រដ្ឋាភិបាលវៀតណាមកំពុងត្រៀមជម្លៀសមនុស្សជិត ១ លាន ៣ សែននាក់ នៅពេលដែលខ្លួនត្រៀមទប់ទល់នឹងព្យុះទីហ្វុង Molave ដែលបានបក់បោកចំប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទ។ នៅហ្វីលីពីន ខ្យល់ព្យុះនេះបានបណ្តាលឲ្យមានទឹកជំនន់ ការបាក់ដី និងធ្វើឲ្យអ្នកនេសាទយ៉ាងតិចជាង ១០ នាក់បាត់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព្យុះទីហ្វុង Molave ដែលមានល្បឿនខ្យល់ ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះខ្យល់រហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានចាកចេញពីកោះ Luzon នៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃច័ន្ទ។ នេះបើយោងតាមទីភ្នាក់ងារចាត់ចែងគ្រោះមហន្តរាយ។
ខ្យល់ព្យុះ Molave ដែលជាព្យុះទីហ្វុងទី ១៧ ដែលបានបក់បោកចំប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ ត្រូវគេព្យាករណ៍ថា នឹងបក់បោកចំតំបន់ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធស្អែក ដោយមានល្បឿនខ្យល់រហូតដល់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ្យល់ព្យុះនេះនឹងក្លាយជាព្យុះទី ៤ ដែលនឹងបោកបក់ចំប្រទេសវៀតណាមនៅក្នុងពេលមួយខែចុងក្រោយនេះ ដែលខ្យល់ព្យុះកន្លងមកបានបង្កឲ្យមានទឹកជំនន់និងការបាក់ដី ដែលបានសម្លាប់មនុស្ស ១៣០ នាក់ និងធ្វើឲ្យមនុស្ស ២០ នាក់ផ្សេងទៀតបាត់ខ្លួននៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រាប់ខេត្តនិងទីក្រុងនានាដែលស្ថិតនៅគន្លងដែលខ្យល់ព្យុះ Molave នឹងបោះទៅដល់ ឲ្យត្រៀមលក្ខណៈទប់ទល់នឹងខ្យល់ព្យុះនេះ។
លោកថ្លែងដូច្នេះថា៖ «នេះគឺជាខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលនឹងបង្កផលប៉ះពាល់ដល់តំបន់ជាច្រើន»។
លោក Nguyen Xuan Phuc បានប្រៀបធៀបខ្យល់ព្យុះ Molave នេះទៅនឹងខ្យល់ព្យុះ Damrey ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ នៅភាគកណ្ដាលប្រទេសវៀតណាមកាលពីឆ្នាំ ២០១៧៕