អាជ្ញាធរពាក់ព័ន្ធឲ្យដឹងថាប្រជាពលរដ្ឋ១៣នាក់ក្នុងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានស្លាប់ជាបន្តបន្ទាប់ចាប់ពីសប្តាហ៍មុនមក ដោយសារពុលស្រាដែលមានជាតិមេតាណុលខ្ពស់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ ក្រសួងសុខាភិបាលបានលើកឡើងថាប្រជាពលរដ្ឋនៅក្នុងភូមិស្គរបានស្លាប់ជាបន្តបន្ទាប់ ហើយការយកសំណាកទៅធ្វើតេស្តមិនមានឃើញវីរុសជំងឺកូវីដ១៩នោះទេ។ ក្រុមការងារបានរកឃើញថាពលរដ្ឋដែលស្លាប់ជាអ្នកហូបស្រាជាប្រចាំ ដែលនាំឲ្យមានការសង្ស័យថាពុលស្រា។ ក្រុមការងារក៏បានចុះយកសំណាកស្រាថ្នាំនិងស្រាសពីទីតាំងតូចៗចំនួន២៩កន្លែងក្នុងស្រុកលា្វឯម ដើម្បីវិភាគ។ ហើយលទ្ធផលសំណាកបង្ហាញថាស្រាទាំងនោះមានកម្រិតមេតាណុលលើសពី០,៥%ដែលលើសពីកម្រិតពុលត្រឹម0,១%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើបានកើតឡើងដោយសារពួកគាត់បានពិសាស្រា-សឬស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់»។
ប្រជាពលរដ្ឋដែលស្លាប់នោះមានអាយុពី២៧ឆ្នាំដល់៥៨ឆ្នាំ ហើយរហូតមកដល់ពេលនេះ មនុស្សប្រមាណ១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងបានអំពាវនាវដល់ពលរដ្ឋកុំឲ្យពិសាស្រាសដែលផលិតឬបិទស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។
លោក ហេង សុផល អធិការស្រុកល្វាឯមបានថ្លែងថាការពុលស្រានោះ ផ្តើមចេញពីពិធីបុណ្យសពមួយដែលមានការហូបស្រា ហើយការស្លាប់បានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែឧសភា ដែលនាំឲ្យអាជ្ញាធរឆ្ងល់ថាហេតុអ្វីមនុស្សស្លាប់ជាបន្តបន្ទាប់។
លោកអធិការស្រុកល្វាឯមប្រាប់ VOA ថានៅថ្ងៃព្រហស្បតិ៍នេះថា៖ «តាមការផ្តល់ព័ត៌មានពីមូលដ្ឋានពីសុខាភិបាលថាគាត់ស្លាប់ដោយសារបុកសរសៃឈាមខួរក្បាលនិងគាំងបេះដូង។ តែដល់រំលងយូរទៅ វាចេះតែស្លាប់បន្តៗ អាជ្ញាធរក៏ចាប់អារម្មណ៍ ម៉េចស្លាប់ច្រើនម៉េស ដល់យើងប្រមែប្រមូលយកទិន្នន័យទៅ អ្នកស្លាប់ហ្នឹងភាគច្រើនជាអ្នកញៀនស្រា»។
លោកបន្ថែមថាប្រជាពលរដ្ឋម្នាក់ទៀតបានស្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យករណីស្លាប់សរុបបានកើនឡើងដល់១៣នាក់។
បើតាមអធិការស្រុកល្វាឯមរហូតមកដល់ថ្ងៃព្រសហ្បតិ៍នេះ សមត្ថកិច្ចបានកោះហៅប្រជាពលរដ្ឋមួយចំនួនមកសាកសួរ ប៉ុន្តែមិនទាន់មានការចោទប្រកាន់ទៅលើអ្នកណាម្នាក់នៅឡើយទេ។
កាលពីខែធ្នូ ឆ្នាំ២០២០ មានករណីពុលស្រាស្លាប់យ៉ាងតិច៨នាក់ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផងដែរ។
ចាប់ពីឆ្នាំ២០១៥ដល់២០១៧ មានករណីពុលស្រាស ប្រមាណ៣៩០ករណី ដែលបណ្ដាលឲ្យមនុស្ស៥០នាក់ស្លាប់ នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងកំពង់ឆ្នាំង។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