អ្នកការពារសិទ្ធិមនុស្សហៅការរារាំងរបស់អាជ្ញាធររាជធានីភ្នំពេញមិនឱ្យយុវជនមួយក្រុមប្រមូលផ្តុំនៅមុខក្រសួងមហាផ្ទៃ ដើម្បីតវ៉ាប្រឆាំងការផ្តល់បណ្ណស្នាក់នៅ និងអនុញ្ញាតឱ្យជនបរទេសធ្វើអាជីវកម្មនៅក្នុងប្រទេស ដោយលើកឡើងថា ជាចេតនារឹតត្បិតសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលប្រាសចាកគោលការណ៍ប្រជាធិបតេយ្យ។
បើតាមយុវជនដែលពាក់ព័ន្ធនឹងការតវ៉ាខាងលើ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងដោយមិនបានផ្តល់មូលហេតុកាលពីសប្តាហ៍មុនថា ក្រុមយុវជនលើសពី៥នាក់មិនត្រូវបានអនុញ្ញាតឱ្យទៅប្រមូលផ្តុំ ឬធ្វើបាតុកម្មដោយអហិង្សានៅមុខក្រសួងមហាផ្ទៃនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនោះទេ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា រដ្ឋបាលរាជធានីភ្នំពេញទំនងជាមានការបារម្ភអំពីការទាមទាររបស់យុវជន ដែលមានលក្ខណៈរសើប ទើបបានមានការរឹតត្បិតយុវជនមិនឱ្យមានការប្រមូលផ្តុំយ៉ាងដូច្នេះ។
លោក អំ សំអាត ឱ្យដឹងទៀតថា យុវជនមួយក្រុមនេះក៏បានដាក់ញត្តិទៅកាន់ក្រសួងអប់រំ យុវជន និងកីឡាប្រឆាំងនឹងការប៉ុនប៉ងបើកមហាវិទ្យាល័យផ្នែកភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
លោកថ្លែងថា៖ «រឿងនេះ ជារឿងរសើបមួយដែរ ដែលអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់។ ទីមួយ ក្រុមយុវជននេះគាត់ធ្វើការដាក់ញត្តិហ្នឹងគឺប្រឆំាងនឹងការបើកមហាវិទ្យាល័យផ្នែកភាសាវៀតណាម នៅសាលាវិទ្យាល័យ [ភូមិន្ទ] ភ្នំពេញកុំឱ្យមានការបើកនូវសាកលវិទ្យាល័យទាក់ទងនឹងភាសាហ្នឹង។ ហើយទីពីរ គឺគាត់សុំកុំឱ្យមានការចេញឯកសារអចិន្ត្រៃយ៍ រស់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេស។ អ៊ីចឹង យើងឃើញថា បញ្ហានេះជាបញ្ហារសើបផងដែរ»។
លោកបន្ថែមថា៖ «រឿងការជួបជុំ ការប្រមូលផ្តុំគ្នា ហើយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈអីនោះ ខ្ញុំគិតថា វាងាយស្រួលទេ ក្នុងការសម្រួលជជែកគ្នាដើម្បីធ្វើម៉េចកុំឱ្យមានការកកស្ទះ ហើយកំណត់ពេលវេលានៅក្នុងការជួបជុំ ប៉ុន្តែអ្វីដែលយើងមើលទៅគឺអាជ្ញាធរមិនចង់ឱ្យមានការជួបជុំទ្រង់ទ្រាយធំអីទេនៅមុខក្រសួងមហាផ្ទៃអ៊ីចឹងទៅ។ ហើយបានបង្វិលថា បើចង់ជួបជុំ អាចជួបជុំនៅទីលានប្រជាធិបតេយ្យ»។
តាមការតស៊ូមតិរបស់យុវជន ញត្តិទីមួយដែលបានដាក់ទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងខែសីហា ផ្តោតលើការជំទាស់នឹងការបើកមហាវិទ្យាល័យភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយញត្តិទីពីរដែលគ្រោងដាក់ទៅក្រសួងមហាផ្ទៃសប្តាហ៍ក្រោយគឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺផ្តោតលើបញ្ហានៃការស្នាក់នៅ និងការប្រកបអាជីវកម្មរបស់ជនបរទេសនៅកម្ពុជា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្ដី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា អាជ្ញាធររាជធានីមិនហាមឃាត់ការដាក់ញត្តិទេ តែមិនឱ្យមានការប្រមូលផ្តុំមនុស្សច្រើន ដែលលោកថា វាអាចបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោកថ្លែងថា៖«ព្រោះអីបើយើងគ្រាន់តែចង់ដាក់ញត្តិមួយជូនក្រសួងមហាផ្ទៃហ្នឹង អ៊ីចឹងយើងចាំបាច់អីត្រូវមានការជួបជុំប្រមូលផ្តុំដើរដាក់ញត្តិអី