ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បង្ហាញ​សាកសព​អ្នកកាសែត Khashoggi


បុរស​ម្នាក់​ដែល​គេ​ធ្លាប់​ឃើញ​រួម​ដំណើរ​ជាមួយ​រាជទាយាទ​ Mohammed bin Salman នៅពេល​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ខែ​មេសា ត្រូវ​បាន​គេ​ឃើញ​ដើរ​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​ នៅ​ថ្ងៃ​ដែល​អ្នក​កាសែត Jamal Khashoggi បាត់​ខ្លួន។
បុរស​ម្នាក់​ដែល​គេ​ធ្លាប់​ឃើញ​រួម​ដំណើរ​ជាមួយ​រាជទាយាទ​ Mohammed bin Salman នៅពេល​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ខែ​មេសា ត្រូវ​បាន​គេ​ឃើញ​ដើរ​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​ នៅ​ថ្ងៃ​ដែល​អ្នក​កាសែត Jamal Khashoggi បាត់​ខ្លួន។

​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International​ អំពាវនាវ​ឱ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត បង្ហាញ​ជា​បន្ទាន់​នូវ​សាកសព​របស់​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត គឺ​លោក Jamal Khashoggi ដើម្បី​ឱ្យ​គេ​អាច​ធ្វើ​កោសលវិច័យ​សាកសព​ឱ្យ​បាន​ពេញ​លេញ។

​គេ​រាយការណ៍​ថា​ លោក ​Khashoggi ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៣ ខែតុលា។

​ប្រទេស​អារ៉ាប៊ីសាអូឌីត និយាយ​ថា​ លទ្ធផល​ស៊ើបអង្កេត​បឋម​របស់​ខ្លួន​បង្ហាញ​ថា លោក Khashoggi បាន​ស្លាប់​ក្រោយ​ពី​មាន​ការ​វាយតប់​គ្នា​ជាមួយ​ក្រុម​មនុស្ស​ដែល​លោក​បាន​ជួប​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នោះ។

នាយក​ផ្នែក​យុទ្ធនាការ​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​នៃ​អង្គការ​ Amnesty International ​គឺ​លោក​ស្រី​ Samah Hadid ​បាន​និយាយ​ថា ការ​រៀបរាប់​ព្រឹត្តិការណ៍​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នោះ មិន​អាច​ជឿជាក់​បាន​ទេ។ អ្នកស្រី​និយាយ​ថា ចាំ​បាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​មួយ​ពី​សំណាក់​អង្គការ​សហប្រជាជាតិ ដើម្បី​ជៀស​វាង​ការ​ព្យាយាម​បិទបាំង​ការពិត​ជុំវិញ​ការ​ស្លាប់​របស់លោក​ Khashoggi។

លោកស្រី​ Hadid ​មាន​ប្រសាសន៍​ថា ការ​ខំ​បិទបាំង​ការពិត​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​ចំណង​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ម្សិល​មិញ សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ព្រះ​រាជអាជ្ញា​ អារ៉ាប៊ី​សាអូឌីត ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​របស់​អារ៉ាប៊ី​សាអូឌីត បាន​ឱ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​អារ៉ាប៊ី​សាអូឌីត​ចំនួន​១៨​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​មរណភាព​របស់​លោក​Khashoggi។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​រៀបរាប់​ថា ទីប្រឹក្សា​ព្រះ​បរមរាជវាំង​គឺ​លោក ​Saud al-Qahtaniនិង​អនុ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​គឺ​លោក​ Ahmed Assiri ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។

ព្រះ​រាជអាជ្ញា​ និយាយ​ថា ការស៊ើប​អង្កេត​លើ​ការ​ស្លាប់​លោក​ Khashoggi កំពុង​បន្ត​ធ្វើ​នៅ​ឡើយ។ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋអារ៉ាប៊ីសាអូឌីត ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ស្តេច Salman​ នៃ​ប្រទេស​នេះ​ក៏​បាន​បញ្ជា​ឱ្យ​បង្កើត​គណៈ​កម្មការ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​ដែល​ដឹកនាំ​ដោយ​រាជបុត្រ​រាជទាយាទ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ឡើយ​វិញ។

​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ គឺ​ជា​ការ​ទទួល​ស្គាល់​ជា​លើក​ដំបូង​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ ថា​លោកKhashoggi ពិត​ជា​បាន​ស្លាប់​មែន។

មន្ត្រី​តួកគី​បាន​និយាយ​កាល​ពី​ពេល​មុន​នេះ​ថា ពួកគេ​ ជឿ​ថា​ លោកKhashoggi ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់ប្រទេស​អារ៉ាប៊ី​សាអូឌីត ក្រោយ​ពេល​ដែល​អ្នក​កាសែត​រូប​នេះ បាន​ចូល​ទៅ​ក្នុង​អាគារ​កុងស៊ុល​នោះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ដើម្បី​ទៅ​យក​ឯកសារ​សម្រាប់​អាពាហ៍ពិពាហ៍របស់​លោក។ ពេល​នោះ ​ប្រទេស​អារ៉ាប៊ី​សាអូឌីត បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​និយាយ​ថា លោក​ Khashoggi ​បាន​ចាក​ចេញ​ពី​ស្ថាន​កុងស៊ុល​នោះ​ហើយ៕

XS
SM
MD
LG