សមាជិកបីនាក់នៃគណបក្សសាធារណរដ្ឋបានចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សរបស់ពួកគេក្នុងឆ្នាំ២០១៦។
លោកស្រី Carly Fiorina អតីតប្រធានប្រតិបត្តិខាងបច្ចេកវិជ្ជាបាននិយាយកាលពីថ្ងៃច័ន្ទថា លោកស្រីឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី ចំណែកឯលោក Ben Carson អតីតវេជ្ជបណ្ឌិតផ្នែកវះកាត់សរសៃប្រសាទបាននិយាយថា លោកក៏ចូលក្នុងការប្រកួតប្រជែងនេះដែរ។ បេក្ខជនម្នាក់ទៀតគឺលោក Mike Huckabee អតីតអភិបាលរដ្ឋ Akansas គ្រោងនឹងប្រកាសបេក្ខភាពរបស់លោកនៅថ្ងៃអង្គារនេះ។
លោកស្រី Fiorina ទំនងជាស្ត្រីសំខាន់តែម្នាក់គត់ដែលស្វះស្វែងឱ្យមានការតែងតាំងពីគណបក្សសាធារណរដ្ឋ ហើយលោក Carson ទំនងជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក តែម្នាក់គត់ដែរ។ បេក្ខជនទាំងពីរនាក់់នេះមិនដែលកាន់តំណែងដោយការជាប់ឆ្នោតកាលពីពេលមុនៗទេ ទោះណាជាលោកស្រី Fiorina បានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាសម្រាប់រដ្ឋ
California កាលពី៥ឆ្នាំមុនក៏ដោយ ហើយលោក Carson បានទាក់ទាញការយកចិត្តទុកដាក់របស់ពួកអភិរក្សនិយមដោយការវាយប្រហាររបស់លោកលើច្បាប់កែទម្រង់នៃការថែរក្សាសុខភាពជាតិរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក៏ដោយ។
លោកស្រី Fiorina ជាប្រធានប្រតិបត្តិនៃមហាក្រុមហ៊ុនបច្ចេកវិជ្ជា Hewlett-Packard ចំនួន៦ឆ្នាំ ក៏ប៉ុន្តែលោកស្រីបានត្រូវដកចេញពីតំណែងកាលពីឆ្នាំ២០០៥ នៅពេលមានចលាចលក្នុងក្រុមអភិបាលនៃក្រុមហ៊ុននេះ ហើយភាគហ៊ុនក៏ចុះថ្លៃថែមទៀតផង៕