ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា៖ អាស៊ាន​មិន​អញ្ជើញ​រដ្ឋ​មន្ត្រី​របប​សឹក​មីយ៉ាន់ម៉ា​ចូល​រួម​កិច្ច​ប្រជុំ​ប្រមុខ​ការ​ទូត​អាស៊ាន​ឡើយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ទទួល​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ Min Aung Hlaing (ស្ដាំ) នៃ​ប្រទេសមីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​នៃ​ជំនួប​លោក​ទាំងពី​រ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ទទួល​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ Min Aung Hlaing (ស្ដាំ) នៃ​ប្រទេសមីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​នៃ​ជំនួប​លោក​ទាំងពី​រ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ ប្រមុខ​ការ​ទូត​របប​សឹក​មីយ៉ាន់ម៉ា​ លោក Wunna Maung Lwin មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​រាជ​ធានី​ភ្នំពេញ​ នាថ្ងៃទី​១៦​និង​ទី១៧​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ឡើយ។

លោក ជុំ សុន្ទរី ​រដ្ឋ​លេខា​ធិការនិង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​ជា​រដ្ឋ​ប្រធាន​ផ្លាស់​វេន​របស់​អាស៊ាន ​បាន​ប្រាប់​វីអូអេ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះថា៖

«ដោយ​ហេតុ​ថា​មាន​ការ​ចម្រើន​វិវឌ្ឍ​តិច​តួច​ក្នុង​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆ័ន្ទ​ប្រាំ​ចំណុច បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ានមាន​ការលំបាក​ក្នុង​ការ​សម្រច​បាន​នូវ​កុងសង់ស៊ីស​(ឬការ​ព្រម​ព្រៀង​គ្នា​ដោយ​ឯក​ច្ឆ័ន្ទ)ណាមួយ​ក្នុង​ការអញ្ជើញ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រឹក្សា​រដ្ឋបាល​នៃ​រដ្ឋ​(SAC)​របស់​មីយ៉ាន់ម៉ា​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត»។

មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​កម្ពុជា​រូប​នេះ​បាន​បន្ត​ប្រាប់​វីអូអេ​ទៀត​ថា៖

«ម្ល៉ោះហើយ​យើង​បាន​ស្នើ​សួរ​ទៅ​ខាង​មីយ៉ាន់ម៉ា ឱ្យ​ចាត់​បញ្ជូន​តំណាង​មិន​មែន​កម្រិត​នយោបាយ​[ឱ្យ​ចូល​រួម]​ជំនួស​វិញ»។

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ ស្ថិត​ក្នុង​លំដាប់​ជួរ​មុខ​នៃ​បណ្ដា​កិច្ច​ប្រជុំ​កម្រិត​នយោបាយ​សំខាន់ៗ​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​រដ្ឋ​សមាជិក​ចំនួន​១០។ ជានិច្ចកាល ​កិច្ច​ប្រជុំ​ចង្អៀត​រាល់​ដើម​ឆ្នាំ​នេះ​ ត្រូវ​បាន​រដ្ឋ​ជា​ប្រធាន​ប្ដូរ​វេនប្រើ​ប្រាស់​ដើម្បី​ពិគ្រោះ ​និង​កំណត់​របៀប​វារៈ​ជា​ប្រធាន​របស់​ខ្លួន​សម្រាប់​អាណត្តិ​ដឹក​នាំ​របស់​ខ្លួន​ពេញ​មួយ​ឆ្នាំ​ទៅ​មុខ។

កិច្ច​ប្រជុំ​ចង្អៀត​នៅ​ភ្នំពេញ​នា​ថ្ងៃទី​១៦​និង​ទី១៧​ខែ​កុម្ភៈ​ខាង​មុខ​នេះ ដើម​ឡើយ​ត្រូវ​រៀប​ចំ​នៅ​ក្រុង​សៀម​រាប​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​ តែ​ត្រូវ​លើក​ពេល​ ចំ​ពេល​រដ្ឋ​ជា​សមាជិក​អាស៊ាន​ខ្វែង​គំនិត​គ្នា​ជុំវិញ​ជំហរ​កម្ពុជា​ចង់​អញ្ជើញ​តំណាង​របប​សឹក​មីយ៉ាន់ម៉ា​ចូល​រួម​ប្រជុំ​ដែរ ខុស​ពី​លក្ខខណ្ឌ​តំណាង​មីយ៉ាន់ម៉ា​ដែល​អាស៊ាន​បាន​ប្រកាន់​យក​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០២១​មក​ដែល​ថា ល្គឹក​ណា​របប​សឹក​មិន​ចូល​រួម​អនុវត្ត ​កិច្ច​ព្រម​ព្រៀង​ជា​ឯក​ច្ឆ័ន្ទប្រាំ​ចំណុច​ទេ​ កៅ​អី​របស់​មីយ៉ាន់ម៉ា​នៅ​វេទិកា​អាស៊ាន​អាច​អង្គុយ​បាន​ត្រឹម​តែ​កម្រិត​តំណាង​មិន​មែន​នយោបាយ​ ពោល​គឺ​មន្ត្រី​រដ្ឋការ​មុខ​ងារ​សាធារណៈ​ប៉ុណ្ណោះ។

