កាលពីថ្ងៃសៅរ៍ឥស្សរជន១១នាក់ដែលប្រជែងគ្នាសម្រាប់តំណែងបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋស.រ.អ.បានជួបជុំគ្នានៅក្នុងរដ្ឋ Iowa នាផ្នែកកណ្តាលស.រ.អា ដើម្បីអំពាវនាវដល់ពួកសកម្មជនគណបក្សអំពីហេតុផលដែលពួកគេគួរទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សក្នុងឆ្នាំ២០១៦។
វេទិកានេះបានត្រូវឧបត្ថម្ភដោយគណបក្សសាធារណរដ្ឋនៃរដ្ឋ Iowa ហើយបានត្រូវគ្របដណ្តប់ដោយការពិភាក្សាគ្នាអំពីបញ្ហាប្រទេសអ៊ីរ៉ង់ សាសនាអ៊ីស្លាម និងចលាចលនៅក្នុងភូមិភាគមជ្ឈិមបូព៌ា ដោយមានបេក្ខជនមួយចំនួនបានអំពាវនាវឲ្យមានគោលជំហរម៉ឺងម៉ាត់ជាងមុនប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេរ៉ង់ និងឲ្យមានការវាយប្រហារច្រើនជាងមុនលើពួកបះបោររដ្ឋអ៊ីស្លាម។
ក្រុមបេក្ខជនទាំងនេះបានអំពាវនាវឲ្យមានវត្តមានអាមេរិកាំងខ្លាំង ជាងមុននៅក្នុងពិភពលោក ក៏ប៉ុន្តែពួកគេបានខ្វែងមតិគ្នាអំពីថាតើស.រ.អាគួរមានភាពតឹងរឹង បែបណាជាមួយពួកសត្រូវរបស់ខ្លួន។
ចម្លើយរបស់លោក Rick Santorum អតីតសមាជិកព្រឹទ្ធសភាស.រ.អាចំពោះសំណួរទាក់ទិននឹងប្រទេសអ៊ីរ៉ង់គឺថា «ដាក់គ្រាប់បែកឲ្យពេញកងយន្តហោះទម្លាក់គ្រាប់បែករបស់យើង ហើយទម្លាក់គ្រាប់បែកលើពួក Iran ឲ្យហិនហោចនិងធ្វើឲ្យពួកនេះមានស្ថានភាពដូចកាលពីសតវត្សរ៍ទី៧»។ ក៏ប៉ុន្តែលោក Rand Paul សមាជិកព្រឹទ្ធសភាស.រ.អាប្រចាំរដ្ឋ Kentucky ដែលជាអ្នកសាធារណរដ្ឋផ្នែកសេរី បានសាកសួរថាតើការចូលលុកលុយក្នុងប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ២០០៣ ជាការមានប្រយោជន៍ឬទេ ដោយពិចារណាអំពីការលេចឡើងខ្លាំងជាងមុននៃពួករដ្ឋអ៊ីស្លាម កាលពីពេលថ្មីៗនេះ។
ពួកសាធារណរដ្ឋឯទៀតៗបានបន្ទោសអំពីការលេចទ្បើងនៃពួករដ្ឋអ៊ីស្លាមទៅលើលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាខាងគណបក្សប្រជាធិបតេយ្យដែលមិនបានបន្សល់ទុកនូវកងកម្លាំងមួយនៅក្រោយសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការដកក្រុមទាហានអាមេរិកាំងនៅដំណាច់ឆ្នាំ២០១១។ បេក្ខជនមួយចំនួនក៏បានចោទប្រកាន់លោកអូបាម៉ាថា មិនបានគិតឲ្យបានហ្មត់ចត់អំពីការគម្រាមកំហែងរបស់ពួករដ្ឋអ៊ីស្លាមផងដែរ៕