ចំនួនត្រីឆ្លាមនៅតាមបណ្តោយឆ្នេរនៅរដ្ឋ Queensland បានធ្លាក់ចុះជាង៩០ភាគរយសម្រាប់ពូជត្រីឆ្លាមមួយចំនួនក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយនេះ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយដែលអំពាវនាវឲ្យមានការការពារកាន់តែខ្លាំងបន្ថែមទៀតលើពូជត្រីឆ្លាមដែលកំពុងប្រឈមនឹងការគំរាមកំហែងនៅក្នុងដែនទឹកប្រទេសអូស្ត្រាលី។
ប្រទេសអូស្ត្រាលីមានត្រីឆ្លាម១៧០ប្រភេទក្នុងចំណោមត្រីឆ្លាម៤៤០ប្រភេទក្នុងពិភពលោក។ ត្រីឆ្លាមប្រភេទ Great White និង Grey Nurse ត្រូវបានដាក់បញ្ជូលក្នុងប្រភេទត្រីឆ្លាមដែលកំពុងប្រឈមនឹងការគំរាមកំហែងក្នុងដែនទឹកអូស្ត្រាលី។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Queensland និងសាកលវិទ្យាល័យ Griffith បានវិភាគទិន្នន័យដែលបានមកពីគម្រោងតាមដានត្រីឆ្លាមដើម្បីប៉ាន់ប្រមាណពីការប្រែប្រួលចំនួនត្រីឆ្លាមក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយនេះ។ មង និងផ្លៃសន្ទូចជាច្រើនត្រូវបានប្រើប្រាស់នៅរដ្ឋ Queenslandដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការវាយប្រហាររបស់ត្រីឆ្លាមទៅលើអ្នកហែលទឹកនិងអ្នកជិះក្តារតាមរលកទឹកសមុទ្រ។
ក្រុមអ្នកស្រាវជ្រាវដដែលនេះបានសិក្សាលើចំនួនប្រភេទត្រីឆ្លាមស ត្រីឆ្លាមមានក្រឡាខ្លា ត្រីឆ្លាមក្បាលញញួរ និងត្រីឆ្លាម Whaler ដែលគេចាប់បានក្នុងចន្លោះដើមទសវត្សរ៍១៩៦០ ដល់ឆ្នាំ២០១៦។
លទ្ធផលដែលក្រុមអ្នកស្រាវជ្រាវនេះរកឃើញគឺគួរឲ្យភ្ញាក់ផ្អើល នេះបើយោងតាមលោក George Roff មកពីសាកលវិទ្យាល័យ Queensland និងជាសមាជិកម្នាក់ដែលចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ។
«លទ្ធផលនៃការសិក្សាស្រាវជ្រាវដូចជាគួរឲ្យចាប់អារម្មណ៍។ អ្វីដែលយើងបានរកឃើញអំឡុងពេល៥០ឆ្នាំចុងក្រោយនេះ គឺចំនួនប្រភេទត្រីឆ្លាមក្នុងដែនទឹកនៅបណ្តោយឆ្នេរ ក្នុងរដ្ឋQueenslandបានធ្លាក់ចុះយ៉ាងខ្លាំង។ ចំនួនត្រីឆ្លាមនៅតាមឆ្នេរសមុទ្រយើងធ្លាក់ចុះពីចន្លោះ៧៤ ទៅ៩២ភាគរយ ហើយទំហំត្រីឆ្លាមក៏កាន់តែតូចជាងមុនដែរ។ ដូច្នេះហើយចំនួនត្រីឆ្លាមនៅតាមបណ្តោយឆ្នេរនានាក្នុងរដ្ឋ Queensland មានតិចជាងមុននិងតូចជាងមុន