លោក ជុំ សុន្ទរី បាន​បន្ត​ទៀត​ថា៖

«យើង​លើក​ទឹក​ចិត្ត​ឱ្យ​មីយ៉ាន់ម៉ាមាន​វត្តមាន​ត្រឹម​កម្រិត​មិន​មែន​នយោបាយ ជា​ជាង​ការ​ទុក​កៅ​អី​ឱ្យ​នៅ​ទំនេរ។ វា​អាស្រ័យ​លើ​ខាង​មីយ៉ាន់ម៉ា​ក្នុង​ការ​សម្រេច​ថា​នរណា​មួយ​ដែល​អាច​ជា​«តំណាង​មិន​មែន​នយោបាយ»​នោះ»។

ការ​សម្រេច​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​របប​សឹក​មីយ៉ាន់ម៉ា​នេះ​ ជា​ការ​សម្រេច​រំកិល​ជំហរ​មួយ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្រោយ​ពី​លោក​ផ្ទាល់​បាន​ពិគ្រោះ​យោបល់​ជាមួយ​សម​ភាគី​អាស៊ាន​ផ្សេងទៀត​ រួម​មាន​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​សិង្ហបុរី ​និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។

នៅ​សប្ដាហ៍​កន្លង​ទៅ​លោក ហ៊ុន សែន ​ទើប​បាន​ថ្លែង​ក្នុង​ទី​សាធារណៈ​លើក​ដំបូង​ថា​ មីយ៉ាន់ម៉ា​មាន​រដ្ឋាភិបាល​ពីរ​ ដែល​ការ​ថ្លែង​នេះ​ជា​ការ​ទទួល​ស្គាល់​ថា​មាន​វត្តមាន​រដ្ឋាភិបាល​រួប​រួម​ជាតិ​មីយ៉ាន់ម៉ា​ (NUG) ​ដែល​ដឹក​នាំ​ដោយ​អ្នក​នយោបាយ​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ការ​តាម​ចាប់​ចង​របស់​របប​សឹក​ក្រោយ​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ឆ្នាំ២០២១ ដែល​បាន​ទម្លាក់​អ្នកស្រី Aung San Suu Kyi ​ពី​អំណាច។

​លោក ហ៊ុន សែន ​ក៏​ធ្លាប់​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ក្នុង​ជំនួប​អន​ឡាញ​មួយ​ផង​ដែរ​ថា បើ​សិន​មិន​មាន​ការ​វិវត្ត​ឈាន​ទៅ​មុខ​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆ័ន្ទ​ប្រាំ​ចំណុច​ដោយ​ភាគី​របប​សឹក​នោះ​ទេ​ ឋានៈ​តំណាង​មីយ៉ាន់ម៉ា​នៅ​កៅអី​ប្រជុំ​នយោបាយ​របស់​អាស៊ាន​ត្រូវ​រក្សា​ត្រឹម​មន្ត្រី​កម្រិត​មិន​មែន​នយោបាយ​ដដែល។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ពន្យល់​ថា​ ភាព​ចម្រើន​លូត​លាស់​នៃ​ការ​អនុវត្ត​ កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆ័ន្ទ​ប្រាំ​ចំណុច តាម​យោបល់​កម្ពុជា​នោះ​ រួម​មាន​ការ​តាំង​ចិត្ត​ពី​ភាគី​របប​សឹក និង​ភាគី​ផ្សេង​ទៀត​ក្នុង​ការ​បិទ​បញ្ចប់​អំពើ​ហិង្សា​តាម​រយៈ​ការ​អនុវត្ត​បទ​ឈប់បាញ់ ការ​បើក​ឱ្យ​កិច្ច​សន្ទនាពី​សំណាក់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ដោយ​បើក​ឱ្យ​មាន​ការ​ចូល​រួមពី​បណ្ដា​«អ្នក​ទោស​នយោបាយ»​ និង​ការ​បើក​ឱ្យ​មាន​ការ​ទទួល​និង​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​ទៅ​គ្រប់​ទិស​ទី ជាដើម។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ណៃពិដោរ ​ដើម្បី​ជួប​ជាមួយ​មេ​រដ្ឋ​ប្រហារ​ Min Aung Hlaing និង​ជំហរ​ពី​មុន​ដែល​ចង់​នាំ​អាស៊ាន​១០​ត្រឡប់​មក​វិញ បាន​នាំ​ឱ្យ​លោក ហ៊ុន សែន រង​ការ​រិះ​គន់​ពី​មជ្ឈ​ដ្ឋាន​មួយ​ចំនួន រាប់​ចាប់​តាំង​ពី​សកម្ម​ជន​និង​អ្នក​តស៊ូ​ប្រឆាំង​យោធា​នៅ​ភូមា​ ដល់​រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី។

