ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​៖​ គួរបើក​តំបន់​ខ្លះនៅ​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការរកស៊ីរបស់ពលរដ្ឋ


រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ខណៈការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ភូមិសាស្រ្ត​រាជធានីភ្នំពេញ​ មិន​ទាន់​ថមថយនៅឡើយ ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា អាជ្ញាធរ​គួរបើក​តំបន់​ខ្លះនៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ដើម្បី​កុំ​ឲ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការរកស៊ីរបស់ប្រជាពលរដ្ឋ ដែល​កំពុង​រង​គ្រោះ​ដោយសារ​ការ​បិទខ្ទប់​ទីក្រុង​ជិត​ពីរសប្តាហ៍មក​ហើយ។​

រដ្ឋាភិបាលបាន​ឲ្យ​ដឹង​ថា​ទីក្រុង​ភ្នំពេញ ​និងតំបន់​ដែលហាម​ឃាត់​ការធ្វើដំណើរចេញចូល​កាលពី​ពេល​មុន នៅ​បន្ត​ទៀត ដែលការបិទ​ខ្ទប់នេះ​នឹងផុតកំណត់​នៅថ្ងៃទី​២៨ ខែមេសា។ ការ​លើកឡើង​នេះ ខណៈ​រដ្ឋាភិបាល​បាន​បញ្ចប់​បម្រាម​ហាមឃាត់ការធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយទៅ​ខេត្ត​មួយ ​កាល​ពី​ថ្ងៃទី២៥ ខែមេសា។ នេះ​បើ​យោង​តាមសេចក្តីសម្រេច​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អាទិត្យ​។ តំបន់​ទេសចរណ៍​ធម្មជាតិ​នៅទូទាំង​ប្រទេស​ ក្នុងនោះ​គឺតំបន់ប្រាសាទអង្គរវត្ត​នៅខេត្តសៀមរាប ​ក៏ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការឡើងវិញ បន្ទាប់​ពីការបិទខ្ទប់​អស់រយៈជិតបីសប្តាហ៍​។

​អ្នក​ការពារ​សិទ្ធិ​មនុស្សនិង​សិទ្ធិកម្មករ ​បង្ហាញ​ការបារម្ភជាថ្មី​ទៀត​ ចំពោះ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ក្នុងទីក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្តាល ​ដែលទំនង​នឹង​ត្រូវបន្ត​ស្ថិត​ក្នុងការបិទ​ខ្ទប់ដដែល​ ខណៈ​កម្រិត​ឆ្លង​ជំងឺកូវីដ​១៩ បន្ត​កើនឡើង​ក្នុងតំបន់​ភូមិសាស្ត្រ​ទាំងពីរ​។

លោក ស៊ឹង​ សែនករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រាប់​ VOA ​នៅថ្ងៃ​ចន្ទនេះថា អាជ្ញាធរ​រាជធានី​ និងក្រុង​តាខ្មៅ​ គួរផ្តើម​ពិចារណា​បើកឡើងវិញ​នៃទីតាំង​ដែលមិនប្រឈម​នឹង​ការ​ឆ្លង​ខ្លាំង​នៃ​ជំងឺកូវីដ​១៩ ​ដើម្បីសម្រួល​ដល់​ការ​បំពេញ​ការងារ​របស់ប្រជាពលរដ្ឋ។

លោក​ ស៊ឹង​ សែនករុណា មាន​ប្រសាសន៍ថា៖ «អីចឹង​បើ​សិន​ជាតំបន់​មួយចំនួន​នៅ​ក្នុង​ភ្នំពេញ​ដែលតំបន់​ខណ្ឌ​ផ្សេងៗ​ ដែល​មិនមាន​ការ​រីករាល​ដាល​ខ្លាំង​ដូច​ខាង​ខណ្ឌ​មានជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យអីជាដើម​ ហើយ​និង​ខណ្ឌ​ផ្សេង​ទៀត​ហ្នឹង​ គួរ​តែ​ពិចារណា​បើក​ឲ្យ​ពួក​គេ​មានការ​ធ្វើ​ដំណើរ ធ្វើ​ចរាចរណ៍​ឡើង​វិញ​ ហើយ​ឲ្យ​គេ​គោរព​ទៅតាម​គោល​ការណ៍​ រដ្ឋបាល​ វិធានការ​ក្រសួង​សុខាភិបាលបីកុំ​ បីការពារ​អីចឹង​ទៅ​ ខ្ញុំគិត​ថា​ អាចធូរស្រាល​នូវ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នក​ភ្នំពេញ​មួយ​ចំនួន»។

