ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្នុងចំណោមអ្នកពុលជាង១៣០នាក់ ដោយសារការពិសាស្រា«ស»នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ការពុលស្រាសនេះ កើតឡើងកាលពីសប្តាហ៍មុន នៅពេលប្រជាពលរដ្ឋមួយចំនួន បានចូលរួមពិធីបុណ្យសពចំនួនពីរក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមអាជ្ញាធរឃុំ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១ ខែធ្នូ មនុស្សពុលស្រាមានចំនួន១៣១នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។ លោកបន្តថាអ្នកជាសះស្បើយ មានចំនួន១១៧នាក់ និងអ្នកស្លាប់មានចំនួន ៨ នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ។ លោកបន្ថែមថា តាមការពិនិត្យ និងស្រាវជ្រាវ ពួកគេពិតជាបានពិសាស្រាស ដែលលោកថាមានកំហាប់ជាតិមេតាណុលខ្ពស់បំផុត គឺទៅដល់ជាង ១៤,៧%វ៉ុល ដែលកម្រិតមិនពុល គឺនៅក្រោម០,១%វ៉ុលតែប៉ុណ្ណោះ។
លោកថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖ «ស្រាវជ្រាវបឋមអី? [យើង]ស្រាវជ្រាវទាំងអស់ហើយ។ អ្នកទាំងអស់សុទ្ធតែពិតបានហូបស្រាសហ្នឹងហើយ។ មានជាតិមេតាណុលខ្ពស់បំផុត១៤,៧%វ៉ុល ដែលកម្រិតធម្មតាមានតែតូច ឬស្មើនឹង0,១%វ៉ុល»។
បើតាមប្រធានមន្ទីរសុខាភិបាល ប្រជាពលរដ្ឋទាំងនោះចូលរួមពិធីបុណ្យសព ហើយមានការពិសាស្រាស។ ប៉ុន្តែលោកថាអ្នកពុលផ្សេងទៀត ក៏បានទិញស្រាមកពិសានៅផ្ទះផងដែរ។
លោកបន្ថែមថា៖ «តែកាលណាហូបច្រើន យើងសង្រ្គោះអត់ទាន់ទេ។ អត់មានវិធីសង្រ្គោះទេ។ វាលឿនណាស់ វាលឿនតែម្តង។ ទីមួយបញ្ជូនមិនទាន់។ ទីពីរ អាការពុលមេតាណុល វាលឿនណាស់។ វាលឿនមិនអាចឲ្យទុកពេលឲ្យយើងសង្រ្គោះ។ វិធីតែមួយគត់ គឺលាងឈាម បានទាន់»។
បើតាមប្រធានមន្ទីរសុខាភិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំងបានរឹបអូសយកស្រានៅទូទាំងស្រុក និងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះ បានដកហូតស្រាសជាង៥.២០០លីត្រ។
ប្រធានមន្ទីរសុខាភិបាលឲ្យដឹងទៀតថា កន្លងទៅ មន្ទីរបានណែនាំកុំឲ្យបិតស្រាស ប៉ុន្តែនៅតែមានការបិតស្រាជាលក្ខណៈគ្រួសារដដែល។ លោកបន្តថាកាលពីចុងឆ្នាំ២០១៦ ក៏មានករណីពុលស្រាសស្លាប់ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលកាលនោះមានមនុស្សយ៉ាងតិច៩នាក់ស្លាប់។
មេឃុំខ្លុងពពក អ្នកស្រី ភឿក ហឹង មានប្រសាសន៍ថា អ្នកភូមិក្នុងឃុំរបស់អ្នកស្រី ចំនួន ៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានពុល ក្រោយរកឃើញថាគាត់បានហូបស្រាសនៅក្នុងពិធីបុណ្យសពចំនួនពីរ គឺមួយនៅភូមិក្រោយវត្ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា និងមួយទៀត នៅក្នុងភូមិតាកាប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។
អ្នកស្រីថ្លែងប្រាប់ VOA ថា៖ «ហូបពីថ្ងៃ២៥[ខែវិច្ឆិកា]។ ដល់ថ្ងៃ២៨ បានយើងកំណត់ថាម្នាក់ហ្នឹងគាត់ស្លាប់ដោយសារស្រាហ្នឹងទៅ បានខាងមន្ទីរសុខាភិបាលគាត់ថាអ្នកណាដែលបានហូបស្រានៅកន្លែងយាមសពហ្នឹង ឲ្យទៅធ្វើតេស្តឈាម មើលជាតិពុលនៅក្នុងឈាមហ្នឹងទាំងអស់។ អញ្ចឹងក៏ពួកយើងបានទៅសម្រាកព្យាបាលនៅកន្លែងពេទ្យ។ អ្នកខ្លះក៏ឈឺ អ្នកខ្លះក៏អត់ធ្វើទុក្ខ ធ្វើអីដែរ។ តែគាត់បានហូបស្រាហ្នឹងមួយកែវពីរកែវអីចឹងទៅ បានគាត់ទៅ[ពិនិត្យ]»។
អ្នកស្រីបន្តថាស្រានោះត្រូវបានផលិតនៅក្នុងឃុំផង និងនាំមកពីក្រៅឃុំមកផង។
អ្នកស្រីបន្ថែមថា៖ «ធម្មតាតែមានបុណ្យអញ្ចឹង គាត់ទិញមួយកានអីចឹងមក សម្រាប់ចែកគ្នាហូប។ ហូបសម្រាប់យាមសពហ្នឹងទៅ។ វាមិនមែនហូបនៅតាមផ្ទះហ្នឹងទេ។ ប៉ុន្តែគាត់ហ្នឹងអ្នកធ្លាប់ហូបស្រាចិនសែយើងដែរ។ អ្នកដែលគាត់បានពុលស្រាស្លាប់ហ្នឹង»។
លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ដែលនៅជាប់ឃុំខ្លុងពពក មានប្រសាសន៍ថាប្រជាជនម្នាក់ក្នុងឃុំរបស់លោកបានស្លាប់ ដោយសារពុលស្រាសនេះ។ លោកបន្តថាសមត្ថកិច្ចនៅថ្ងៃអង្គារនេះ បានចុះប្រមូលស្រាបិតនៅក្នុងឃុំរបស់លោក ដើម្បីរក្សាទុក។
កន្លងទៅ ក្រសួងសុខាភិបាលបានអះអាងថា អ្នកផលិតស្រាសបានដាក់សារធាតុមេតាណុលខ្ពស់ខ្លាំងលើសការកំណត់ និងការផលិតមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបបណ្ដាលឲ្យមនុស្សពុលស្លាប់។
ចាប់ពីឆ្នាំ២០១៥ដល់២០១៧ មានករណីពុលស្រាស ប្រមាណ៣៩០ករណី ដែលបណ្ដាលឲ្យមនុស្ស៥០នាក់ស្លាប់ នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងកំពង់ឆ្នាំង។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