ពលរដ្ឋដែលរងបណ្តឹងរបស់តុលាការខេត្តកណ្តាលពីបទ «ហិង្សាដោយចេតនា បទញុះញង់ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ដោយសារបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ បានស្នើតុលាការឱ្យទម្លាក់បទចោទលើពួកគេ និងទាមទារឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះឱ្យបានឆាប់។
ក្រុមហ៊ុន OCIC កំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគេស្គាល់ឈ្មោះ មួយផ្សេងទៀតថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» មានតម្លៃជាទឹកប្រាក់ប្រមាណ ១.៥០០ លានដុល្លារអាមេរិក ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅពលរដ្ឋ ៩ នាក់ រស់នៅក្នុងឃុំបឹងខ្យាង និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ឱ្យចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ ពាក់ព័ន្ធបទចោទប្រកាន់ខាងលើ។
ប៉ុន្តែសវនាការនេះត្រូវបានលើកពេល ព្រោះពលរដ្ឋបានសុំពន្យារពេល ដោយពួកគេថាទើបតែរកបានមេធាវីមកការពារក្តី។ ចំណែកតុលាការក៏មិនទាន់បានកំណត់ពេលវេលាសាជាថ្មីនៅឡើយ សម្រាប់សវនាការនៅពេលក្រោយ។
អ្នកស្រី ឃឹម ចិត្រា ដែលរងពាក្យបណ្តឹងរបស់សាលាដំបូងខេត្តកណ្តាល ទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើអ្នកស្រី ព្រោះអ្នកស្រីយល់ថា ជម្លោះដីធ្លី គឺមិនគួរយកប្រព័ន្ធតុលាការមកដាក់គំនាប ឬបង្ខំឱ្យប្រជាពលរដ្ឋឱ្យទទួលយកសំណងដែលមិនសមរម្យ។ នេះមានន័យថា ក្រុមហ៊ុននៅបន្តផ្តល់តម្លៃដីត្រឹមតែ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «សំណូមពរឱ្យតុលាការហ្នឹងទម្លាក់បទចោទហ្នឹង។ ហើយឱ្យអាជ្ញាធរដោះស្រាយឱ្យពួកខ្ញុំឱ្យ [តម្លៃដី] សមរម្យមក កុំឱ្យខ្ញុំ [នូវតម្លៃដី] ថោកអ៊ីចឹងពេក ខ្ញុំទទួលយកអត់បានទេ»។
អ្នកស្រីរៀបរាប់ទៀតថា ដីនិងផ្ទះរបស់អ្នកស្រីទំហំ ៨ អា ឬស្មើ ៨០០ ម៉ែត្រការ៉េ បានរងផលប៉ះពាល់ ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនេះ ហើយដីស្រែប្រមាណ ១ ហិកតា ក៏រងផលប៉ះពាល់ផងដែរ។
បើតាមអ្នកស្រី ឃឹម ចិត្រា តម្លៃទីផ្សារនៃដីក្នុងតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនោះ គឺអាចលក់បានប្រមាណ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហេតុដូច្នេះ អ្នកស្រីថា យ៉ាងហោចណាស់ប្រជាពលរដ្ឋដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន OCIC នេះ ទទួលបានតម្លៃ ៥០ ទៅ ៦០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដើម្បីអាចឱ្យពលរដ្ឋអាចដោះដូរទីលំនៅបានសមរម្យ។
ដោយឡែក ពាក់ព័ន្ធនឹងរឿងរ៉ាវនៅតុលាការនោះ អ្នកស្រី ឃឹម ចិត្រា និយាយថាតុលាការមិនទាន់បានកំណត់ពេលវេលាសាជាថ្មីឱ្យប្រជាពលរដ្ឋទាំង ៩ នាក់ចូលបំភ្លឺ ម្តងទៀតនៅឡើយទេ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី បូ លាប អាយុ ៤៦ ឆ្នាំ ដែលមានស្វាមីរងបណ្តឹងរបស់តុលាការផងដែរនោះ ក៏បានស្នើទៅតុលាការខេត្តកណ្តាល ទម្លាក់បទចោទប្រកាន់លើស្វាមីរបស់អ្នកស្រី។ ពលរដ្ឋរូបនេះទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឱ្យបានឆាប់ ព្រោះវិវាទដែលមានអាយុកាលយូរឆ្នាំនេះ គឺជាបន្ទុកធំមួយ ដែលបណ្តាលឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះយ៉ាងខ្លាំង និងជាហេតុធ្វើឱ្យកូនអ្នកស្រី ៣ នាក់ ក្នុងចំណោម ៦ នាក់ បង្ខំចិត្តបោះបង់ការសិក្សា។
