លោក Bernie Sanders បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យបានមានប្រសាសន៍ក្នុងកម្មវិធី Morning Joe នៃបណ្តាញទូរទស្សន៍អាមេរិកាំង MSNBC កាលពីថ្ងៃសុក្រថា លោកនឹងបោះឆ្នោតជូនលោកស្រី Hillary Clinton នៅក្នុងការបោះឆ្នោតទូទៅក្នុងខែវិច្ឆិកាខាងមុខនេះ។
សមាជិកព្រឹទ្ធសភា ស.រ.អ.រូបនេះបានមានប្រសាសន៍ថា ការបញ្ឈប់លោក Donald Trump មិនឱ្យចូលក្នុងសេតវិមានក្នុងឋានៈជាប្រធានាធិបតីជាគោលដៅមួយក្នុងបណ្តាគោលដៅមួយចំនួនរបស់លោក។
លោកបានមានប្រសាសន៍ថា៖ «បញ្ហានៅពេលនេះគឺខ្ញុំនឹងធ្វើអ្វីទាំងអស់ដែលខ្ញុំអាចធ្វើបានដើម្បីកុំឱ្យលោក Trump ឈ្នះឆ្នោត។ ខ្ញុំយល់ថាលោក Trump ជាមហន្តរាយប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី»។
លោក Sanders នៅតែឃោសនាបោះឆ្នោតនិងនិយាយនៅក្នុងការជួបជុំអ្នកបោះឆ្នោតនៅទូទាំងប្រទេស ទោះណាជាកាលពីដើមខែមិថុនា លោកស្រី Clinton បានទទួលចំនួនប្រតិភូដែលលោកស្រីត្រូវការដើម្បីឱ្យក្លាយទៅជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យហើយក៏ដោយ។ លោកបានបដិសេធគំនិតដែលថា លោកគួរដកខ្លួនថយនៅមុនមហាសន្និបាតរបស់គណបក្ស។
លោក Sanders បានមានប្រសាសន៍ថា៖ «ហេតុដូចម្តេចបានជាខ្ញុំមិនចង់ធ្វើអ្វីដែលយើងអាចធ្វើបាននៅពេលខ្ញុំចង់ប្រយុទ្ធដើម្បីធ្វើឱ្យប្រាកដប្រជាថា យើងមានកម្មវិធីល្អបំផុតដែលយើងអាចមាន»។
លោកនិយាយទទូចថាវត្តមានរបស់លោកមានគោលដៅធ្វើឱ្យប្រជារាស្ត្រអាមេរិកាំងមានការទាក់ទិនជាមួយដំណើរការនយោបាយ៕