ធ្វើឱ្យអាចនឹងបង្កការស្ទះចរាចរណ៍ ឬក៏សណ្តាប់ធ្នាប់អីផ្សេងៗនៅតាមទីសាធារណៈ។ អ៊ីចឹងហើយបានជាមានការប្រជុំ ហើយពិគ្រោះគ្នា ហើយមានការឯកភាពគ្នាហើយ យល់ពីគ្នារវាងម្ចាស់សំណើជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ហើយបានឯកភាពក្នុងការរៀបចំដូចខ្ញុំជម្រាបអម្បាញ់មិញអ៊ីចឹង។ មានន័យថា ញត្តិលោកនៅតែអាចមានលទ្ធភាពដាក់ទេ គ្រាន់តែទម្រង់នៃការដាក់មិនត្រូវបានអនុញ្ញាតឱ្យធ្វើការជួបជុំហែក្បួន ឬក៏អីហ្នឹងរាប់រយនាក់ក្នុងការធ្វើកិច្ចការទាំងអស់នេះទេ»។
ក៏ប៉ុន្តែសកម្មជនសង្គមមកពីខេត្តសៀមរាប លោក ថេល ធីលែន មិនយល់ស្របនឹងការពន្យល់របស់រដ្ឋបាលរាជធានីភ្នំពេញទេ និងថា ការកំហិតចំនួនមនុស្សទៅដាក់ញត្តិនៅក្រសួងមហាផ្ទៃជាទម្រង់នៃការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងសង្គមប្រកាន់យករបបប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយ លោកថា ក្រុមយុវជនសង្គមលោកចំនួន៥នាក់នឹងយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកញ្ញាខាងមុខដើម្បីតវ៉ាប្រឆាំងនឹងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការផ្តល់សិទ្ធិពេញលេញដល់ពលរដ្ឋបរទេសប្រកបអាជីវកម្មនៅស្រុកខ្មែរ។
សកម្មជនវ័យ៣២ឆ្នាំរូបនេះនិយាយថា៖«ខ្ញុំយល់ថា ទង្វើនេះ វាមិនត្រឹមតែមិនគោរពសិទ្ធិ និងផ្តល់អំណាចឱ្យប្រជាពលរដ្ឋយើងដែលជាប្រជាពលរដ្ឋរស់នៅក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យទេ ថែមទាំងមិនគោរពនូវគោលការណ៍ច្បាប់ទៀត ព្រោះពាក់ព័ន្ធនឹងការណ៍ដែលយើងយកទៅដាក់បានតែ៥នាក់នេះ យើងមិនបាច់ទៅស្នើសុំដល់សាលារាជធានីក៏បានដែរ។ យើងសុំតែអាជ្ញាធរមូលដ្ឋានក៏បានដែរ»។
លោក ថេល ធីលែន បន្ថែមថា កម្ពុជាត្រូវមានការប្រុងប្រយ័ត្នក្នុងទំនាក់ទំនងខ្លួននឹងប្រទេសវៀតណាម ដោយលោកអះអាងថា អាជ្ញាធរកម្ពុជាហាក់ដូចជាព្យាយាមផ្គាប់ផ្គុនពលរដ្ឋវៀតណាមឱ្យមានទីន្លែងរស់នៅស្រួលបួល និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃ ពេលដែលពលរដ្ឋខ្មែរជាច្រើននាក់នៅបន្តជាប់ផុងក្នុងវិវាទដីធ្លី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស៊ឹង សែនករុណា យល់ថា សង្គមប្រជាធិបតេយ្យពិតប្រាកដមួយគឺជាទីកន្លែងដែលមានការបើកឱ្យប្រើសិទ្ធិមូលដ្ឋានបីសំខាន់ៗពេញលេញ គឺសិទ្ធិប្រមូលផ្តុំដោយសន្តិវិធី បញ្ចេញមតិ និងសមាគម។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «សេរីភាពមូលដ្ឋាននឹងគឺសំខាន់ណាស់ទីមួយគឺសេរីភាពក្នុងការជួបជុំដោយសន្តិវិធី ហើយទីពីរ គឺការបញ្ចេញមតិ ហើយទីបី គឺខាងសមាគម។ ហើយសង្គមប្រជាធិបតេយ្យ បើកាលណាសិទ្ធិសេរីភាពជាមូលដ្ឋានហ្នឹងរងការរឹតត្បិត មានន័យថា សង្គមប្រជាធិបតេយ្យនោះមិនមែនជាសង្គមប្រជាធិបតេយ្យពិតប្រាកដតាមគោលការណ៍ជាសកលនោះទេ។ អ៊ីចឹង ប្រទេសនោះពិបាកនឹងឱ្យតម្លៃថា ជាប្រទេសដែលមានកាន់នូវគោលការណ៍ប្រជាធិបតេយ្យណាស់»។
កន្លងមករាល់ការតវ៉ារបស់សកម្មជនសង្គម ឬក៏បរិស្ថាន ឬកម្មករ រមែងតែទទួលបានការឆ្លើយតមពីអាជ្ញាធរជាទម្រង់នៃការឃ្លាំមើល បង្អាក់ ឬករណីខ្លះឈានដល់ការចាត់វិធានការច្បាប់ ក្រោមបទញុះញង់ ដែលនាំឱ្យមានការចាប់ខ្លួនសកម្មជន ឬអ្នកតវ៉ាដាក់ក្នុងពន្ធនាគារ។ នេះបើតាមក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក៕