អ្នកស្រីប្រាប់វីអូអេថា៖ «សូមសំណូមពរឱ្យតុលាការដកពាក្យបណ្តឹងពីប្តីខ្ញុំ។ ហើយសូមឱ្យជួយដោះស្រាយដីខ្ញុំឱ្យឆាប់ទៅ»។
បើតាមអ្នកស្រី បូ លាប ដែលរស់នៅឃុំបឹងខ្យាង ដីរបស់អ្នកស្រីគឺ មានប្រមាណ ៣ ហិកតា ដែលកំពុងមានជម្លោះជាមួយក្រុម OCIC នេះ។ អ្នកស្រីចង់ឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យ ដើម្បីអាចឱ្យអ្នកស្រីទៅទិញដីនៅកន្លែងណាដែលអាចសង់ផ្ទះ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ ប្រជាពលរដ្ឋដែលជាម្ចាស់ដី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល បានប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយ ដោយអាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៣០ នាក់ ទៅសាកសួរនៅស្នងការដ្ឋាននគបាលខេត្តកណ្តាល។ ប៉ុន្តែក្រោយមក អាជ្ញាធរបានដោះលែងមនុស្ស ២១ នាក់ ហើយបញ្ជូនអ្នកភូមិ ៩ នាក់ទៅតុលាការ។
មួយសប្តាហ៍ក្រោយការចាប់ខ្លួននេះ អ្នកភូមិ ៩ នាក់នោះ ត្រូវបានតុលាការសម្រេចដាក់ឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងត្រូវគោរពតាមលក្ខខណ្ឌរបស់អាជ្ញាធរ និងរងបទចោទ «ហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស»។ ចំណែកការដោះលែងនេះ គឺធ្វើឡើង បន្ទាប់ពីពួកគេបានសន្យាថា នឹងឈប់តវ៉ាក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកណ្តាល លោក សូ សារិន បាននៅឡើយទេ នៅថ្ងៃពុធនេះ។ វីអូអេក៏មិនទាន់អាចទាក់ទងលោក ពុង ឃាវសែ ដែលជាម្ចាស់ក្រុមហ៊ុនOCIC តាមទូរសព្ទបានដែរ នៅថ្ងៃពុធដដែលនេះ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ករណីវិវាទដីធ្លីនៅស្រុកកណ្តាលស្ទឹងជាមួយក្រុមហ៊ុន OCIC ដែលសាងសងព្រលានយន្តហោះថ្មីនេះ គឺអាជ្ញាធរកំពុងបន្តធ្វើការសម្របសម្រួលដើម្បីរកដំណោះស្រាយសមស្របមួយ។
លោកថ្លែងថា៖ «[ពលរដ្ឋ]មួយចំនួនក៏បានទទួលយកហើយ។ នៅមួយចំនួនទៀតគាត់នៅ មានសំណូមពរបន្ថែម អ៊ីចឹងយើងកំពុងតែធ្វើការបន្តទៀត»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ការដោះស្រាយវិវាទដីធ្លីមិនគួរត្រូវបានភា្ជប់ទៅនឹងប្រព័ន្ធតុលាការ ដើម្បីមកគាបសង្កត់ ឬបង្ខំប្រជាពលរដ្ឋឱ្យទទួលយកសំណងដីធ្លី ឬអ្វីដែលពួកគេមិនពេញចិត្តនោះទេ។
លោកថា ករណីនេះតុលាការគួរតែទម្លាក់ចោលបទចោទប្រកាន់លើតំណាងប្រជាពលរដ្ឋទាំង ៩ នាក់ ហើយអ្នកពាក់ព័ន្ធត្រូវដោះស្រាយសំណងដីធ្លីឱ្យបានសមរម្យសម្រាប់ពលរដ្ឋទាំងនោះ ដើម្បីបញ្ចប់វិវាទដីធ្លីដែលមានអាយុកាលជាងបួនឆ្នាំមកនេះ។
លោកថ្លែងថា៖ «ករណីនេះ ខ្ញុំយល់ថា រឿងចាំបាច់ គឺដោះស្រាយដើម្បីបញ្ចប់វិវាទ ដីធ្លី ហើយរឿងនៅតុលាការ ខ្ញុំយល់ថា ដើម្បីកុំឱ្យប្រជាពលរដ្ឋ រងគ្រោះដោយសារបញ្ហាដីធ្លីហើយ រងគ្រោះដោយសារផ្លូវច្បាប់ទៀត គួរតែទម្លាក់បទចោទសម្រាប់ពួកគាត់ហ្នឹង ដើម្បីវិលទៅរកការចរចា ដោយតម្លាភាព និងយុត្តិធម៌ដើម្បីបញ្ចប់នូវបញ្ហាដីធ្លីជារឿងល្អបំផុត»។
លោកបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទដីធ្លី គឺមិនមែនជាជម្រើសល្អនោះទេ ព្រោះនេះជាការដាក់សម្ពាធ គំរាមកំហែង និងធ្វើឱ្យមានបញ្ហាកាន់តែច្រើនបន្ថែមទៀត។ លោក អំ សំអាត ថា ការដោះស្រាយតាមការចរចា និងដោយសន្តិវិធី ទើបជាជម្រើសល្អប្រសើរសម្រាប់គ្រប់ភាគីពាក់ព័ន្ធ៕