ចំណែក​លោក ​អាត់ ធន់​ មេដឹកនាំ​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ថា​កម្មករ​ក៏កំពុងជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការរស់​នៅប្រចាំថ្ងៃ ដូចពលរដ្ឋសាមញ្ញផ្សេងទៀត ព្រោះតែ​ថៅកែ​រោងចក្រ​មិនបើក​ប្រាក់ឈ្នួល​ពីរសប្តាហ៍​នៃ​ការបិទទីតាំង​ភូមិសាស្ត្ររាជធានីភ្នំពេញ​និង​ក្រុង​តាខ្មៅ​កន្លងមក។ ​

លោក ​អាត់ ធន់ ​បញ្ជាក់​ថា៖ «គឺយើង​កំ​ពុង​តែ​ទាក់​ទង​ទៅ​ខាងក្រសួង​ ថាវារឿង​យ៉ាង​ម៉េច​បាន​ជាសមាគម​និយោជក​ថា មិនមាន​ការ​ផ្តល់​នៅ​ក្នុងអំឡុង​ពេល​ដែលព្យួរកិច្ច​សន្យាទេ​ តែ​ស្នើ​ឲ្យតំណាង​និយោជក​ហ្នឹង​ផ្តល់​លុយ​ជាមនុស្ស​ធម៌វិញ អីចឹង​ខ្ញុំគិត​ថា​ វា​[កាន់តែ]ធ្វើឲ្យកម្មករលំបាក​ទៅ​ៗ​ ដែល​គាត់​រាំង​ខ្ទប់​ផង​ គាត់​អត់​ការងារ​ផង គាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​ផង​ គាត់​ស្ត្រេស៍​ មិន​អាច​ចេញទៅណា​ផង​ មិនដឹង​ថា​ ធ្វើយ៉ាងម៉េច​ទេ​ ពេលនេះ​គឺ​ពិបាក»។

រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

មេដឹកនាំសហជីព​រូបនេះ​បន្ថែម​ថា កម្មករ​ក្នុងចំនួនដ៏ច្រើន​រាប់មិនអស់​កំពុងប្រឈមនឹង​ការខ្វះខាត​ស្បៀង​អាហារ​ និង​លុយកាក់​ក្នុងអំឡុងពេលនៃការ​បិទទីតាំងភូមិសាស្ត្រ​ទាំងពីរ។​ លោកបន្ថែម​ថា​ ការបើក​ឲ្យ​មាន​ការ​ធ្វើដំណើរពីខេត្ត​មួយទៅខេត្ត​មួយ ​បានសម្រួល​ស្ថានភាព​មួយកម្រិត​ដល់​កម្មករ​អាច​ធ្វើដំណើរ​បាន​ ប៉ុន្តែ​ការ​លំបាក​របស់ពួកគេ គឺមានដដែល​ ពោលគឺពួកគេ​មិនអាចឆ្លងចូលមកធ្វើការ​ក្នុង​រាជធានី​ ឬនៅតំបន់មួយចំនួន​ក្នុង​ខេត្ត​កណ្តាល​ដែលមានការបិទខ្ទប់។

ក្នុង​អំឡុងពេល​នៃ​ការ​បិទ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​នេះ​ មាន​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ពី​សំណាក់​កម្មករ​រោងចក្រ​ ឬ​ពលរដ្ឋក្រីក្រនៅតាម​សហគមន៍មួយចំនួន​ អំពាវនាវ​រកការផ្គត់ផ្គង់ស្បៀង​អាហារ។ នេះបើតាម​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​។ ​

VOA មិនទាន់​អាចសុំការអធិប្បាយ​ពីលោក​ ម៉េត មាសភក្តី ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ទេ។

ចំណែក​លោក ​ឃួង​ ស្រេង ​អភិបាល​រាជធានីភ្នំពេញបានបដិសេធ​មិន​ផ្តល់​ការអធិប្បាយ​ដោយ​ថា​ជាប់ប្រជុំ។

«ខ្ញុំ​មិន​អាច​សម្ភាសន៍​បាន​ទេ​ ខ្ញុំ​ជាប់​ប្រជុំ​ ឮសូរ​ទេប្អូន? ជាប់​ប្រជុំ​ផែនការ​ខ្ញុំបន្តិច»។​

យោងតាម​សេចក្តីណែនាំរបស់លោក ហ៊ុន សែន​ កាលពីថ្ងៃទី​២៥ ខែមេសា​ អាជ្ញាធរ​ត្រូវបន្តអនុវត្តវិធានការ​សំខាន់ៗមួយចំនួន​ ដើម្បី​កាត់ផ្តាច់​ការ​ចម្លង​មេរោគ​កូរ៉ូណាបង្ក​ជា​ជំងឺ​កូវីដ​១៩​នៅ​រាជធានី​ និងក្រុងតាខ្មៅ ខេត្តកណ្តាល និង​តំបន់ព្រំប្រទល់​នៃ​ខេត្ត​នីមួយៗ​។

