ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជួយ​សង្គ្រោះ​នៅ​វៀតណាម ស្វែងរក​អ្នកបាត់ខ្លួន​រាប់​សិបនាក់ បន្ទាប់ពី​ការបាក់ដី​កប់​ផ្ទះ


ទាហាន និង​អ្នកភូមិ​ជីក​ដីភក់ បន្ទាប់ពី​ការបាក់ដី​នៅក្នុង​ភូមិ​មួយ​នៅ​ស្រុក Phuoc Loc ខេត្ត Quang Nam នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
ទាហាន និង​អ្នកភូមិ​ជីក​ដីភក់ បន្ទាប់ពី​ការបាក់ដី​នៅក្នុង​ភូមិ​មួយ​នៅ​ស្រុក Phuoc Loc ខេត្ត Quang Nam នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

ពួក​អ្នក​ជួយ​សង្គ្រោះ​ក្នុង​ប្រទេស​វៀតណាម កំពុង​ស្វែងរក​មនុស្ស​រាប់​សិប​នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​តាម​ភូមិ​នានា​ បន្ទាប់​ពី​ព្យុះ​ទីហ្វុង​ដែល​ពួក​មន្ត្រី​ពិពណ៌នា​ថា ​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​ដែល​បាន​បក់បោក​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​២០ឆ្នាំ​នេះ បណ្តាល​ឲ្យ​បាក់​ដី ​និង​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​ក៏​៣៥​នាក់​ដែរ។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម បាន​រាយការណ៍កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ថា មនុស្ស​ជាង​២០នាក់​ បាន​គេចផុត​ពី​គ្រោះថ្នាក់​នៅ​ក្នុង​ភូមិ Tra Van និង Tra Leng។

មនុស្ស​រាប់​សិប​នាក់​ទៀត មិនដឹង​ថាកំពុង​ស្ថិតនៅ​ទីណា​នៅឡើយទេ​នៅ​ក្នុង​សហគមន៍​ទាំង​នោះ​ នៅ​ក្នុង​ខេត្ត Quang Nam ដែល​ផ្ទះ​បាន​ត្រូវ​កប់​ដោយសារ​ការបាក់​ដី។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម បាន​រាយការណ៍​ទៀតថា ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​រកឃើញ​សាកសពមនុស្ស​៨នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​ភូមិ​ Tra Van។

ពួក​មន្ត្រី​ភ័យ​ខ្លាច​ថា ចំនួន​មនុស្ស​ស្លាប់​ នឹង​កើន​ឡើងនៅពេល​ដែល​តំបន់​ដែលត្រូវ​បាន​កាត់​ផ្តាច់​ដោយ​ព្យុះ​ អាច​ចេញ​ចូល​បាន។

ព្យុះទីហ្វុង Molave បាន​បក់បោក​ក្នុង​ប្រទេស​វៀតណាម​កាលពី​យប់​ថ្ងៃ​ពុធ ​ដោយ​មាន​ល្បឿន​ខ្យល់​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បាន​សម្លាប់​អ្នក​នេសាទ​ជាង​១០​នាក់ ​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួនទៀត​បាត់ខ្លួន។

មនុស្ស​នៅ​ក្នុង​តំបន់​ភ្នំ​នៅ​ខេត្ត Quang Nam នៅតែ​កំពុង​ព្យាយាម​ងើបចេញ​ពី​ការបាក់ដី ​និង​ទឹកជំនន់​ដែល​បាន​សម្លាប់​មនុស្ស​១៣៦នាក់ ​កាលពី​ដើម​ខែ​នេះ៕

XS
SM
MD
LG