ភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់ – អង្គុយជុំគ្នាជាមួយកម្មករផ្សេងទៀត លោក លីម ង៉ិក និងកូនប្រុសរបស់លោក គឺលោក ង៉ិក វ៉ាន់ណេត ដែលជាកម្មករសំណង់ដូចគ្នា កំពុងហូបស្រាសនិងស្រាថ្នាំ នាពេលថ្ងៃត្រង់។ វាជាថ្ងៃដែលពួកគេទើបបើកលុយ ដូច្នេះពួកគេបានជួបជុំគ្នា បាយថ្ងៃត្រង់ ហើយពិសាស្រាស ស្រាថ្នាំ សប្បាយជុំគ្នា។ ស្រាទាំងនោះ មានចំនួន៤ដបជ័រ ដែលសរុបទាំងអស់មានចំណុះ ២លីត្រ។ ក្នុងមួយលីត្រ មានតម្លៃ ២៥០០រៀល។
សម្រាប់ប្រជាជនដែលនៅតាមជនបទ ស្រាស និងស្រាថ្នាំ នៅតែពេញនិយមសម្រាប់ពួកគេ ដោយសារពួកគេមិនមានលទ្ធភាពទិញស្រាបៀ និងមួយវិញទៀត ចាស់ៗធ្លាប់ដឹងរសជាតិស្រាសនេះរួចទៅហើយ។ ប៉ុន្តែការពុលស្រាស ស្រាថ្នាំ កាលពីកន្លងទៅ ដែលនាំឲ្យមនុស្សស្លាប់ ក៏នាំឲ្យពួកគេមានការប្រុងប្រយ័ត្ន ដែលតម្រូវឲ្យពួកគេរកជាវស្រាសនៅកន្លែងណាមួយដែលពួកគេទុកចិត្តបាន។
លោក លីម ង៉ិក ដែលធ្លាប់ពិសាស្រាស ជាង២០ឆ្នាំមកហើយ បានថ្លែងប្រាប់ VOA ថា លោកពិសាស្រាសបន្តិចសម្រាប់បាយឆ្ងាញ់ នាពេលថ្ងៃត្រង់។ ប៉ុន្តែលោកហាក់ដូចជាស្រវឹងរួចទៅហើយ។ លោកបន្តថា លោកនៅតែហូបស្រាស ប៉ុន្តែបារម្ភខ្លះដែរ ខ្លាចពុល ដោយសារធ្លាប់ដឹងអំពីការពុលស្រាស រហូតដល់ស្លាប់កាលពីកន្លងមក។
លោក ង៉ិក អាយុ៤៨ឆ្នាំ ជាកម្មករសំណង់ ដែលអាចរកកម្រៃបាន៣២០០០រៀលក្នុងមួយថ្ងៃ មានប្រសាសន៍ថាលោកដឹងរសជាតិស្រាស ដែលលោកគិតថាផលិតពីបាយ មានលក្ខណៈធម្មជាតិ មិនប្រើមេ ហើយសុវត្ថិភាព។
លោកមានប្រសាសន៍ថា៖ «ស្រាសយើងត្រូវដឹង។ យើងចូលមាត់យើង យើងដឹង។ តែបើមានថ្នាំពុល ហូបទៅវាហាងៗ។ មួយទៀត បើដាក់មេជ្រុល វាហាងដូចគ្នា»។
លោក ង៉ិក ដែលមានកូន៤នាក់ បានបន្តថា៖ «ស្រាបៀយើងហូប តែគុណភាពគេ វាខ្ពស់ជាងស្រាស។ តែបើក្នុងសរីរាង្គកាយរបស់យើង ហូបស្រាស អត់ធ្វើទុក្ខទេ។ ប៉ះពាល់សុខភាព ដោយសារអ្នកបង្ហូរ ជួនកាលទៅ គេលាយមេ ជួនកាលទៅ គេមិនលាយមេ គេកូរថ្នាំ»។
នៅក្បែរនោះ គឺជាកូនប្រុសរបស់លោក គឺលោក ង៉ិក វ៉ាន់ណេត អាយុ២៥ឆ្នាំ ដែលជាកម្មករសំណង់ និងទទួលបានប្រាក់កម្រៃ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោក វ៉ាន់ណេត ដែលមានកូន២នាក់ មានប្រសាសន៍ថាលោកចេះហូបស្រាសប្រហែល៣ឆ្នាំហើយ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ដូចថាយើងមានថវិកាអញ្ចឹង ដូចថាស្រាក់គ្នាអញ្ចឹងទៅ បានលុយច្រើន យើងហូបស្រាបៀទៅ។ បើយើងមានស្រាថ្នាំ ហូបស្រាថ្នាំ។ បើយើងមានស្រាបៀ ហូបស្រាបៀទៅ។ អាហ្នឹងអាស្រ័យលើលទ្ធភាព»។
លោកបន្តថា បើលោកពិសាស្រាបៀ នោះលោកនឹងចំណាយប្រហែល១០ដងនៃស្រាស ទើបលោកស្រវឹង។
លោកបញ្ជាក់ថា៖ «បើស្រាសមួយលីត្រ គឺស្រវឹង ដែលត្រូវចំណាយ២៥០០រៀល តែស្រាបៀត្រូវចំណាយប្រហែល២ម៉ឺនរៀល បានស្រវឹង»។
លោក វ៉ាន់ណេត ក៏បានដឹងអំពីករណីពុលស្រា តែលោកមិនមានជម្រើសអ្វីក្រៅពីហូបស្រាស ដោយសារលោកថាលោកខ្វះខាតថវិកា។
លោកមានប្រសាសន៍ថា៖ «គិតដែរធ្វើម៉េចបើថវិកាវាអត់។ ជួនកាលទៅ យើងធ្វើការអញ្ចឹង យើងវាអត់មានលុយ។ យើងហូបស្រាស។ ដល់ពេលយើង បើកលុយតិចតួចខ្លះមក យើងអាចហូបស្រាបៀខ្លះដែរ»។
