នៅថ្ងៃព្រហស្បតិ៍នេះ មនុស្ស ២១ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតត្រូវបានគេបារម្ភថា អាចស្លាប់ បន្ទាប់ពីព្យុះទីហ្វុង Molave បានបោកបក់កាត់តាមតំបន់ភាគកណ្តាល ប្រទេសវៀតណាមដែលបានបង្កឲ្យមានជំនន់បាក់ដី និងការបំផ្លិចបំផ្លាញអាក្រក់បំផុតមួយចំនួន ដែលគេមិនធ្លាប់បានឃើញក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខ្យល់ព្យុះ Molave នេះ បានបោកបក់ចំភូមិនានា នៅពេលដែលវាបានធ្វើដំណើរមកដល់ប្រទេសវៀតណាម កាលពីថ្ងៃពុធម្សិលមិញ។ ខ្យល់ព្យុះនេះបានបំប៉ើងដំបូលផ្ទះ និងធ្វើឲ្យមានការធ្លាក់ភ្លៀងខ្លាំងនៅតំបន់ ដែលបានរងការប៉ះពាល់ខ្លាំងរួចទៅហើយ ដោយសារទឹកជំនន់ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
អ្នកជួយសង្គ្រោះរាប់រយនាក់បានខិតខំព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមានជំនន់បាក់ដីជាច្រើនមក។
សាកសព ១៩ នាក់ត្រូវបានគេទាញចេញពីគំនរភក់នៅទូទាំងភូមិចំនួន ៣ ដែលរងការប៉ះពាល់ខ្លាំងនៅក្នុងខេត្ត Quang Nam។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម។ អាជ្ញាធរបាននិយាយថា មនុស្ស ៤៥ នាក់ទៀត ត្រូវគេជឿថា បានកប់បាត់នៅក្នុងជំនន់បាក់ដីនៃតំបន់នោះ៕