ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

NDI និង ​IRI ​ខកចិត្ត​នឹង​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​និង​លើក​ទឹកចិត្ត​យុវជន​ឲ្យ​សកម្ម​ឡើង​


រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

អង្គការ​របស់​អាមេរិកាំង​ចំនួន​ពីរ​ដែលធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​សម្តែង​ការ​ខកចិត្ត​នឹង​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​ពី​ការវិនិយោគ​ជាង​២​ទសវត្សរ៍និង​បាន​លើក​ទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម​ធ្វើសកម្មភាព​សង្គម។

ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃពុធ​ដែល​រៀបចំ​តាម​អនឡាញ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI)​របស់​សហរដ្ឋ​អាមេរិក​លោក ​Derek Mitchell​ បាន​ថ្លែង​ថា​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​បាន​ដើរ​ថយ​ក្រោយ​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ភូមា​និង​ថៃ​ជាដើម។​ប៉ុន្តែ​រូបភាព​វិជ្ជមាន​នោះ​គឺ​ពលរដ្ឋ​ជាច្រើន​ជាពិសេស​ក្រុម​យុវជន​បាន​យល់​ពី​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​និង​បាន​ចេញ​មក​តវ៉ា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​និង​សេចក្តី​ថ្លែថ្នូរ។

វិទ្យាស្ថាន ​NDI ​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​មិន​រកប្រាក់ចំណេញ​និង​មិនប្រកាន់​គណបក្ស ​ដែល​មានទីស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ វិទ្យាស្ថាននេះ​ធ្វើការ​នៅ​ជុំវិញពិភពលោក​ក្នុងការ​លើកស្ទួយ​និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ NDI បាន​ធ្វើប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពីឆ្នាំ​១៩៩២​ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បណ្តេញ​បុគ្គលិក​អន្តរជាតិ​របស់​វិទ្យាស្ថាន​នេះ​ចេញពី​ប្រទេស​កម្ពុជា​នៅ​ខែសីហា​ឆ្នាំ​២០១៧។

លោក Derek Mitchell​ ចាត់ទុកថា​ការ​បណ្តេញ​អង្គការ​នេះ​ចេញ​មិន​ឲ្យ​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​រឿង​«គួរ​ឲ្យ​ខកចិត្ត​ខ្លាំង​ណាស់»។ លោក Mitchell​ ដែល​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៤​ចាត់ទុក​ថា​ពេល​នោះ​គឺ​ជា«ពេលវេលា​ប្រកប​ដោយ​ក្តី​សង្ឃឹម»។

លោក Derek Mitchell បាន​បញ្ជាក់បន្ថែម​ថា៖ «យើង​ដឹង​ថា​ពេលនោះ​គឺជា​ពេល​វេលា​លំបាក​ដោយ​សារ​សោកនាដកម្ម​នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​ដែល​ប្រទេស​កម្ពុជា​ទើបតែ​ចាកចេញ​ប៉ុន្តែ​ពិត​ជា​មាន​ឋាមពល​និង​ការ​រំភើប​និង​ភាព​បន្ទាន់​ដើម្បី​រិះរក​វិធី​រៀបចំ​សង្គម​មួយដែល​នឹង​នាំ​ឲ្យ​មាន​ស្ថិរភាព​ជាងមុន​និង​មិន​វិល​ត្រឡប់​ទៅ​រក​អំពើ​ហិង្សា​និង​សោកនាដកម្ម​និង​អំពើ​ពុករលួយ​ហើយ​ព្យាយាម​បង្ក​ឱកាស​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​ចាប់ផ្តើម​ជាថ្មី»។

ការ​បណ្តេញ​អង្គការ​ NDI ​ចេញត្រូវ​បាន​គេមើល​ឃើញ​ថា​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​សារព័ត៌មាន​ឯករាជ្យ​អ្នកនយោបាយ​ប្រឆាំង​និង​សង្គម​ស៊ីវិល​ ហើយ​វា​កើត​មាន​ឡើង​នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ឆ្នាំ​២០១៨​ដែល​ជា​ការប្រកួត​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិតគ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏ធំ។

រីឯ​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ​ (IRI) ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រកប្រាក់ចំណេញ​និង​មិន​ប្រកាន់​គណបក្ស ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិកដែរ​នោះ​ក៏​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។

លោក Daniel Twining ប្រធាន​ IRI បាន​ថ្លែង​បន្ថែម​ក្នុងវេទិកា​អនឡាញ​ដែរ​ថា៖​«ខ្ញុំ​សោកស្តាយ​ដែល​រដ្ឋាភិបាល​មិន​មាន​អារម្មណ៍​ស្វាគមន៍​ពួកយើង​នៅ​ទីនោះ។ វាជារឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច​ដោយសារ​យើង​ក៏ធ្វើការ​នៅ​ឡាវ។ យើង​ក៏ធ្វើការ​ជាមួយ​នឹង​គណបក្ស​កុម្មុយនីស្ត​វៀតណាម។ ការណ៍​នេះ​មិនមែន​មាន​ន័យ​ថា​ NDI ឬ​IRI​ធ្វើការ​តែ​ក្នុង​សង្គម​ដែល​ខុស​ពី​កម្ពុជា​ទេ។ តាមពិត​ទៅ​យើង​ធ្វើការ​នៅ​ក្នុង​សង្គម​ជាច្រើន​ដែល​ស្រដៀង​នឹង​កម្ពុជា​ដែរ»។​