កាលពីខែតុលា ឆ្នាំ២០១៨ មានករណីពុលស្រាសនៅក្នុងខេត្តក្រចេះ ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។ កន្លងទៅ ក្រសួងសុខាភិបាលបានអះអាងថា អ្នកផលិតស្រាសបានដាក់សារធាតុមេតាណុលខ្ពស់ខ្លាំងលើសការកំណត់ និងការផលិតមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបបណ្ដាលឲ្យមនុស្សពុលស្លាប់។ ក្រោយការពុលស្លាប់ជាបន្តបន្ទាប់ អាជ្ញាធរបានចុះបិទអាជីវកម្មផលិតស្រាសជាលក្ខណៈគ្រួសារជាបន្តបន្ទាប់ ក្នុងនោះមានការបិទកន្លែងផលិតស្រាសចំនួន៦០០កន្លែង នៅទូទាំងខេត្តក្រចេះ។
រស់នៅក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ អ្នកស្រី ព្រីង គឿន អាយុ៤២ឆ្នាំ ជាកសិករម្នាក់ដែលចេះបិទស្រាស។ អ្នកស្រីមានប្រសាសន៍ថាអ្នកស្រីចិញ្ចឹមជ្រូក ដូច្នេះហើយទើបអ្នកស្រីផលិតស្រាស ដើម្បីអាចលក់ស្រាទាំងនោះ និងសល់បាយសម្រាប់សត្វជ្រូកផងដែរ។ អ្នកស្រីបន្តថា ការបិទស្រាសនោះ គឺអ្នកស្រីដាំបាយ ហើយប្រើជាមួយមេ ដែលអ្នកស្រីអះអាងថាមិនប៉ះពាល់សុខភាពនោះទេ។
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖ «ខ្ញុំដាំបាយ ហើយគេមានមេ[ស្រា]វា។ មេខ្ញុំ ខ្ញុំទិញមក មេគីឡូសម័យដើមមក។ ខ្ញុំដាំបាយ ខ្ញុំលាយមេវា ផ្អាប់វាទៅ។ ខ្ញុំអត់មានធ្វើអីណាខុស ព្រោះខ្ញុំអត់ចេះអញ្ចឹង ខ្ញុំខ្លាចពុលគេមែន ព្រោះប្ដីខ្ញុំ គាត់អ្នកហូបដែរ។ ខ្លាចពុលហ្នឹងឯង»។
មេស្រាដែលអ្នកស្រីប្រើប្រាស់នោះ អ្នកស្រីបានដឹងពីចាស់ៗតាំងពីដើមមក ដូចជាម្ដាយរបស់អ្នកស្រី ដែលជាអ្នកផលិតស្រាសលក្ខណៈគ្រួសារមួយរូបដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «កាលខ្ញុំនៅក្មេងៗ ម៉ែខ្ញុំគាត់ធ្វើតែអាហ្នឹងទេ។ ដល់ពេលស្រាហ្នឹង ខ្ញុំចេះធ្វើពីម៉ែខ្ញុំដែរ»។
តាមអ្នកស្រី អ្នកស្រីផលិតស្រាសមួយកានចំណុះ៣០លីត្រ ដោយអ្នកស្រីអាចលក់អស់ក្នុងរយៈពេល២សប្ដាហ៍ទៅមួយខែ។
អ្នកស្រីមានប្រសាសន៍ថា៖ «ដូចថាគាត់ទៅស្រែទៅភ្លឺ គាត់ទិញទៅ។ ហូបទៅ ព្រោះជុំគ្នាអញ្ចឹងទៅ។ ហើយរងាអញ្ចឹងទៅ មករកមួយកែវពីរកែវអញ្ចឹងទៅ»។
ក្នុងពេលផ្ដល់បទសម្ភាសន៍ដល់ VOA អ្នកស្រីបានបង្ហាញមេស្រា ដែលមានពណ៌សនិងសត្វខ្មូតជាច្រើនទំពីលើ។ មេនោះមានតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម។
អង្គុយក្បែរនោះ គឺលោក វង ង៉ែត អាយុ៤២ឆ្នាំ ជាប្ដីរបស់អ្នកស្រី។ លោក ង៉ែត ដែលហាក់ដូចជាស្រវឹងស្រាសបន្តិចដែរ មានប្រសាសន៍ថា លោកហូបស្រាសនេះនៅពេលបាយ ហើយលោកថាស្រាសនេះ គឺផលិតតាមបែបធម្មជាតិ មិនពុលនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអ្នកហូបដែរ បើសិនបើពុល ពុលខ្ញុំងាប់មុនគេ»។
VOA មិនអាចសុំការបកស្រាយពីលោក លី សុវណ្ណនិងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបាននៅឡើយទេ។
ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧ មានករណីពុលស្រាស ប្រមាណ៣៩០ករណី ដែលបណ្ដាលឲ្យមនុស្ស៥០នាក់ស្លាប់ នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។
ក្រោយមានការពុលស្រាសជាបន្តបន្ទាប់ ក្រសួងសុខាភិបាល ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋពិសាស្រាសដែលផលិតមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងរឹតបន្តឹងការត្រួតពិនិត្យការផលិត ការចែកចាយ និងការលក់ស្រាសជាប្រចាំ៕