លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកស្តីអំពីស្ថានការណ៍ប្រទេសជាតិ នៅយប់ថ្ងៃអង្គារនេះ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកប្រឈមមុខនឹងសភាថ្មីមួយ ដែលមានសមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋ ដែលជាគណបក្សប្រឆាំងជំទាស់នឹងការអំពាវនាវរបស់លោកឲ្យមានការយកពន្ធដារច្រើនជាងមុនពីពលរដ្ឋអាមេរិកាំងដែលមានធនធានច្រើនជាងគេ។
លោកអូបាម៉ា បានចាប់ផ្តើមឆ្នាំទី៧របស់លោកជាអ្នកដឹកនាំសហរដ្ឋអាមេរិកហើយលោកថ្លែងសុន្ទរកថាស្តីអំពីស្ថានការណ៍ប្រទេសជាតិមុនពេលលោកថ្លែងសុន្ទរកថានេះម្តងទៀតជាលើកចុងក្រោយក្នុងនាមជាប្រធានាធិបតី នៅឆ្នាំក្រោយ។ ការស្ទង់មតិសាធារណៈបង្ហាញឲ្យឃើញថា លោកអូបាម៉ា មានប្រជាប្រិយភាពច្រើនជាងមុននៅពេលដែលសេដ្ឋកិច្ចនៅតែបន្តរីកលូតលាស់តទៅទៀត។
ទោះណាជាមិនទាំងអស់ក៏ដោយ ក៏ប៉ុន្តែ អ្នកបោះឆ្នោតជាច្រើននាក់ បានគាំទ្រដល់ការដែលលោកប្រធានាធិបតីអូបាម៉ា បានធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញកាលពីពេលថ្មីៗនេះ ជាមួយប្រទេសគុយបា និងដល់កិច្ចខិតខំប្រឹងប្រែងអនុញ្ញាតិឲ្យពួកជនអន្តោប្រវេសន៍ខុសច្បាប់ រស់នៅនិងធ្វើការនៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ នេះគឺជាលើកដំបូងបង្អស់ក្នុងអណត្តិជាប្រធានាធិបតី ដែលប្រធានាធិបតីដែលមកពីគណបក្សប្រជាធិបតេយ្យ ប្រឈមមុខនឹងរដ្ឋសភាដែលមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋគ្រប់គ្រងទាំងសភា និងព្រឹទ្ធសភា ក្រោយពេលដែលគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោតពាក់កណ្តាលអណត្តិកាលពីខែវិច្ឆិកា។ សមាជិកសភានៃគណបក្សសាធារណរដ្ឋជាច្រើន កំពុងតែព្យាយាមច្រានចោលគោលនយោបាយរបស់លោក អូបាម៉ា ទាក់ទងនឹងទំនាក់ទំនងជាមួយប្រទេសគុយបា និងគោលនយោបាយអន្តោប្រវេសន៍ ខណៈដែលពួកគេកំពុងតែប្រឆាំងនឹងការធ្វើកំណែទម្រង់លើវិស័យសុខាភិបាលរយៈពេល៥ឆ្នាំរបស់លោក អូបាម៉ា។
លោក អូបាម៉ា នឹងស្នើឲ្យបង្កើនថ្លៃពន្ធដាលើប្រាក់ចំណូលដែលទទួលបានពីការលក់ទ្រព្យសម្បត្តិ ដូចជាភាគហ៊ុន កិច្ចសន្យា និងអចលនទ្រព្យ ដើម្បីបញ្ចប់ការបែកចែកថ្លៃបង់ពន្ធដាសម្រាប់អ្នកដែលនឹងទទួលទ្រព្យសម្បត្តិ ដែលអាចមានតម្លៃរាប់លានដុល្លារ និងដើម្បីកំណត់តម្លៃបង់ពន្ធដាសម្រាប់ក្រុមហ៊ុនហរិញ្ញវត្ថុធំៗរបស់អាមេរិក។ លោកប្រធានាធិបតីចង់ប្រើប្រាស់ប្រាក់ចំណូលពីពន្ធដា ដែលមានទឹកប្រាក់ប្រមាណ៣២០ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ ដើម្បីធ្វើឲ្យការបែងចែកថ្លៃបង់ពន្ធដាមានតុល្យភាព សម្រាប់ប្រជាពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលមធ្យម និងដើម្បីឲ្យនិស្សិតមហាវិទ្យាល័យចូលរៀនដោយមិនបង់ថ្លៃ។
កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈដែលលោក អូបាម៉ា បានប្រកាសសំណើរបស់លោក ពួកសាធារណរដ្ឋបានវាយប្រហារមកលើសំណើទាំងនោះ ដោយនិយាយថា សំណើទាំងនោះត្រូវការចំណាយថវិកាច្រើន។ សមាជិកសភាពីគណបក្សសាធារណរដ្ឋ អះអាងថា ការបង់ពន្ធថ្លៃ អាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ដែលជាសេដ្ឋកិច្ចនាំមុខក្នុងពិភពលោក។
រដ្ឋសភាទំនងជាមិនទទួលយកគម្រោងពន្ធដារបស់លោក អូបាម៉ា ប៉ុន្តែតាមរយៈសំណើនេះ លោក អូបាម៉ា អាចនឹងបង្កើតជាការតស៊ូមតិដ៏ធំមួយនៅសហរដ្ឋអាមេរិក មុនការឈានមកដល់នៃការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិថ្មី ដើម្បីជ្រើសរើសអ្នកដែលនឹងឡើងកាន់តំណែងជំនួសលោក។
សម្រាប់ខ្លួនលោកវិញ លោកអូបាម៉ាបានប្តេជ្ញាថា នឹងជំទាស់គោលនយោបាយអាទិភាពមួយចំនួនរបស់គណបក្សសាធារណរដ្ឋ រួមមាន ការអនុម័តបំពង់បង្ហូរប្រេងដ៏ចម្រូងចម្រាសពីប្រទេសកាណាដាទៅភាគកណ្តាលសហរដ្ឋអាមេរិក និងការផ្លាស់ប្តូរដើម្បីច្បាប់កំណែទម្រង់ថែទាំសុខភាពមានភាពទន់ខ្សោយ និងបន្ថយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនៅ Wall Street។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពលរដ្ឋអាមេរិកាំងដែលចំណាយពេលទស្សនាការថ្លែងសុន្ទរកថាប្រចាំឆ្នាំស្តីអំពីស្ថានការណ៍ប្រទេសជាតិតាមទូរទស្សន៍ មានចំនួនតិចជាងមុន មិនថាអ្នកណាជាប្រធានាធិបតីនោះទេ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានមនុស្សជាង៣០លាននាក់ អាចនឹងមើលទូរទស្សន៍នៅយប់ថ្ងៃអង្គារនេះ ដែលអាចជាចំនួនអ្នកទស្សនាច្រើនបំផុត សម្រាប់លោកអូបាម៉ា មុនការថ្លែងសុន្ទរកថា ជាលើកចុងក្រោយក្នុងនាមជាប្រធានាធិបតី នៅឆ្នាំក្រោយ។
ការស្ទង់មតិសាធារណៈដែលធ្វើឡើងរួមគ្នាដោយកាសែត Washington Post និងបណ្តាញទូរទស្សន៍ ABC News បង្ហាញថា លោកអូបាម៉ា បានទទួលការគាំទ្រ៥០ភាគរយ ដែលបានកើនចំនួន ៩ភាគរយ ចាប់តាំងពីខែធ្នូ៕