អង្គការខុមហ្វ្រែលដែលជាសា្ថប័នឃ្លាំមើលការបោះឆ្នោត កាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
គណបក្សប្រជាជនកម្ពុជាបានឈ្នះតំណែងមេឃុំចៅសង្កាត់នៅទូទាំងប្រទេសស្ទើរតែទាំងអស់សម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ។
របាយការណ៍របស់អង្គការខុមហ្វ្រែល ដែលបានផ្សព្វផ្សាយកាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញភាពមិនប្រក្រតីមួយចំនួន ដូចជាមានវត្តមានរបស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបរិវេណ និងក្រៅការិយាល័យ ដើម្បីកត់ឈ្មោះប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត និងប្រជាពលរដ្ឋខ្លះទៀតមិនអាចបោះឆ្នោតបាន ដោយសាររកឈ្មោះមិនឃើញ។
របាយការណ៍ដដែលក៏បានបញ្ជាក់ពីភាពមិនប្រក្រតីដែលបានកើតមានឡើងនៅក្នុងអំឡុងពេលរាប់សន្លឹកឆ្នោតដែរ។ ភាពមិនប្រក្រត្រីទាំងនោះ មានដូចជាកន្លែងខ្លះអ្នកសង្កេតការណ៍មិនត្រូវបានអនុញ្ញាតឱ្យចូលសង្កេតក្នុងពេលរាប់សន្លឹកឆ្នោត កន្លែងខ្លះទៀត មន្ត្រីការិយាល័យមិនអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ថតរូបពីដំណើរការរាប់សន្លឹកឆ្នោត និងការិយាល័យមួយចំនួនទៀតបានបិទបាំងដោយការបិទទ្វារ ឬបង្អួចការិយាល័យនៅពេលរាប់សន្លឹកឆ្នោតជាដើម។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល កត់សម្គាល់ថា បញ្ហាខាងលើបានកើតឡើងស្ទើរតែគ្រប់ការិយាល័យបោះឆ្នោត ហើយប្រជាពលរដ្ឋគ្រប់គ្នាសុទ្ធតែបានដឹង ឮអំពីរឿងនេះ។ អ្នកឃ្លាំមើលរូបនេះជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ពិនិត្យបញ្ហានេះឡើងវិញដើម្បីបញ្ចៀសភាពមិនប្រក្រតីកើតឡើងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ដើម្បីតម្លាភាពទាំងអស់គ្នា អ៊ីចឹងគ.ជ.ប.គួរតែពិនិត្យមើលឡើងវិញ ហើយជាពិសេសនីតិវិធីហ្នឹង ដែលចែងអំពីរឿងបិទទ្វារ បិទបង្អួចនេះ។ បើតាមខ្ញុំពិនិត្យមើល គឺច្បាស់លាស់ ដែលចែងហ្នឹង[អំពីរឿងបិទទ្វារ]។ អត់មានខ្វះចន្លោះទេ ពីព្រោះគេនិយាយពីការការពារក្រែងមានអសន្តិសុខ[កើតឡើង]»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់វីអូអេថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានបញ្ចប់ទៅដោយរលូន បើទោះមានភាពឆកល្វែងបន្តិចបន្តួចក៏ពិតមែន។ លោកបញ្ជាក់ថា ការបោះឆ្នោតនេះមានភាពវិជ្ជមាន«ដ៏ច្រើនលើសលប់» ហើយប្រជាពលរដ្ឋទទួលស្គាល់នូវលទ្ធផលនេះ។
លោកថ្លែងថា៖ «អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំចង់សុំឱ្យមានការស្វែងយល់គ្នា ជជែកគ្នារវាងអ្នកចេញរបាយការណ៍ ហើយនឹងប្រធានការិយាល័យហ្នឹងមើល! តើវាមានហេតុផលអ៊ីចឹងទេ? ពីព្រោះគ.ជ.ប.នៅពេលទទួលយកព័ត៌មានតែមួយចំហៀង ក៏គ.ជ.ប.មិនធ្វើការសន្និដ្ឋានបែបណានោះទេ»។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលកំពុងជាប់បណ្តឹងនៅតុលាការ ដែលប្តឹងដោយគ.ជ.ប. និងគណបក្សកាន់អំណាចពាក់ព័ន្ធនឹងការអធិប្បាយភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានលើកឡើងថា របាយការណ៍របស់អង្គការខុមហ្វ្រែលជា«ការដាស់តឿន»ដល់ស្ថាប័នគ.ជ.ប. ដែលលោកថា មិនគោរពទៅតាមគោលការណ៍នៃការបោះឆ្នោត។ លោកបន្ថែមថា អ្វីដែលរកឃើញនៅក្នុងរបាយការណ៍មានភាពស្រដៀងគ្នាទៅនឹងអ្វីដែលគណបក្សភ្លើងទៀនធ្លាប់បានលើកឡើង។
