ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្ត​សាមគ្គី​រង្សី​មាន​ទំនាក់​ទំនង​ផុយ​ស្រួយ​ជាមួយ​រដ្ឋាភិបាល


ផ្លាក​សញ្ញា​សម្គាល់​សមាគម​ព្រះ​សង្ឃ​ខ្មែរ​​កម្ពុជា​ក្រោម​ក្នុង​វត្ត​សាមគ្គី​រង្សី​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ (នូវ ពៅលក្ខិណា/VOA)
ផ្លាក​សញ្ញា​សម្គាល់​សមាគម​ព្រះ​សង្ឃ​ខ្មែរ​​កម្ពុជា​ក្រោម​ក្នុង​វត្ត​សាមគ្គី​រង្សី​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ (នូវ ពៅលក្ខិណា/VOA)

មុន​ពេល​យុទ្ធនាការ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​នាពេល​ថ្មីៗ​នេះ​ចំពោះ​វត្ត​សាមគ្គីរង្សី​ក្នុង​រាជធានី​ភ្នំពេញ ព្រះសង្ឃ​នៅ​ទីនោះ​ និង​អាជ្ញាធរ​ធ្លាប់​មាន​ប្រវត្តិទំនាក់​ទំនង​ផុយ​ស្រួយ​យូរ​មកហើយ។​

វត្ត​នេះ​បាន​ផ្តល់​ជម្រក​ដល់​ព្រះ​សង្ឃ​ពី​សហគមន៍​ជន​ជាតិ​ខ្មែរ​ភាគ​តិច​ដែល​មកពី​កម្ពុជា​ក្រោម​ដែល​ជា​ក្រុម​ជនជាតិ​ភាគ​តិច​រស់​នៅ​តាម​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ដែល​សព្វ​ថ្ងៃ​ជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ ហើយ​ដែល​ជា​ក្រុម​ដែល​បាន​អះអាង​ថា​ បាន​ទទួល​ការ​រំលោភ​បំពាន​ពី​អាជ្ញា​ធរ​វៀតណាម។

វត្ត​នេះ​ក៏​បាន​ផ្តល់​ជម្រក​ដល់​ក្រុម​អ្នក​តវ៉ា ​និង​ជាជន​រងគ្រោះ​ មានតាំង​ពី​ជន​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​រហូត​ដល់​អ្នក​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​រោងចក្រ​ច្រើន​នាក់​ដែល​មក​ពីកន្លែង​ផ្សេងៗ​គ្នា។​

កាល​ពី​ឆ្នាំ​២០០៧​ ព្រះសង្ឈ​ជា​ច្រើន​អង្គ​មក​ពីវត្ត​នេះ​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម​ចំពោះ​ការ​ចាប់​ខ្លួន​របស់​ព្រះសង្ឃ​ទឹម​ សាខន​ ដែល​បាន​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​កម្ពុជា​ក្រោម​ ហើយត្រូវបាន​អាជ្ញាធរ​ចាប់​ផ្សឹក។​ ប៉ូលិស​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុ​កម្មទាំង​នោះ។​

កាល​ពី​ខែ​មុន ​ក្រុម​មន្ត្រី​មក​ពី​សាលា​ក្រុង​ភ្នំពេញ​ និង​ក្រសួង​ធម្មការ​ និង​កិច្ចការ​សាសនា​អម​ជាមួយ​នគរបាល​ និង​ម​ន្រ្តី​យោធា​ប្រមាណ​១៥០​នាក់​បាន​ធ្វើការ​«ត្រួតពិនិត្យ»វត្ត​នេះ។​ ទង្វើ​នេះ​បណ្តាល​ឲ្យមាន​ការ​រិះគន់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន។​

លោក​អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​Licadho ​បាន​និយាយ​ថា​ ការ​ត្រួត​ពិនិត្យ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​កម្លាំង​ជា​ច្រើន​នាក់​នេះ​ ទំនង​ជា​ការ​«គំរាម​កំហែង​និង​ការ​បំភិត​បំភ័យ​ដល់​ព្រះ​សង្ឃ​កម្ពុជា​ក្រោម»។​

