លោក Donald Trump ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានទទួលស្គាល់ថា លោកកំពុងតស៊ូដើម្បីឱ្យមានការគាំទ្រពីពួកមន្ត្រីនៃគណបក្សសាធារណរដ្ឋ ក៏ប៉ុន្តែកាលពីថ្ងៃអង្គារលោកបានសម្តែងកង្វល់តែបន្តិចបន្តួចប៉ុណ្ណោះអំពីការណ៍ដែលថា លោកបានអង្គាសប្រាក់បានតិចជាងលោកស្រី Hillary Clinton សម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី៨ ខែវិច្ឆិកា។
លោក Trump បាននិយាយប្រាប់កម្មវិធី «ថ្ងៃនេះ»របស់បណ្តាញទូរទស្សន៍អាមេរិកាំង NBC ថា «យើងមានគណបក្សមួយ។ ខ្ញុំចង់និយាយថាខ្ញុំមានបញ្ហាជាមួយមនុស្សខ្លះក្នុងគណបក្សសាធារណរដ្ឋច្រើនជាងជាមួយពួកប្រជាធិបតេយ្យពីព្រោះពួកគេមិនចង់គាំទ្រខ្ញុំ។ ពួកគេប្រហែលគាំទ្រខ្ញុំនៅពេលខាងមុខ។ និយាយដោយស្មោះត្រង់ទៅ ប្រសិនបើពួកគេមិនគាំទ្រខ្ញុំទេ ក៏មិនជាថ្វីដែរ។ ខ្ញុំអាចឈ្នះឆ្នោតតាមវិធីផ្សេងទៀត»។
មហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លាររូបនេះនិងធ្លាប់ជាអ្នករៀបចំកម្មវិធីជីវិតពិតតាមទូរទស្សន៍ បានស្ទង់វាយតម្លៃលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកតែប៉ុន្មានម៉ោងក្រោយពីមានរបាយការណ៍ថ្មីៗបង្ហាញថា ការឃោសនាបោះឆ្នោតរបស់លោកមានប្រាក់តែ១លាន៣សែនដុល្លារនៅដើមខែមិថុនា ចំណែកលោកស្រី Clinton មានប្រាក់រហូតដល់៤២លាន៥សែនដុល្លារ។
លោក Trump បាននិយាយប្រាប់កម្មវិធី Fox and Friends show នៃទូរទស្សន៍អាមេរិកាំង Fox ថា៖ «Hillary Clinton នឹងចំណាយប្រាក់មួយពាន់លានដុល្លារនៃប្រាក់របស់ Wall Street និងប្រាក់កាសមកពីភូមិភាគមជ្ឈឹមបូព៌ា។ ខ្ញុំអាចធ្វើផ្សេងពីនេះ ខ្ញុំអាចចំណាយប្រាក់របស់ខ្ញុំផ្ទាល់»។
លោកបាននិយាយយោងដល់យុទ្ធនាការឃោសនាបោះឆ្នោតដែលលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនលោកហើយលោកបានឈ្នះបេក្ខជនសាធារណរដ្ឋ១៦នាក់ទៀត។ លោកបានក្លាយជាឥស្សរជនដែលទំនងជានឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះនៅក្នុងមហាសន្និបាតជាតិរបស់បក្សនៅខែក្រោយ៕