វិទ្យាស្ថាន​IRI​បាន​ចាប់ផ្តើម​ការងារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩២​ដោយ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​នឹង​គណបក្ស​នយោបាយផ្សេងៗនិង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ពង្រឹង​ស្ថាប័ន​និង​គុណតម្លៃប្រជាធិបតេយ្យ​ប៉ុន្តែ​បាន​បញ្ចប់​បេសកកម្ម​នៅ​មុន​ពេល​ដែល​មាន​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​កើត​មាន​តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ចុងឆ្នាំ​២០១៧។

ទោះបីជាយ៉ាងនេះ​ក៏ដោយ​លោក ​Derek Mitchell​ បាន​បញ្ជាក់​ថា​វិទ្យាស្ថាន ​NDI​ រង់ចាំ​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​នៅពេល​ណា​ដែល​អាច​វិល​វិញ​បាន​ប៉ុន្តែ​មាន​ក្តីសង្ឃឹម​តិចតួច​ដោយសារ​អង្គការ​នេះ​នឹង​មិនធ្វើការ​នៅ​ក្រោម​ស្ថានភាព​ដែលមាន​ការដាក់​សម្ពាធ​ទេ។

លោក ​Mitchell​ បាន​បន្ថែម​ថា៖​«យើង​ធ្វើការ​តែ​នៅកន្លែង​ណា​ដែល​ត្រូវគេ​ស្វាគមន៍​តែប៉ុណ្ណោះ។ យើង​មិន​ទៅ​ធ្វើការ​ដែល​លាក់លៀម​ទេ។ យើង​នឹង​មិន​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ណាមួយ​ដោយ​របៀប​វិទ្ធង្សនា​ទេ។ យើង​បើកចំហ​ដល់​ប្រទេស​ណា​ដែល​ចង់​ដើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ»។​

យ៉ាងណា​ក៏ដោយ​អ្នកជំនាញ​ទាំងពីរ​បាន​សម្តែង​ក្តី​សង្ឃឹម​លើ​ពលរដ្ឋ​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ពួកគេ​មាន​ឋាមពល​និង​បានលើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ធ្វើសកម្មភាព​នៅ​តាម​មូលដ្ឋាន​ដើម្បី​ចូលរួម​សកម្មភាព​នយោបាយ​និង​សង្គម។

លោក ​Twining​ បាន​បញ្ជូន​សារ​ដល់​យុវជន​ថា៖ «ដូច្នេះ​សូម​សកម្ម​ឡើង​ដោយ​ចូលរួម​ការងារ​សង្គម​និង​ប្រមូល​មិត្តភក្តិ​និង​រៀបចំ​គ្នាឡើង។ ការរៀបចំ​ចាត់តាំង​គឺ​ជារឿង​សំខាន់ណាស់​ពីព្រោះ​ធ្វើកិច្ចការ​អ្វី​តែម្នាក់​ឯង​គឺពិបាក​ប៉ុន្តែ​នៅពេល​ដែល​អ្នក​អាច​ធ្វើ​ការងារ​ជាក្រុម​ជាផ្នែក​មួយ​នៃ​សហគមន៍​គឺអ្នក​ផ្តល់​ភាព​អង់អាច​ដល់​ខ្លួន​អ្នក​និង​មិត្តភក្តិ​ហើយ​នៅក្នុង​ប្រទេស​មួយ​ដែល​ពលរដ្ឋ​២ភាគ៣​គឺ​ជា​យុវជន​គឺអ្នកនយោបាយ​នឹង​ស្តាប់​អ្នក​និង​ឆ្លើយតប​តាម​ការអំពាវនាវ​របស់​អ្នក​និង​សកម្មភាព​របស់​អ្នក»។

លោក Derek Mitchell បាន​បន្ថែម​ថា៖ «ការងារ​ដ៏​សំខាន់បំផុត​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​មិនមែន​ប្រធានាធិបតី​ឬ​អ្នកនយោបាយ​ទេ គឺ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ជាមូលដ្ឋាន​ដែល​កើតឡើង​ពីក្រោម​ឡើង​ទៅ​លើ... ហើយ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នកគ្រប់គ្នា​ដែល​ចង់ជឿជាក់​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឬ​នៅ​ទីកន្លែង​ណា​ក៏ដោយ​គឺ​ពួកគេ​គួរតែ​ចាប់ផ្តើម​ពី​ថ្នាក់​មូលដ្ឋាន»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG