ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៥​នាក់​ត្រូវ​ឃុំ​ខ្លួន ក្រោយ​ហេតុការណ៍​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់ឆ្នាំង


រូបឯកសារ៖ បុរស​ម្នាក់​រង់ចាំយក​​​ស្រាស ដែល​លោក​ទិញ​នៅ​តៀមស្រា​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ បុរស​ម្នាក់​រង់ចាំយក​​​ស្រាស ដែល​លោក​ទិញ​នៅ​តៀមស្រា​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

មនុស្ស​៥​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​សម្រេច​ឃុំ​ខ្លួន ពាក់ព័ន្ធ​នឹង​ករណីពុល​ស្រា​ស​ក្នុង​ស្រុក​ទឹក​ផុស ដែល​បាន​សម្លាប់​មនុស្ស៨​នាក់កាល​ពី​ពេលកន្លង​ទៅ។

មន្ទីរ​សុខាភិបាល​ខេត្តកំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​មនុស្ស​៨​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ពុល​ស្រាជាង​១៣០​នាក់ ដោយ​សារ​ការ​ពិសា​ស្រា​ស។ មនុស្ស​ភាគ​ច្រើន​ពុល​ស្រា​នេះ ក្រោយ​ចូល​រួម​ពិធី​បុណ្យ​សព​ចំនួន​ពីរ​ក្នុង​ស្រុក​ទឹក​ផុស​ កាល​ពី​ចុង​ខែ​វិច្ឆិកា ហើយ​បានពិសា​ស្រា​ស។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត ក៏​ពិសា​ស្រា​ស​នេះ នៅ​តាម​ផ្ទះ​ផង​ដែរ។ នេះ​បើ​យោង​តាម​មន្រ្តី​សុខាភិបាល។

លោក ​ខូវ លី​ ស្នងការ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​កម្លាំង​នគរបាល​ខេត្ត​បានឃាត់​ខ្លួន​មនុស្ស​៩​នាក់​ ហើយ​បញ្ជូន​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា។ លោក​បញ្ជាក់​ថា​ការ​សម្រេច​ឃុំ​ខ្លួន​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ។

បើ​តាម​លោក​ ខូវ លី​ មនុស្ស​ប្រមាណ​១៣៦​នាក់​បាន​រង​គ្រោះ​ពី​ការពុល​ស្រា​នេះ ប៉ុន្តែ​អ្នក​ទាំង​អស់​បាន​ធូរ​ស្បើយ ក្រោយ​ពី​ការ​ព្យាបាល។ លោក​ស្នង​ការ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំងបន្ត​ថា​រហូត​មក​ដល់​ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​ប្រភព​នៃ​សារ​ធាតុ​គីមី​ ដែល​យក​មក​ផលិត​ស្រា។

លោក​អះអាង​ថា​ អាជ្ញាធរ​ក៏​បាន​បង្កើនការ​យល់​ដឹង​ដល់​ពលរដ្ឋ​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួលទាន​ស្រា​ស​ ដែល​ផលិត​ដោយ​គ្មាន​មូលដ្ឋាន​បច្ចេកទេស​ច្បាស់​លាស់។

លោក​មាន​ប្រសាសន៍​ថា៖ «បាន​ផ្សព្វផ្សាយ​ ទៅ​ប្រជុំ​អប់រំ​ ទៅ​ផ្សព្វផ្សាយ​ដល់​ខ្នង​ផ្ទះដល់​ឃុំសង្កាត់​ទាំង​អស់​នៅ​ក្នុងមូលដ្ឋាន​ទាំង​អស់។ ឲ្យ​អធិការ​លោក​ធ្វើ​កិច្ចការ​ងារ​នេះ​...ឲ្យ​ប្រជាពលរដ្ឋ​លោក​មាន​ការ​ប្រុងប្រយ័ត្ន​ កុំ​ឲ្យ​ពិសា​ស្រា​ ដែល​មាន​ជាតិ​ពុល​ ជាតិ​អាល់កុល​ដល់​១៥,៣[%] ១៧[%]​ ១៤,៧[%] ដូច​វា​ជាតិ​ពុលវា​ខ្លាំង។ ការ​ពិត​ ធម្មតា​វា​តែ​...០,១ [%]»។

ក្រោយ​ពី​ហេតុ​ការណ៍​ពុល​ស្រា​ក្នុង​ស្រុកទឹក​ផុស​នោះ​ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង បាន​អះអាង​ថាមូល​ហេតុ​ដែល​បណ្តាល​ឲ្យពុល​ស្រា​នោះ គឺ​មក​ពី​ក្នុង​ស្រា​នោះ​ មាន​កំហាប់​ជាតិ​មេតាណុល​ខ្ពស់​បំផុត គឺ​ទៅ​ដល់​ជាង​១៤,៧%វ៉ុល ដែល​កម្រិត​មិន​ពុល គឺ​នៅ​ក្រោម​០,១​%​វ៉ុល​តែ​ប៉ុណ្ណោះ។

លោក ឡុង​ ស៊ីថា​ អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូងខេត្ត​កំពង់​ឆ្នាំង មាន​ប្រសាសន៍​ថា​តុលាការ​សម្រេច​ឃុំ​ខ្លួន​មនុស្ស៥​នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​៩​នាក់​ ដែល​បញ្ជូន​មក​ពី​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត។

លោកបន្ថែម​ថា​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ធ្វើ​ពាណិជ្ជកម្ម និង​ផលិត​ម្ហូប​អាហារ​មាន​ជាតិ​ពុល និង​មនុស្ស​ឃាត​ដោយ​អចេតនា» តាម​បទ​ចោទ​ក្នុង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គុណភាព សមត្ថភាព​ផលិត​ផល​ទំនិញ​ និង​សេវា និង​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​អាច​មាន​ទោស​ទណ្ឌ​ជាប់​ពន្ធនា​គារ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ។

លោកមាន​ប្រសាសន៍​ថា៖ «ដោយសារចម្លើយ​របស់​គាត់​ មាន​ការ​ផលិត​បិទ​ស្រា​ហ្នឹង។ គាត់​លាយជាតិ​មេតាណុល​បន្ថែម។ ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​ខាង​ក្រសួង​ពាណិជ្ជកម្ម​ ខាង​កាំកុង​ត្រូល​បាន​បញ្ជាក់​ថា​មាន​ជាតិ​ពុល​ ហើយ​ខាង​សិប្បកម្ម​ ក៏​បាន​បញ្ជាក់​មក​ដែរ»។

អ្នក​នាំ​ពាក្យ​តុលាការ​ឲ្យ​ដឹង​ថាជន​សង្ស័យ​១​នាក់ទៀត ​មាន​បញ្ហា​សុខភាព​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​លើស​ឈាម និង​ចំហ​បេះដូង​នៅ​មន្ទីរ​ពេទ្យ។ ដោយ​ឡែក​មនុស្ស​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលា​ការ​សម្រេច​ដោះ​លែង​វិញ ក្រោយ​រក​ឃើញ​ថាពួកគេ​គ្រាន់​តែ​ជា​អ្នក​លក់​បន្ត ហើយ​ក៏​ជា​ជន​រងគ្រោះ។

លោក ​ឡុង​ ស៊ីថា បន្ថែម​ថា​អាជ្ញាធរ​បាន​សម្រេចផ្អាក​អាជីវកម្ម​ផលិត​ស្រានៅ​ទូទាំង​ខេត្ត​ជា​បណ្តោះ​អាសន្ន រហូត​ដល់​មន្ត្រី​ជំនាញ​វាយ​តម្លៃ​បាន​ថា​ផលិតកម្ម​ស្រា​ទាំង​អស់​នោះ​ មិន​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ។

មន្រ្តី​សម្របសម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​មក​លើ​អ្នក​ផលិត​ស្រា​ទាំង​នេះ​ មិន​ទាន់​គ្រប់​គ្រាន់នៅ​ឡើយ​ទេ ពោល​គឺ​មន្ត្រី​ជំនាញ​គួរ​ស្វែងរក​ប្រភព​នៃ​សារធាតុ​គីមី ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​ស្រា​សម្រាប់​លក់​ឲ្យ​អ្នក​ភូមិ។

លោក​បញ្ជាក់​ថា៖ «ខាង​ជំនាញ​គួរ​តែ​ស៊ើប​អង្កេត​បន្ត​ទៀត​ថា​តើ​មេ[ស្រា]​នោះ ​ចេញ​មក​ពី​ប្រភព​ណា​ ហើយ​អា​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​នោះ​ចេញ​ពី​ប្រភព​ណា។ អ៊ីចឹង​យើង​ទៅ​ទប់​ស្កាត់​ ឬ​មួយ​ទៅ​រារាំង​ដល់​ហ្នឹង បាន​វា​ត្រឹម​ត្រូវ។ បើ​សិន​ជា​យើង​យក​ត្រឹមតែ​កន្លែង​ផលិត​ យើង​ឃើញ​ថា​វា​ដូច​មិន​យុត្តិធម៌​ទៅ​លើ​ពួក​គាត់​ហ្នឹង​ទេ។ តែ​បើ​សិន​ជា​ការ​ធ្វើ​របស់​ពួក​គាត់​ មាន​ការ​ធ្វេស​ប្រហែស​ឬ​កំហុស​ឆ្គង​ដែល​ក្នុង​បំណង​ចង់​គេ​ហៅ​ថា​លោភ​លន់ចង់​បាន​តែ​លុយ​កាក់​នោះ អាហ្នុង​យើង​គិត​ថា​យើង​គួរ​ហ្នឹង​ហើយ​ ពិចារណា​ក្នុង​ការ​ដាក់​ទោស ដាក់​ទណ្ឌ»។