សេចក្តីណែនាំ​ឲ្យដឹងថា៖ «ក្នុងករណី​ដែលមាន​ផ្ទុះ​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នៅក្នុង​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​ គណៈអភិបាល​ខេត្ត​ពាក់ព័ន្ធ​អាច​សហការ​គ្នា​ដើម្បី​ដាក់ចេញ​នូវវិធានការ​រឹតត្បិត​ ឬហាម​ឃាត់​ការធ្វើ​ដំណើរ​ចេញ​ចូលឆ្លង​កាត់​ភូមិសាស្ត្រ​ខេត្ត​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​រៀងខ្លួន​ជាបណ្តោះអាសន្ន​»។

វិធានការ​ផ្សេង​ទៀត​ រួមមាន​វិធានការ​បិទខ្ទប់​ទីកន្លែង​ តំបន់​ ឬភូមិសាស្ត្រ​ដែលមាន​ការ​ឆ្លង​រាល​ដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺកូវីដ​១៩ វិធានការរឹតត្បិត​ ឬការ​ហាម​ឃាត់​ការ​ជួបជុំ​និង​ការ​ប្រមូល​ផ្តុំ​មនុស្ស​ដូចជា ការ​ជួបជុំសេព​គ្រឿង​ស្រវឹង​ វិធានការ​ហាម​ឃាត់​ ឬការកម្រិត​ការធ្វើ​សកម្មភាព​ការងារ​ ឬមុខរបរ​ វិធានការ​ហាម​ឃាត់​ការ​លក់ដូរ​គ្រឿងស្រវឹង​ និងវិធានការបម្រាម​គោចរ​ជាដើម។

លើសពីវិធានការ​ទាំងនេះ​ អាជ្ញាធរ​រាជធានីភ្នំពេញ ​បាន​បិទផ្សារ​មួយចំនួន​ដូច​ជាផ្សារ​ដើម​គ ផ្សារចាស់​ និងផ្សារអូរឫស្សី ក្នុង​គោល​បំណង​កាត់​ផ្តាច់​ការចម្លង​ជំងឺកូវីដ១៩។ ដំណាលគ្នានឹង​ការបិទផ្សារ​នេះ​ ក្រសួង​ពាណិជ្ជ​កម្ម​ បានបង្ហាញ​ពីផែនការ​លក់ដូរ​ទំនិញ​តាមយានយន្តចល័ត​ និងតាមប្រព័ន្ធអនឡាញ។​ ទំនិញ​ទាំង​នោះ​រួមមាន​ ទឹកស៊ីអ៊ីវ​ មី​ ត្រីខ​កំប៉ុង ទឹកត្រី​ និងទំនិញ​ប្រើប្រាស់ប្រចាំ​ថ្ងៃផ្សេង​ទៀត។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកការពារសិទ្ធិមនុស្ស​។

លោក ស៊ឹង​ សែន​ករុណា ​មន្ត្រីសិទ្ធិមនុស្សរបស់​សមាគមអាដហុក យល់​ថា​អាជ្ញាធរ​គួរ​សិក្សា​បើកឡើងវិញ​ទីផ្សារ​ដែលបិទកន្លងទៅ​ ដោយរៀបចំ​ឲ្យមាន​ការ​លក់ស្រប​ទៅតាម​វិធានសុខាភិបាល​និង​រដ្ឋ​បាល​ ដែល​មានបីកុំ​ និងបីការពារ ឬយក​លំនាំ​តាម​ប្រទេសថៃ​ដែលអាជ្ញាធរ​នៅទីនោះ​បាន​រៀបចំ​ឲ្យ​អាជីវករ​អាច​បន្ត​អាជីវ​កម្ម​របស់​ពួកគេ​ក្នុងតំបន់​បិទខ្ទប់​។ លោក ស៊ឹង​ សែន​ករុណា ថាធ្វើដូច្នេះទើបពលរដ្ឋអាច​ទទួលបាន​ការផ្គត់ផ្គង់​បន្លែ​បង្កា​ និង​អាហារ​ត្រីសាច់​ផ្សេង​ទៀត​ ដែលមានជីវជាតិបំប៉នសុខភាពទប់ទល់​នឹងការឆ្លង​ជំងឺកូវីដ១៩។

បើ​តាម​លោក ស៊ឹង​ សែនករុណា​ ការរៀបចំ​ឲ្យ​មាន​ការ​លក់​ដូរ​តាម​ទីផ្សារ​ដែល​បាន​បិទ​ខ្ទប់​នោះ​ ក៏អាច​ជួយ​អ្នកលក់​តូចតាច​តាម​ចិញ្ចើមផ្លូវ​ ដែល​លោកថា​ពួកគេ​កំពុង​រង​សម្ពាធ​ពីស្ថាប័ន​ធនាគារ​ ឬមីក្រូហិរញ្ញវត្ថុ​ ដែល​នៅបន្តទារបំណុលនៅ​ឡើយ៕

XS
SM
MD
LG