ។
ជាអ្នកទោសមួយរូបនៃរបបយោធា ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក លោកស្រី Suu Kyi ដែលមានវ័យ ៧៧ ឆ្នាំ ត្រូវបានកាត់ទោសលើគ្រប់បទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោកស្រី ដោយរាប់ចាប់តាំងពីអំពើពុករលួយ ការប្រើប្រាស់វិទ្យុទាក់ទងអាយកូមខុសច្បាប់ និងការបំពានទៅលើវិធានការរឹតបន្តឹងច្បាប់ជំងឺកូវីដ១៩ ជាដើមផងដែរ។
នៅថ្ងៃសុក្រនេះ លោកស្រីត្រូវបានរកឃើញថាមានកំហុសលើបទចោទប្រកាន់ ៥ ករណីទៀត ទាក់ទិនអំពើពុករលួយ និងការជួលទិញ និងការជួសជុលឧទ្ធម្ភាគចក្រមួយគ្រឿង ដែលធ្វើឱ្យបាត់ប្រាក់ចំណូលរដ្ឋ។ នេះបើតាមការឱ្យដឹងរបស់ប្រភពខាងលើនេះ។
ប្រភពអ្នកច្បាប់នេះបន្ថែមទៀតថា៖ «សំណុំរឿងរបស់លោកស្រីទាំងអស់ត្រូវបានបញ្ចប់ ហើយពុំមានការចោទប្រកាន់អ្វីទៀតនោះទេលើលោកស្រី Suu Kyi»។
ប្រភពនេះក៏បាននិយាយផងដែរថា លោកស្រី Suu Kyiដែលពេលនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ មានវត្តមាននៅក្នុងសវនាការក្តីដែលប្រើពេលអស់ ១៨ ខែនោះ។ ក្រុមអ្នកការពារសិទ្ធិមនុស្សដែលរិះគន់សវនាកាត់ក្តីនេះថាជាឆាកល្ខោន បានឲ្យដឹងថា លោកស្រីហាក់ដូចជានៅមានសុខភាពរឹមាំល្អនៅឡើយ។
ក្រុមអ្នកសារព័ត៌មានត្រូវបានគេរារាំងមិនឱ្យចូលរួមស្តាប់សវនាការនោះឡើយ ហើយក្រុមមេធាវីរបស់លោកស្រីក៏ត្រូវបានហាមប្រាមមិនឱ្យថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរ។
ប្រភពអ្នកច្បាប់នោះក៏បានឱ្យដឹងផងដែរថា លោកស្រី Suu Kyi នឹងប្តឹងឧទ្ធរណ៍លើសាលក្រមចុងក្រោយនេះ៕