រដ្ឋាភិបាលវៀតណាមបានសម្រេចផ្តល់បរិក្ខារពេទ្យដល់កម្ពុជា ដែលក្នុងនោះមានឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ជាង ២ លាន ខណៈប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ ហើយចំនួនអ្នកជំងឺដែលកំពុងព្យាបាលជំងឺមានទៅដល់ជាង ៥.៦០០ នាក់។
សារព័ត៌មានរបស់វៀតណាមមួយចំនួន ក្នុងនោះក៏មាន VnExpress ផងដែរ បានរាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលទីក្រុងហាណូយ នឹងផ្តល់ជំនួយបរិក្ខាពេទ្យរួមមានឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ពេទ្យប្រមាណ ២,៣ លាន ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងប្រទេសកម្ពុជា។
សេចក្តីរាយការណ៍អង្គភាពព័ត៌មានវៀតណាម VnExpress ឲ្យដឹងថា ការសម្រេចផ្តល់ជំនួយនេះ ធ្វើឡើង ក្រោយមានជំនួបតាមប្រព័ន្ធអនឡាញមួយរវាងរដ្ឋមន្ត្រីសុខាភិបាលវៀតណាម លោក Nguyen Thanh Long និងរដ្ឋមន្ត្រីសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី ២២ ខែមេសា។
បើតាមសេចក្តីរាយការណ៍ដដែល វៀតណាមក៏នឹងជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយការបញ្ជូនអ្នកជំនាញសុខាភិបាល និងឧបត្ថម្ភឧបករណ៍សុខាភិបាលផ្សេងទៀត មកកាន់ប្រទេសជិតខាងរបស់ខ្លួន ប្រសិនបើកម្ពុជាត្រូវការ។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលើកឡើងថា ប្រទេសវៀតណាមមានឆន្ទៈដើម្បីភ្ជាប់ទីកន្លែងព្យាបាលជំងឺកូវីដ១៩ រវាងប្រទេសទាំងពីរ និងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរអ្នកជំនាញទៅវិញទៅមក ប្រសិនបើចាំបាច់។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទេនៅថ្ងៃសុក្រនេះ។ ចំណែកលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនទាន់ឆ្លើយតបនឹងសំណួរផ្ញើតាមប្រព័ន្ធតេឡេក្រាម (Telegram) នៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអធិប្បាយពីស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញបានដែរ។
រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក Nguyen Thanh Long ត្រូវបានសារព័ត៌មាន VnExpress ដកស្រង់សម្តីតាមន័យដើមថា៖
«មេរៀនរបស់វៀតណាមក្នុងចំណោមមេរៀនជាច្រើននោះ គឺការបង្ការនិងប្រយុទ្ធការរាតត្បាត [ជំងឺកូវីដ១៩] ដោយការប្រើប្រាស់នូវប្រព័ន្ធនយោបាយទាំងមូល ហើយនិងប្រជាជនទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។
លោក Long ត្រូវបានគេដកស្រង់សម្តីបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងទីតាំងព្យាបាលជំងឺកូវីដ១៩ នៃប្រទេសទាំងពីរ មានន័យថា វេជ្ជបណ្ឌិតអាចផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក នូវការព្យាបាលជំងឺធ្ងន់ធ្ងរ។
ប្រទេសកម្ពុជាបានឃើញការឆ្លងសហគមន៍ទ្រង់ទ្រាយធំជាលើកដំបូង កាលពីថ្ងៃទី២០ ខែកុម្ភៈ គឺនៅពេលពលរដ្ឋចិនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩។ ការឆ្លងជំងឺនេះបានរាលដាលដល់បណ្តាខេត្តមួយចំនួន រួមមានខេត្តកណ្តាល តាកែវ ព្រែវែង និងស្វាយរៀងជាដើម។
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ថា ករណីឆ្លងថ្មីមានជាង ៦៥០ នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មាន ៨.៣០១ នាក់។ អ្នកជំងឺកូវីដ១៩ ដែលកំពុងទទួលការព្យាបាលនាពេលបច្ចុប្បន្ននេះ មានជាង ៥.៦០០ នាក់ ខណៈកម្ពុជាកំពុងខ្វះខាតកន្លែងព្យាបាលអ្នកជំងឺ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់បានកើនឡើងដល់ ៦១ នាក់ គិតត្រឹមថ្ងៃសុក្រនេះ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព យល់ថា ការសម្រេចរបស់រដ្ឋាភិបាលទីក្រុងហាណូយក្នុងការផ្តល់ជំនួយបរិក្ខារពេទ្យមកកម្ពុជា គឺជាកម្លាំងមនុស្សធម៌ដែលអាចជួយកម្ពុជាបន្ថយការឆ្លងជំងឺកូវីដ១៩ និងបង្កើនប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា អានេះវាជាការងារមនុស្សធម៌ ហើយវានៅក្នុងក្របខណ្ឌអាស៊ានអីចឹង ប្រទេសមួយនៅក្នុងអាស៊ាន គឺខ្ញុំគិតថាការជួយគ្នាទៅវិញទៅមក អ្នកណាមានលទ្ធភាពខាងណា គឺគេអាចជួយគ្នាបាន អីចឹងខ្ញុំគិតថាជាការល្អ»។
លោកបន្ថែមថា កម្ពុជាក៏ធ្លាប់ធ្វើកិច្ចការមនុស្សធម៌នេះនៅក្នុងតំបន់ជាពិសេស គឺក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដោយកម្ពុជាបានបញ្ជូនម៉ាស់និងបរិក្ខារពេទ្យជាច្រើនទៅចែកជូនប្រទេសមួយចំនួន ក្នុងនោះមានប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្ត និងនេប៉ាល់ នៅគ្រាការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ស្ថិតក្នុងកម្រិតទាបនៅឡើយ។
កាលពីខែមេសា ឆ្នាំ ២០២០ រដ្ឋមន្រ្តីសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានឲ្យដឹងថា កម្ពុជាមានឧបករណ៍ជំនួយផ្លូវដង្ហើមប្រមាណ ២០០ គ្រឿង។ កាលនោះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានជំរុញឲ្យកម្ពុជាត្រៀមខ្លួនសម្រាប់ការឆ្លងសហគមន៍ទ្រង់ទ្រាយធំ ដោយបង្កើនសម្ភារៈការពារខ្លួន ឧបករណ៍ជំនួយផ្លូវដង្ហើម និងគ្រូពេទ្យជាដើម។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា តាមការប៉ាន់ស្មានអ្នកជំងឺកូវីដចំនួន ៨០%នៅកម្ពុជា ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញានិងកម្រិតស្រាល៕