តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចថានឹងប្រកាសសាលដីកាលើសំណុំរឿងអតីតអ្នក កាសែតអាស៊ីសេរីពីរនាក់ នៅថ្ងៃទី១៥ ខែកក្កដា ក្រោយពីបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់ពួកគេ។ នេះបើយោងតាមមេធាវីការពារក្តីនិងក្រុមឃ្លាំមើលដំណើរការសវនាការ។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីលោក យាង សុធារិន្ទ អតីតការីនិពន្ធ និងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូរបស់វិទ្យុអាស៊ីសេរី បានប្តឹងសាទុក្ខប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ក្នុងការបើកការស៊ើបអង្កេតបន្ថែមទៅលើបទចោទប្រកាន់ប្រឆាំងអ្នកទាំងពីរពីបទ «ផលិតរូបភាពអាសអាភាស»។
បទចោទនេះគឺជាបទចោទបន្ថែម ក្រោយពីអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ ត្រូវបានចាប់ខ្លួននឹងចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោក សំ ចំរើន មេធាវីដែលការពារក្តីឲ្យអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប បានប្រាប់វីអូអេនៅក្រៅសាលសវនាការតុលាការកំពូល នៅថ្ងៃទី១ ខែកក្កដានេះថា៖ «យើងមិនហ៊ានទាយទុកមុនទេ មានតែរង់ចាំមើលទាំងអស់គ្នាហើយ»។
លោក យាង សុធារិន្ទ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅតុលាការកំពូលថា ការបន្តអូសបន្លាយពេលលើសំណុំរឿងនេះ ជាការរំលោភសិទ្ធិរបស់លោក ដោយសារការស៊ើបអង្កេតរបស់តុលាការបានប្រើពេលអស់ប្រមាណ ២ឆ្នាំមកហើយ។
«បើតាមផ្លូវច្បាប់ ពួកខ្ញុំគិតថា ពួកខ្ញុំត្រូវតែទទួលបានប្រយោជន៍ នៅពេលដែលតុលាការមិនអាចរកភស្តុតាងបញ្ជាក់ថា ពួកខ្ញុំបានប្រព្រឹត្តកំហុស។ មិនមែនថា រកភស្តុតាងមិនឃើញថា.....គេមិនមានកំហុសហើយ បែរជាទៅស៊ើបអង្កេតបន្ថែមៗ។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពរបស់យើងខ្ញុំជាពលរដ្ឋ»។
បច្ចុប្បន្ន អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះក្តី បន្ទាប់ពីពួកគេបានជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេលជិត ១០ខែ៕