បើប្រៀបធៀបជាមួយកាលពី៥០ឆ្នាំមុន។ ការថយចុះនេះក៏រាប់បញ្ចូលទាំងចំនួនប្រភេទត្រីឆ្លាមHammerhead ដែលកំពុងជិតផុតពូជនៅទូទាំងពិភពលោក គឺបានធ្លាក់ចុះ៩២ភាគរយ។ អ្វីដែលសំខាន់ជាងនេះទៀត គឺប្រភេទត្រីឆ្លាមGreat Whiteត្រូវបានដាក់ចូលក្នុងបញ្ជីសត្វងាយរងគ្រោះក្នុងប្រទេសអូស្ត្រាលី និងគ្មានសញ្ញាបង្ហាញថា មានការកើនឡើងឡើយ បើទោះបីជាវិធានការការពារដើម្បីបញ្ឈប់ការនេសាទត្រីត្រូវបានដាក់ឲ្យអនុវត្តតាំងពី២ទសវត្សរ៍មុនក៏ដោយ»។
ក្រុមអ្នកស្រាវជ្រាវបានដាក់ការស្តីបន្ទោសលើការនេសាទហួសប្រមាណ ដែលបានបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនប្រភេទត្រីឆ្លាម Hammerhead និង Great White។ ក្រុមអ្នកស្រាវជ្រាវដដែលក៏និយាយថា ការធ្លាក់ចុះចំនួននៃប្រភេទត្រីឆ្លាមមួយចំនួនសបញ្ជាក់ឲ្យឃើញថា គុណភាពទឹកមហាសមុទ្រក៏ធ្លាក់ចុះដែរ។ ពួកគេបានថ្លែងថា គួរតែមានការការពារខ្លាំងជាងនេះសម្រាប់ប្រភេទសត្វដែលអាចចាត់ទុកជាប្រភេទសត្វដែលស៊ីសត្វដែលងាប់ និងប្រភេទសត្វស៊ីសាច់សត្វជាអាហារ។
ក្រុមអ្នកវិទ្យាសាស្ត្របានទទូចថា កត្តានានាដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលអាចជះឥទ្ធិពលដល់ការធ្លាក់ចុះនៃចំនួនត្រីឆ្លាមនោះ មិនអាចពន្យល់ពីមូលហេតុនៃការធ្លាក់ចុះនៃចំនួនត្រីឆ្លាមយ៉ាងខ្លាំងនោះទេ។
នៅតាមបណ្តារដ្ឋទាំងអស់ក្នុងប្រទេសអូស្ត្រាលីធ្លាប់បានអនុវត្តវិធីសាស្ត្រផ្សេងៗគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវាយប្រហារពីត្រីឆ្លាម។ អាជ្ញាធរក្នុងរដ្ឋ New South Wales ជ្រើសរើសប្រើប្រាស់វិធីដែលប្រើបច្ចេកវិទ្យាខ្ពស់ ដូចជាការប្រើប្រាស់ឧបករណ៍ Drone និងបំពាក់ឧបករណ៍ស៊ើបការណ៍តាមដានត្រីឆ្លាមដែលហែលមកក្បែរអ្នកជិះក្តារលើរលកទឹកសមុទ្រ ដើម្បីបន្លាចនិងដឹងពីការហែលចូលមកជិតរបស់ត្រីឆ្លាម។ ក្នុងខែមករា ឆ្នាំ២០១៤ រដ្ឋាភិបាលថ្នាក់តំបន់ប៉ែកខាងលិចអូស្ត្រាលី មានចំណាត់ការតទល់ជាហូរហែនឹងត្រីឆ្លាមដោយចាប់និងសម្លាប់ចោលតែម្តង។ តាមរយៈចំណាត់ការនេះ ត្រីឆ្លាមប្រមាណ៧០ក្បាលត្រូវបានចាប់ និងបាញ់សម្លាប់ ក្រោយមកមន្ត្រីបរិស្ថានបានហាមប្រាមវិធីសាស្ត្រនេះ៕
ប្រែសម្រួលដោយ កោះ សុគន្ធី