មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR (Cambodian Center for Human Rights) បានហៅដំណើរការជំនុំជម្រះក្តីក្នុងសំណុំរឿងអតីតអ្នកកាសែតអាស៊ីសេរីពីររូបក្នុងរយៈពេល៣ឆ្នាំមកនេះ ថាជាបរាជ័យរបស់អាជ្ញាធរ ដោយចាត់ទុកបរាជ័យនេះ ថាជាឧទាហរណ៍ដ៏សំខាន់មួយក្នុងការធ្វើទុក្ខបុកម្នេញអ្នកកាសែតក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានតាមទម្រង់ក្រាហ្វិករបស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។
ការលើកឡើងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនគម្រង់ខួប៣ឆ្នាំនៃការចោទប្រកាន់ជាផ្លូវការរបស់អាជ្ញាធរប្រឆាំងអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរីទាំងពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា។
លោក យាង សុធារិន្ទ អតីតការីនិពន្ធ និងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូរបស់វិទ្យុអាស៊ីសេរី ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៧ គឺតែ៤ថ្ងៃប៉ុណ្ណោះក្រោយពីអ្នកទាំងពីរត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា ពួកគេទាំងពីរនាក់នៅបន្តរាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ដែលបានបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ក្រោយពីមានសម្ពាធពីរដ្ឋាភិបាល។
ក្រោយមក អតីតអ្នកកាសែតអាស៊ីសេរីទាំងពីររូបក៏បានត្រូវចោទប្រកាន់ពីបទ«ផលិតរូបភាពអាសអាភាស»បន្ថែមលើបទចោទខាងលើ។
មជ្ឈមណ្ឌល CCHR ចាត់ទុកការចោទប្រកាន់លើអ្នកកាសែតទាំងពីរនាក់នេះថាជា«ការមើលងាយដោយឥតលាក់លៀម»ចំពោះសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា៕