សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) កាលពីថ្ងៃពុធ បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីភាពមិនប្រក្រតីមួយចំនួនជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
បើតាមរបាយការណ៍សង្ខេបរបស់សមាគមអាដហុកស្តីពីបរិយាកាសនយោបាយ ការបោះឆ្នោត ភាពមិនប្រក្រតីផ្សេងៗ ដែលបានកើតឡើងនៅមុនពេលនៃការបោះឆ្នោតនោះមានចំនួន៨១ករណី។ ក្នុងនោះមានដូចជាការគំរាមកំហែងតាមរយៈប្រព័ន្ធតុលាការ ការបដិសេធលុបឈ្មោះបេក្ខជនចេញពីបញ្ជីឈរឈ្មោះគណបក្ស ការគំរាមតាមបណ្តាញសង្គម ដែលក្រោយមកបង្កការរបួសស្នាម ការគំរាមឲ្យដកខ្លួនចេញពីបញ្ជីឈរឈ្មោះបេក្ខភាពគណបក្ស ការបំផ្លាញស្លាកសញ្ញាគណបក្ស ការរារាំងការលើកស្លាកសញ្ញាគណបក្ស និងការរឹតត្បិតសេរីភាពជួបជុំរបស់សកម្មជនគណបក្ស។
នៅអំឡុងពេលការនៃការបោះឆ្នោត របាយការណ៍របស់សមាគមអាដហុកបានលើកឡើងថា មានវត្តមានរបស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបរិវេណ និងក្រៅការិយាល័យដើម្បីកត់ឈ្មោះប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត និងប្រជាពលរដ្ឋខ្លះទៀតមិនអាចបោះឆ្នោតបាន ដោយសាររកឈ្មោះមិនឃើញ ហើយដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យមួយចំនួនត្រូវគេសង្កេតឃើញថា មានការបិទច្រកទីតាំងការិយាល័យ និងបិទទ្វារបង្អួចការិយាល័យរាប់សន្លឹកឆ្នោត ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋមើលការរាប់សន្លឹកឆ្នោត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា មានករណីជាច្រើនទៀតដែលបានបង្ហាញពីភាពមិនប្រក្រតីដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ ដូចយ៉ាងការបញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ជនក្រីក្រ ឬការកាត់ផ្តាច់អាហារូបករណ៍ ពេលអាជ្ញាធរមូលដ្ឋានរកឃើញករណីលម្អៀងខាងនយោបាយទៅរកគណបក្សជំទាស់។
លោកថ្លែងថា៖ «ការបញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ជនក្រីក្រ ការបញ្ឈប់ផ្តល់បណ្ណក្រីក្រ ហើយមានការកាត់ផ្តាច់នូវអាហារូបករណ៍ មិនផ្តល់បណ្ណកម្មសិទ្ធិលើអចលនទ្រព្យអីជាដើម។ មានករណីខ្លះដេញមិនឲ្យនៅក្នុងភូមិហើយគំរាមចាប់ខ្លួនថ្ងៃក្រោយទៀត»។
របាយការណ៍របស់សមាគមអាដហុកដដែលឲ្យដឹងទៀតថា នៅក្រោយពេលបោះឆ្នោត មានរបត់នយោបាយសំខាន់ៗក្នុងស្រុកមួយចំនួនកើតឡើងដូចជា ការផ្តន្ទាទោសអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សទ្រង់ទ្រាយធំរហូតដល់ចំនួន៦១នាក់ ការប្តឹងអនុប្រធានគណបក្សភ្លើងទៀន ការចាប់ខ្លួនមេឃុំនៅខេត្តកំពង់ធំដែលទើបជាប់ឆ្នោតថ្មី ការលបវាយអនុប្រធានគណបក្សភ្លើងទៀនខណ្ឌពោធិ៍សែនជ័យ និងការមិនទទួលបានការបែងចែកតួនាទី និងភារកិច្ច ឯកសណ្ឋាន និងកន្លែងអង្គុយធ្វើការដល់សមាសភាពជាប់ឆ្នោតពីគណបក្សភ្លើងទៀន។
ទោះជាមានការបង្ហាញពីភាពមិនប្រក្រតីពាក់ព័ន្ធការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះក្តី ក៏លោកសោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) នៅតែអះអាងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅត្រូវបានមតិជាតិ និងអន្តរជាតិផ្តល់ការកោតសរសើរនិងទទួលស្គាល់ និងថា ប្រជាពលរដ្ឋបានទៅចូលរួមការបោះឆ្នោតដោយទឹកមុខរីករាយ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «អ៊ីចឹងទេ អ្វីដែលពួកគេរកឃើញ ពូអាចធ្វើការអះអាងឡើងវិញថា មិនធ្វើឲ្យប៉ះពាល់ ឬក៏មានឥទ្ធិពលដោយផ្ទាល់ទៅលើលទ្ធផលនៃការបោះឆ្នោតនោះទេ។ នេះគឺអ្វីដែលពូចង់បញ្ជាក់»។
ក៏ប៉ុន្តែអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ យល់ស្របទៅតាមរបាយការណ៍របស់សមាគមអាដហុក និងថា បរិយាកាសនយោបាយនៅក្នុងស្រុកនៅតែមានភាពអាប់អួរ ពីព្រោះថាការធ្វើទុក្ខបុកម្នេញមកលើសមាជិកក៏ដូចជាសកម្មជនរបស់គណបក្សប្រឆាំងនៅតែបន្តកើតមាន។
បើតាមលោក សុន ឆ័យ ការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហការរវាងគណបក្សនយោបាយ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាដំណើរឆ្ពោះទៅរកភាពអំណោយផលសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា របាយការណ៍ថ្មីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃបរិយាកាសនយោបាយនៅកម្ពុជានោះឡើយ ក្រោមហេតុផលថា ការបោះឆ្នោតកាលពីកន្លងទៅមិនមានអំពើហិង្សា ហើយប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតក៏នាំគ្នាទៅចូលរួមច្រើនកុះករដែរ។
លោកថ្លែងថា៖ «ដូច្នេះហើយការនិយាយសរុបមកវិញ របាយការណ៍របស់អង្គការដែលធ្វើរបាយការណ៍ហ្នឹងគឺមិនយុត្តិធម៌ មិនឯករាជ្យ ហើយនឹងមិនអព្យាក្រឹតទេ»។
គួរបញ្ជាក់ថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ ដែលរួមមានគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកសំណើ១៦ចំណុចទៅកាន់ស្ថាប័នគ.ជ.ប.ដើម្បីពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ចុងក្រោយ ដែលបានរៀបចំឡើងកាលពីខែមិថុនា។
ចំណុចទាំងនោះ រួមមានការកំណត់យន្តការចុះឈ្មោះបោះឆ្នោតជាប្រចាំនៅក្រុមប្រឹក្សាឃុំសង្កាត់ ការបង្កើនពេលវេលាក្នុងការចុះឈ្មោះភ្នាក់ងារគណបក្សឲ្យមានរយៈពេលច្រើនថ្ងៃ ប្រធានគណៈកម្មការឃុំសង្កាត់គឺជាអ្នកបញ្ជាក់បេក្ខជន និងភ្នាក់ងារនយោបាយត្រូវកំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសមន្ត្រីដោយត្រូវធានាភាពមិនលម្អៀងទៅលើគណបក្សណាមួយជាដើម និងការកម្រិតថវិកាអតិបរមាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាដើម៕