លោក វណ្ណ ប៊ុនណា ​អ្នក​ស្រាវ​ជ្រាវ ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព ​បាន​ប្រាប់​វីអូអេ ថា​ការ​សម្រេច​ខាង​លើ​របស់​កម្ពុជា បង្ហាញ​អំពី​ភាព​មាន​កម្រិត​នៃ​អភិក្រម​ដោយ​ឡែក​របស់​កម្ពុជា​លើ​បញ្ហា​មីយ៉ាន់ម៉ា នៅ​ចំពោះ​មុខ​ការ​ជំទាស់​ពី​សំណាក់​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែល​ហាក់​មាន​ឥទ្ធិពល​ជាង​ខ្លួន។

«ជារួម​អ្វី​ដែល​កម្ពុជា​ធ្វើ​នេះ​ ដោយ​សារ​ទី​មួយ​ដឹង​ថា​ខ្លួន​ បើ​សិន​ជា​ចិញ្ចឹម​ចិត្ត​ចង់​អញ្ជើញ​រដ្ឋ​មន្ត្រី​ការ​បរទេសយោធា​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​ គឺ​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នោះ​ទៅ​ថ្ងៃ​ខាង​មុខ​ នឹង​មិន​អាច​ធ្វើ​បាន​ទេ»។

អគ្គ​លេខា​ធិការ​ដ្ឋាន​អាស៊ាន​នៅ​ចាកាតា និង​ស្ថានទូត​ឥណ្ឌូនេស៊ី​នៅ​ភ្នំពេញ​ មិនទាន់​បាន​ឆ្លើយ​តប​នឹង​សារ​អ៊ីមែល​របស់​វីអូអេ​សុំ​ការ​បំភ្លឺ​នៅ​ឡើយ​ គិត​ត្រឹម​ព្រលប់​ថ្ងៃពុធ​នេះ។

លោក Jonathan Turley នាយ​ផ្នែក​កិច្ច​ការ​នយោបាយ​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​បញ្ជាក់​ឡើង​វិញ​នូវ​សេចក្ដី​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ ស្នើ​ឱ្យ​កម្ពុជា​ធានា​យ៉ាង​ណា​ជំរុញ​ឱ្យ​របប​សឹក​មីយ៉ាន់ម៉ា​ប្រឈម​នឹង​គណនេយ្យ​ភាព​និងមាន​ទំនួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​នេះ។

អ្នកការទូត​អាមេរិកាំង​រូប​នេះ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖

«យើង​ទទូច​ឱ្យ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ បន្ត​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​អនុវត្ត​[កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆ័ន្ទ​]ប្រាំ​ចំណុច​ និង​ធានា​ថា​រាល់​ដំណើរ​ទស្សនកិច្ច​ណាមួយ​[ទៅ​កាន់​ប្រទេស​មីយ៉ាន់​ម៉ា]​ដោយ​ប្រេសិត​ពិសេស​របស់​អាស៊ានមាន​រួម​បញ្ចូល​ការ​ជួប​ជាមួយ​នឹង​គ្រប់​ដៃគូ​ទាំងអស់»។

ប្រទេស​មីយ៉ាន់ម៉ា​ទើប​បាន​ប្រារព្ធ​ខួប​១ឆ្នាំ​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​ស្ថាប័ន​យោធា។ ក្រុម​អ្នក​ឃ្លាំ​មើល​ បាន​រាយការណ៍ថា​មាន​មនុស្ស​ច្រើន​ជាង​១.៥០០នាក់​បាន​ស្លាប់​ក្នុង​ហិង្សា​និង​ជិត១២ ០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​តាំង​ពី​ក្រោយ​រដ្ឋប្រហារ៕

XS
SM
MD
LG