លោក​បន្ថែម​ថា​អាជ្ញាធរ​ខេត្ត​ និង​មន្ត្រី​ជំនាញ​គួរ​ផ្តើម​ការ​ស្រង់​ស្ថិតិ​នៃ​ទីតាំង​ផលិត​ស្រា​ និង​ពិនិត្យ​វាយ​តម្លៃ​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ផលិត​ស្រា​ថា​តើ​វា​ត្រូវ​តាម​ស្តង់ដារ​បច្ចេក​ទេស​ផលិត​ស្រា ឬ​ក៏​គ្រាន់​តែ​ចេះ​ត​គ្នា​ ហើយ​មក​បើក​អាជីវកម្ម។

លោក​បន្ថែម​ថា៖ «យើង​ប៉ះ​ទី​ណា​ យើង​បង្ក្រាប​ទី​ហ្នឹង។ យើង​ឃើញ​ថា​បទ​ល្មើស ឬ​ប្រការ​គ្រោះ​ថ្នាក់​ហ្នឹង​ វា​នឹង​កើត​នៅ​កន្លែង​ផ្សេងៗ​ទៀត​បាទ»។

អ្នកស្រី​ ភឿក​ ហឹង​ មេ​ឃុំ​ខ្លុង​ពពកក្នុង​ស្រុក​ទឹក​ផុស ដែល​ជា​ទីតាំង​ពុល​ស្រា​ស​នេះ មាន​ប្រសាសន៍​ថា​អ្នក​ភូមិ​របស់​អ្នស្រី​ចំនួន៥​នាក់ស្លាប់ និង​អ្នករង​គ្រោះ​ពី​ការ​ពុល​ស្រា​នេះ ​មានចំនួន​១២៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៤​នាក់។ អ្នក​ស្រី​បន្ត​ថាអ្នក​លក់​ស្រា​មួយ​ចំនួន ​ត្រូវ​បាន​អាជ្ញាធរ​ហៅ​មក​ធ្វើ​កិច្ច​សន្យា​ឲ្យ​ឈប់​លក់​ស្រា រួច​ឲ្យ​ត្រឡប់​ទៅ​វិញ​។ ចំណែក​អ្នក​ផលិត​ស្រា​ម្នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ។

នៅ​ពេល​សួរ​ថា​តើ​អាជ្ញាធរ​ឃុំ​អាច​នឹង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ និងពិនិត្យ​បច្ចេកទេស​របស់​អ្នក​ផលិត​ស្រា ឬ​យ៉ាង​ណា​នោះ​ អ្នក​ស្រី​មេ​ឃុំ​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​នឹង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​លើក​ក្រោយ យើង​គិត​ទៅ​តាម​ហ្នឹង​ក្រោយ​ទៀត​ ព្រោះ​យើង​ឥឡូវ​នេះ​អត់​មាន​ទេ​ អត់​មាន​អ្នក​លក់​ស្រា​នៅ​ឡើយ​ទេ»។

មន្រ្តី​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​ឲ្យ​ដឹង​ថា​នេះ​ជា​ការ​ពុល​លើក​ទី​ពីរ​ហើយ​ក្នុង​ស្រុក​ទឹក​ផុស ដែលកាល​ពី​ចុង​ឆ្នាំ​២០១៦ ក៏​មាន​ករណី​ពុល​ស្រា​ស ដែល​កាល​នោះ​មាន​មនុស្ស​យ៉ាង​តិច​៩​នាក់​ស្លាប់។

ចាប់​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ មាន​ករណី​ពុល​ស្រា​ស ប្រមាណ​៣៩០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​មណ្ឌលគិរី ត្បូង​ឃ្មុំ ​ក្រចេះ និង​កំពង់​ឆ្នាំង។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល៕

XS
SM
MD
LG