លោក សុន ឆ័យ បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតមិនមែនអាស្រ័យទៅលើតែការអះអាងរបស់គណបក្សដឹកនាំរដ្ឋាភិបាល និងស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.ឡើយ។ ប៉ុន្តែវាត្រូវយោងទៅតាមភាពជាក់ស្តែង និងការទទួលស្គាល់ពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។
លោកថ្លែងថា៖ «ខ្ញុំថា អ្នកដែលទទួលខុសត្រូវពាក់ព័ន្ធនឹងការបោះឆ្នោតមានគ.ជ.ប.និងរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ធ្វើការកែលម្អសកម្មភាពមិនប្រក្រតីកន្លងទៅឱ្យបានត្រឹមត្រូវ»។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងក្តីបារម្ភអំពីការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០២៣ ប្រសិនបើមិនមានការកែលម្អភាពមិនប្រក្រតីដែលត្រូវបានបង្ហាញដោយអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន។ លោកបន្តថា លោកកំពុងតែរង់ចាំការឆ្លើយតបពីគ.ជ.ប.ទាក់ទងនឹងសំណើរបស់គណបក្សនយោបាយជំទាស់ចំនួន៤ ដែលបានរួមគ្នាតស៊ូមតិទាមទារឱ្យមានការកែលម្អភាពមិនប្រក្រតី។
លោកថ្លែងថា៖ «កាលណាវាប៉ះពាល់សុចរិតភាពនៃការបោះឆ្នោត វាអាចបង្កឱ្យមានរឿងរ៉ាវមួយចំនួនកើតឡើង ដូចជាការប្តឹងតវ៉ា ឬមួយ ឬក៏អាចឈានទៅមានអំពើហិង្សាក្រោយការបោះឆ្នោតជាដើម។ នេះជាអ្វីដែលយើងធ្លាប់ឃើញកន្លងមក»។
គួរបញ្ជាក់ថា កាលពីកន្លងទៅ គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ ដែលរួមមានគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានផងដែរ បានលើកសំណើ១៦ចំណុចទៅកាន់ស្ថាប័នគ.ជ.ប. រួមមានការកំណត់យន្តការចុះឈ្មោះបោះឆ្នោតជាប្រចាំនៅក្រុមប្រឹក្សាឃុំសង្កាត់ ការបង្កើនពេលវេលាក្នុងការចុះឈ្មោះភ្នាក់ងារគណបក្សឱ្យមានរយៈពេលច្រើនថ្ងៃ ប្រធានគណៈកម្មការឃុំសង្កាត់គឺជាអ្នកបញ្ជាក់បេក្ខជន និងភ្នាក់ងារនយោបាយត្រូវកំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសមន្ត្រីដោយត្រូវធានាភាពមិនលម្អៀងទៅលើគណបក្សណាមួយ គណបក្សអាចចុះភ្នាក់ងារសង្កេតការណ៍ចល័ត ត្រូវមានការកំណត់ពីទម្រង់ឃោសនាឱ្យមានភាពស្មើគ្នាសម្រាប់គណបក្សទាំងអស់ ត្រូវកំណត់ថវិកាអតិបរមាសម្រាប់យុទ្ធនាការឃោសនាដើម្បីធានាតម្លាភាព និងគោលការណ៍ស្មើគ្នាសម្រាប់គណបក្សទាំងអស់ ជំរុញអនុវត្តយន្តការដាក់ពិន័យការប្រើប្រាស់លុយកាក់ និងអំណោយទិញទឹកចិត្តអ្នកបោះឆ្នោត ត្រូវដាក់បម្រាមមិនឱ្យមន្ត្រីរាជការចាប់ពីប្រធានការិយាល័យឡើង ចូលរួមការឃោសនាបោះឆ្នោតឱ្យគណបក្សណាមួយ៕