លោក​បាន​និយាយ​ថា៖​«វត្ត​នេះ​គួរតែជា​កន្លែង​ដែល​មនុស្ស​អាច​ស្នាក់​នៅ»។​

គាត់​បាន​បន្ថែម​ថា៖​«ពួក​គេ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ផ្នែក​រដ្ឋបាល​ដើម្បី​បន្លាច​ប្រជាជន​និង​ព្រះសង្ឃ»។​

លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​ថា​ ការ​ត្រួត​ពិនិត្យ​នេះ​មិន​មែន​ជា​ការ​បំភិត​បំភ័យ​ទេ ​តែ​ជា​ការ​ធ្វើ​ឲ្យមាន​ការ​ធានា​នូវ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់។​

លោក​បាន​មាន​និយាយ​ថា៖«វា​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ»។​

លោក​បាន​បន្ថែម​ថា៖​«វា​ទាក់ទង​នឹង​សន្ដិភាព ​និង​សណ្តាប់​ធ្នាប់»។​

លោក​ឡុង ឌីម៉ង់​ ​បាន​និយាយ​ថា ​វត្ត​នេះ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​នោះ​ឡើយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​ព័ត៌មាន​របស់​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​វត្ត។

លោក​បាន​បន្ថែម​ថា៖​ «នៅ​ពេល​ដែល​មនុស្ស​ចូល​ទៅ​ស្នាក់​នៅ​ទីនោះ​ ពួក​គេ​មិន​ដែល​ប្រាប់​យើង។​ មាន​បទ​ល្មើស​មួយ​ចំនួន​កើត​មាន​ឡើង។​ មាន​ការ​សម្លាប់​គ្នា​រវាង​ព្រះ​សង្ឃ​និង​ជា​ព្រះ​សង្ឃ»។​

ប៉ុន្តែ​មនុស្ស​ជា​ច្រើនមើល​ឃើញ​ថា​ ការ​ត្រួត​ពិនិត្យ​កាល​ពី​ខែ​មុន​គឺ​ជា​រឿង​នយោបាយ។​

លោក​អ៊ូ វីរៈ ​ប្រធាន​របស់​វេទិកា​អនាគត​ បាន​និយាយ​ថា​ ពេល​ខ្លះ​ព្រះ​សង្ឃ ​ដែល​ចូលរួម​ធ្វើបាតុកម្ម​ធ្វើ​សកម្មភាព​ហិង្សា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ ជា​សកម្មភាព​ដែល​ជំរុញ​ដោយ​ការ​ជះ​ឥទ្ធិពល​ពី​នយោបាយ។​

លោក​បាន​និយាយ​ថា​ ភាគ​ច្រើន​នៃ​សាសនា​របស់​ប្រទេស​ឥឡូវ​នេះត្រូវ​បាន​ធ្វើ​ឲ្យមាន​ការ​ពាក់ព័ន្ធ​ជាមួយ​នយោបាយ។​

គាត់​បាន​និយាយ​ថា៖​ «វត្ត​ជា​ឧបករណ៍​សម្រាប់​អ្នក​កាន់​អំណាច​នៅ​ក្នុង​ពេល​កន្លង​មក»។​

លោក​បាន​បន្ថែម​ថា៖​ «វា​ជា​រឿង​អាក្រក់​ ដែល​ថា​ សាសនា​គឺ​ជា​កន្លែង​សម្រាប់​នយោបាយ។​ ខ្ញុំ​មិន​គាំទ្រ​សកម្មភាព​លម្អៀង​ទេ»។

តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​បាន​និយាយ​ថា​ ការ​ត្រួត​ពិនិត្យ​វត្ត​នេះ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ដោយ​ប៉ូលិស​ជាជាង​មន្ត្រី​សាលា​ក្រុង។​

ថាច់​ ហា​សំអាង​ ប្រធាន​ស្តីទី​វត្ត​នេះ​ បាន​និយាយ​ថា​ ព្រះសង្ឃ​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​ក៏​មិន​នៅ​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ដែរ។ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ ពួក​គេ​នឹង​បន្ត​ការ​តវ៉ា​«សម្រាប់​យុត្តិធម៌»៕

XS
SM
MD
LG